អាជ្ញាធរ​រុស្ស៊ី នៅតែ​ស៊ើបការណ៍​លើ​ករណី​ថៅកែ​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ ដឹកនាំ​ការបះបោរ​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​មូ​ស្គូ​៖ ថ្វីបើ​ចលនា​បះបោរ​របស់​កម្លាំង​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ ត្រូវបាន​ដោះស្រាយ​ឲ្យ​ធូរស្រាល​ទៅវិញ ដោយ​មិន​មានការ​បង្ហូរឈាម ក្រោម​ការសម្របសម្រួល​ពី​ប្រធានាធិបតី​បេឡា​រុស លោក អា​ឡិ​កសាន​ដឺរ លូ​កា​សេន​កូ ជាមួយនឹង​ការទម្លាក់​ចោល​នូវ​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ ប្រឆាំងនឹង​ក្រុម​បះបោរ​យ៉ាងណាក្ដី ប៉ុន្ដែ​អាជ្ញាធរ​រុស្ស៊ី នៅតែ​ស៊ើបអង្កេត លើ​ករណីនេះ​ដដែល​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រាត្រី ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ថា លោក ដា​នី​យ៉ែ​ល ហ័​រ​គីន (Daniel Hawkins) ជា​អ្នកកាសែត​មួយរូប នៅក្នុង​ទីក្រុង​មូ​ស្គូ បាន​អះអាង ថា លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ស្ថាបនិក​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner នៅតែ​ស្ថិតក្រោម​ការស៊ើបអង្កេត ពី​អាជ្ញាធរ​ក្រុង​មូ​ស្គូ ជុំវិញ​ករណី​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​បះបោរ​របស់គាត់​។​

​លោក Daniel Hawkins បាន​បន្ថែម ថា «​ដំបូង​ឡើយ លោក​ប្រធានាធិបតី ពូ​ទីន បានបញ្ជាក់ ថា រាល់​ការចោទប្រកាន់​ទាំងអស់ នឹងត្រូវ​ទម្លាក់ចោល ប៉ុន្ដែ​សំណុំរឿង​ទាំងនេះ ហាក់បីដូចជា​កំពុងតែ​ស្ថិតនៅលើ​តុ​ជាថ្មី​បន្ដទៀត​។ បញ្ហា​ជាច្រើន នឹង​អាស្រ័យ​លើ​ការឆ្លើយតប​របស់​វិមាន​ក្រឹម​ឡាំង ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​ពូ​ទីន​»​។​

​ដោយឡែក លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន បានបញ្ជាក់ នៅក្នុង​ការធ្វើ​អត្ថាធិប្បាយ​របស់គាត់ ក្រោយ​ការបះបោរ កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ថា «​ប្រសិនបើ​សកម្មភាព​យោធា​របស់​រុស្ស៊ី នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ត្រូវបាន​អនុវត្ដ​ឡើង ដោយ​កម្លាំង​មានការ​ហ្វឹកហ្វឺន​ដ៏​ត្រឹមត្រូវ​របស់ Wagner សម្រាប់​ប្រតិ​ប​ត្ដិ​ការ​យោធា​ពិសេស​នោះ អាច​នឹងត្រូវ​បញ្ចប់ ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ​»​។​

​លោក​ថៅកែ​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ ថា Wagner ដង្ហែ​ក្បួនទ័ព នៅ​ចុង​សប្ដាហ៍​នេះ ទៅកាន់​រដ្ឋធានី​មូ​ស្គូ ដើម្បី​បង្ហាញ អំពី​ការព្រួយបារម្ភ​ជាច្រើន លើ​បញ្ហា​សន្ដិសុខ នៅ​ទូទាំងប្រទេស​រុស្ស៊ី​។​

​ដោយឡែក លោក ជេ​ម​ស៍ ក្លេ​វើ​រលី (James Cleverly) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស បាន​ថ្លែង​ទៅកាន់​រដ្ឋសភា​របស់​អង់គ្លេស ថា ថ្វីបើ​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner របស់​រុស្ស៊ី ដឹកនាំ​ដោយ​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ មិន​ទទួលបាន​ជោគជ័យ​យ៉ាងណាក្ដី ប៉ុន្ដែ​សកម្មភាព​បែបនេះ បានបង្ហាញ​អំពី​ការប្រឈមមុខ​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin)​។ ករណីនេះ បញ្ជាក់​យ៉ាងច្បាស់​ណាស់ ថា ការប្រឆាំង​កំពុងតែ​លេចឡើង នៅក្នុង​ការគាំទ្រ​របស់​រុស្ស៊ី សម្រាប់​សង្គ្រាម​»​។​

​បើទោះជា​យ៉ាងណា វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃអាទិត្យ បាន​ថ្លែង ថា កម្លាំង​ទាហាន Wagner អាច​នឹង​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រសួងការពារជាតិ​រុស្ស៊ី ក្រោយ​ពួកគេ​វិលត្រឡប់​ទៅកាន់​បន្ទាយ​របស់​ពួកគេ​វិញ​។​

​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RIA Novosti បាន​រាយការណ៍ ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​ពិភាក្សា​តាម​ទូរស័ព្ទ ជាមួយនឹង​អធិរាជ នៃ​ប្រទេស​កាតារ ព្រះអង្គម្ចាស់ សេក តា​មី​ម ប៊ិន ហា​ម៉ា​ដ អាល់ ថា​នី (Sheikh Tamim bin Hamad Al Thani)​ដែល​គាំទ្រ​ចំពោះ​វិមាន​ក្រឹម​ឡាំង ទាក់ទង​នឹង​ការបះបោរ​របស់ Wagner កាលពី​ថ្ងៃ​សៅរ៍​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​រុស្ស៊ី Interfax ក៏បាន​រាយការណ៍​ផងដែរ ថា លោក ពូ​ទីន បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី (Ebrahim Raisi) បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការដឹកនាំ​របស់​រុស្ស៊ី​។​