ម្តាយ​ចិត្ត​ឫស្សា​វាយ​ដុំ​ច្រំ​ធាក់​កូន​អាយុ​១​ខែ​របស់ខ្លួន​មុនពេល​ទុកចោល​ឲ្យ​នៅ​ម្នាក់ឯង​រួច​ចេញទៅ​ណាត់ជួប​ប្រុស​ស្នេហ៍​

ព័ត៌មានអន្តរជាតិ
0
345
​ ទារក​ទើបនឹង​កើត​ដ៏​គួរ​ខ្មោច​ចិត្ត​ម្នាក់ ត្រូវបាន​ម្តាយ​ចិត្តខ្មៅ​ឫស្សា​ដែលជា​ស្រី​ស្ទាវ​របស់គេ វាយ​ធ្វើ​ដុំ​ច្រំ​ធាក់ និង​ទុកចោល​ឲ្យ​នៅ​ម្នាក់ឯង មុនពេល​ដែល​នាង​ចេញទៅ​ណាត់ជួប​ជាមួយ​ប្រុស​ឈ្មោល​នោះ​។​ ​ក្មេងប្រុស​កំសត់ Mykyta ដែល​ទើប​តែមាន​អាយុ​១​ខែ​នោះ ត្រូវបាន​គេ​ប្រទះឃើញ​ភ្នែក​ឡើង​ពណ៌​ខ្មៅ និង​ពណ៌​ខៀវ ស្ទើ​ស្លាប់​ស្ទើរ​រស់នៅក្នុង​បន្ទប់​ជួល​ស្ថិតនៅ​ទីក្រុង Rivne នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ក្រុម​សាក្សី បាន​និយាយថា អ្នកជិតខាង​ម្នាក់ ដែល​ប្រទះឃើញ​ក្មេងប្រុស​នេះ បាន​សន្លប់​បាត់ស្មារតី ក្រោយពេល​ឃើញ​ស្ថានភាព​ដ៏​គួរ​ឲ្យ​រន្ធ​ត​របស់គេ​។​ ​យោងតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ទារក Mykyta និង​ម្តាយ​អាយុ​១៩​ឆ្នាំ​របស់គេ រស់នៅ​ជាមួយគ្នា​ក្នុង​ក្នុង​បន្ទប់​ផ្ទះជួល​។​ ​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​១៥ ម្តាយ​ចិត្ត​ឫស្សា​ម្នាក់នេះ ដែល​មិន​ត្រូវបាន​គេ​ប្រាប់​ឈ្មោះ បាន​ទុក​កូនតូច​របស់​នាង​ចោល​ឲ្យ​នៅ​ម្នាក់ឯង ហើយ​ក៏បាន​ចេញទៅ​ណាត់​ជួប​ជាមួយ​ប្រុស​ស្នេហ៍​របស់​នាង​។​ ​នាង​បាន​ចេញទៅ​បាត់​ពេញ​មួយថ្ងៃ​តែម្តង​ហើយ​អ្នកជិតខាង​ដែល​ដឹងថា ទារក Mykyta នៅ​ម្នាក់ឯង​នៅ​បន្ទប់​ជួល កើតក្តី​ព្រួយបារម្ភ ក៏បាន​សម្រេចចិត្ត​ទៅ​មើល​គេ​។​ ​អ្នកស្រី Tetiana Prymak ដែលជា​ស្ត្រី​ម្នាក់​រស់នៅ​ជាប់​គ្នា បាន​និយាយប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពេលដែល​យើង​ចូលទៅក្នុង​បន្ទប់ យើង​បានឃើញ​ទារក​នៅក្នុង​កូន​គ្រែ​របស់គេ​។​ ​ភ្នែក​ស្តាំ​របស់គេ​ឡើង​ខ្មៅ ហើយ​ច្រមុះ​ដាប​ដោយ​ឈាមកក ហើយ​ស្ទើរតែ​មិនអាច​ដកដង្ហើម​បាន​ទៅហើយ​។​ ​អ្នកស្រី​បន្តទៀតថា យើង​ក៏​ចាប់​ផ្លាស់​សម្លៀកបំពាក់​ឲ្យ​ក្មេងប្រុស​ម្នាក់នេះ ហើយ​និង​ឃើញ​ស្នាម​ជាំ​ពេញ​ដងខ្លួន ។ ចំណែកឯ​ស្ត្រី​ម្នាក់​ដែល​បាន​ចូលទៅ​មើល​ក្នុង​បន្ទប់​ដែរនោះ បាន​សន្លប់​ក្រោយពេល​ឃើញ​ស្ថានភាព​ដ៏​គួរ​រន្ធត់​តក់ស្លុត​បែបនេះ​។​ ​អ្នកជិតខាង​ក៏បាន​ទូរស័ព្ទ​ហៅ​ឡានពេទ្យ និង​ក្រុមនគរបាល​។ ក្មេងប្រុស Mykyta ត្រូវបាន​ប្រញាប់ប្រញាល់​ទៅ​សង្គ្រោះបន្ទាន់ ជា​កន្លែង​ដែល​រូបគេ​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ហើយ​ក្រុម​វេជ្ជបណ្ឌិត បាន​នឹង​កំពុង​ព្យាយាម​ជួយសង្គ្រោះ​អាយុជីវិត​របស់គេ​។​ ​ក្រុមគ្រូពេទ្យ ស្មានថា​ក្មេងប្រុស​ម្នាក់នេះ អាច​នឹង​ស្រាំ​លលា​ដ៏​ក្បាល ប៉ុន្តែ​ពួកគេ​មិនទាន់​អាច​ពិនិត្យ​គេ​ឥឡូវនេះ បានទេ ដោយសារ​គិតពី​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់គេ​ជាមុនសិន​។​ ​នារី​ជា​ម្តាយ បាន​វិលត្រឡប់​មកកាន់​បន្ទប់​ផ្ទះជួល​វិញ​នៅ​ព្រឹក​មិញ​នេះ ហើយ​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​ប៉ុស្តិ៍​នរគ​បាល​ដើម្បី​សួរចម្លើយ​។​ ​លោក Anton Kruk គឺជា​អ្នកនាំពាក្យ​ក្រុមនគរបាល​បាន​និយាយថា នារី​ជា​ម្តាយ​បាន​ឆ្លើយ​សារភាពថា នាង​ខឹង​ខ្លាំង​ដោយសារតែ​កូន​របស់​នាង​យប់​អត់​ឈប់​សោះ​។ នាង​ក៏បាន​ទុក​កូន​ចោល​ឲ្យ​នៅ​ម្នាក់​ហើយក៏​ចេញទៅ​ណាត់ជួប​ជាមួយ​ប្រុស​ស្នេហ៍​របស់​នាង​។​ ​ដោយឡែក ឪពុក​របស់​ក្មេងប្រុស​កំសត់​ម្នាក់នេះ ដែលមាន​អាយុ​២៧​ឆ្នាំ ក៏​មិនបាន​ចាប់អារម្មណ៍​នឹង​ជោគវាសនា​របស់​កូន​របស់ខ្លួន​នោះដែរ​៕​