រញ្ជួយ​ដី​កម្រិត​ជាង​៧​រ៉ិ​ច​ទ័​រ វាយប្រហារ​តំបន់​ភាគ​ខាងជើង ប្រទេស​ហ្វីលីពីន​

ព័ត៌មានអន្តរជាតិ
0
184
រដ្ឋធានី​ម៉ានីល​៖ គ្រោះធម្មជាតិ​រញ្ជួយ​ដី មាន​កម្រិត​ជាង​៧​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​យ៉ាងខ្លាំង ទៅលើ​តំបន់​ភាគ​ខាងជើង ប្រទេស​ហ្វីលីពីន ហើយ​វា​បាន​រញ្ជួយ ដល់​រដ្ឋធានី​ម៉ានីល​។​

​សារព័ត៌មាន Phillipine News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៧ ខែកក្កដា ថា ការរញ្ជួយ​ដី​នេះ មាន​កម្រិត ជាង​៧​រ៉ិ​ច​ទ័​រ ហើយ​ចំណុចកណ្តាល​របស់​វា ស្ថិតនៅ​ខេត្ត​អា​ប្រា (Abra) នា​ភាគ​ខាងជើង ប្រទេស​ហ្វីលីពីន​។ គ្រោះធម្មជាតិ​នេះ បានធ្វើ​ឲ្យ​រំ​ញ័រ​ដល់​តំបន់​ជាច្រើន ដែលមាន​ចម្ងាយ​៤០០​គីឡូម៉ែត្រ រហូតដល់​រដ្ឋធានី​ម៉ានីល​។​


​ទីភ្នាក់ងារ​វាស់​ស្ទង់​ភូមិវិទ្យា​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់ USGS បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ មាន​កម្រិត ៧,១​រ៉ិ​ច​ទ័​រ ហើយ​វា​បានកើត​ឡើង នៅវេលា​ម៉ោង​៨ និង ៤៣​នាទី​ព្រឹក ថ្ងៃ​ពុធ ដោយបាន​វាយប្រហារ ទៅលើ​តំបន់ភ្នំ ស្ថិតក្នុង​ខេត្ត​អា​ប្រា និង តំបន់​មាន​មនុស្ស​រស់នៅ​តិច នៃ​កោះ​លូ​ហ្សូ​ន (Luzon) នា​ភាគ​ខាងជើង ប្រទេស​ហ្វីលីពីន​។ គ្រោះធម្មជាតិ​នេះ បាន​រំ​ញ័រ​ដល់​តំបន់​ជាច្រើន រួមមាន ទាំង​រដ្ឋធានី​ម៉ានីល ផងដែរ​។​

​ទីភ្នាក់ងារ​វាស់​ស្ទង់​ភូមិវិទ្យា​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​នេះ មាន​ជម្រៅ​រញ្ជួយ ១០​គីឡូម៉ែត្រ​។ រីឯ​ចំណុចកណ្ដាល​របស់​វា ស្ថិតនៅ​ចម្ងាយ​ប្រហែល ១១​គីឡូម៉ែត្រ ពី​ភាគ​អាគ្នេយ៍ នៃ​ទីក្រុង ដូ​ឡូ​រែស (Dolores) ស្ថិតក្នុង​ខេត្ត​អា​ប្រា (Abra)​។​
​ដោយឡែក អាជ្ញាធរ​ហ្វីលីពីន មិនទាន់បាន​រាយការណ៍​ភ្លាមៗ អំពី​ទំហំ​ខូចខាត និង ចំ​នួ​មនុស្ស​រងគ្រោះថ្នាក់ នៅឡើយ​៕​