រុស្ស៊ី និង អ៊ុយ​ក្រែ​ន ទម្លាក់កំហុស​ដាក់គ្នា ជុំវិញ​ការ​វាយ​.​ប្រ​.​ហារ ស​.​ម្លា​ប់​អ្នកទោស​សង្គ្រាម​

ព័ត៌មានអន្តរជាតិ
0
95
រដ្ឋធានី​គៀវ​៖ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ បានចាប់ផ្ដើម​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក ចាប់តាំងពី​មានការ​វាយប្រហារ ដោយ​មី​ស៊ី​ល ទៅលើ​ពន្ធនាគារ ឃុំឃាំង​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) គ្រប់គ្រង ដោយ​រុស្ស៊ី បានសម្លាប់​មនុស្ស យ៉ាងតិច​៤០​នាក់ និង រងរបួស ប្រហែល​៧០​នាក់ ហើយ​នៅពេលនេះ អង្គការ​កាកបាទក្រហម អន្ដរជាតិ កំពុងតែ​ស្វះស្វែង ចូលទៅ​កាន់​កន្លែង​ទីនោះ ដើម្បី​ស្វែងរក​ការពិត ហើយ​ទាមទារ​ឲ្យ​ជម្លៀស​អ្នករងរបួស​ចេញ​។​


​សារព័ត៌មាន SBS បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែកក្កដា ថា គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្ដរជាតិ ហៅ​កាត់ ICRC បានបញ្ជាក់ ថា អង្គការ​មួយ​នេះ កំពុងតែ​ស្វះ​ស្វែងរក​ការចូល ទៅកាន់​ទីតាំង នៃ​ការវាយប្រហារ​ដ៏​សាហាវ ទៅលើ​មន្ទីរឃុំឃាំង​ឈ្លើយសឹក​របស់​អ៊ុយ​ក្រែ​ន ហើយ​ខ្លួន​បាន​ជំរុញ​ឲ្យ​មានការ​ជម្លៀស​អ្នករងរបួស ចេញពី​ទីនោះ​ផងដែរ​។​

​អ្នកទោស​អ៊ុយ​ក្រែ​ន រាប់សិប​នាក់ ដែល​កម្លាំង​ទាហាន​រុស្ស៊ី ចាប់​ទៅ​ឃុំឃាំង ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ ដោយ​មី​ស៊ី​ល កាលពី​ថ្ងៃ​សុក្រ ទៅលើ​អគារ​ពន្ធនាគារ​មួយកន្លែង នៅក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) ។ ប៉ុន្ដែ​ទាំង​ក្រុង​ម៉ូស្គូ និង ក្រុង​គៀវ (Kyiv) បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ជុំវិញ​ការទទួលខុសត្រូវ លើ​ការវាយប្រហារ​សម្លាប់​អ្នកទោស​ទាំងនេះ​។​


​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្ដរជាតិ ហៅ​កាត់ ICRC បានបញ្ជាក់ នៅក្នុង​សេចក្ដី​ថ្លែ​ការណ៍​មួយ ថា « ICRC បាន​ផ្តល់នូវ​កិច្ច​គាំទ្រ​របស់ខ្លួន នៅក្នុង​ការជម្លៀស​អ្នករបួស និង​បរិច្ចាគ​នូវ​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ ឧបករណ៍​ការពារ និង សម្ភារ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។ រីឯ​អាទិភាព​របស់​យើង នាពេលនេះ ដើម្បី​ធ្វើឱ្យ​ប្រាកដថា អ្នករងរបួស​ត្រូវតែ​ទទួលបាន​នូវ​ការព្យាបាល និង សង្គ្រោះ​ជីវិត​របស់​ពួកគេ​។ ដោយឡែក សាកសព​របស់​អ្នក​បាត់បង់​ជីវិត ក៏​ត្រូវតែ​ដោះស្រាយ ដោយ​ភាពថ្លៃថ្នូរ​ផងដែរ​»​។​

​អង្គការ​កាកបាទក្រហម បាន​សង្កត់ធ្ងន់ថា «​យើង​បានស្នើ​សុំចូល​ទៅកាន់​មន្ទីរឃុំឃាំង​នោះ ដើម្បី​កំណត់​មើល ពី​សុខភាព និង ស្ថានភាព​របស់​មនុស្ស​ទាំងអស់ ដែលមាន​វត្តមាន នៅក្នុង​កន្លែង ដែល​រង​ការវាយប្រហារ ។ យើង​ក៏​កំពុងតែ​ទាក់ទង​កាន់​ក្រុមគ្រួសារ​របស់​ពួកគេ ដោយ​ទទួលយក​សំណើ និង ការសាកសួរ ពី​ពួកគេ​»​។​


​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បញ្ជាក់ថា អ្នកទោស ចំនួន​៤០​នាក់ ត្រូវបាន​សម្លាប់ និង ៧៥​នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ការវាយប្រហារ ទៅលើ​ពន្ធនាគារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សមរភូមិ ទីក្រុង​អូ​ឡែ​នី​វ​កា (Olenivka) ដែលជា​ផ្នែក​មួយ នៃ​ខេត្ត​ដូ​ណែ​ត​ស្ក៍ គ្រប់គ្រង ដោយ​ក្រុម​បំបែក​ខ្លួន គាំទ្រ​ដោយ​រុស្ស៊ី​។​

​អ្នកនាំពាក្យ ក្រុម​បំបែក​ខ្លួន បាន​អះអាងថា ចំនួន​អ្នក​បាត់បង់​ជីវិត បាន​កើនឡើង ដល់​៥៣​នាក់ ហើយ​ក្រុម​នេះ បាន​ចោទប្រកាន់​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ ដែល​កំណត់​គោលដៅ​វាយប្រហារ ដោយ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​នាំ​ផ្លូវ HIMARS ផលិត​នៅ​សហរដ្ឋអាមេរិក​។​

​ក្រសួងការពារជាតិ​រុស្សី បាន​អះអាងថា ពន្ធនាគារ​ដែល​រង​នូវ​ការវាយប្រហារ​នោះ បានដាក់​ឈ្លើយសឹក​របស់​អ៊ុយ​ក្រែ​ន ហើយ​មាន​បុគ្គលិក​ពន្ធនាគារ ចំនួន​៨​នាក់ ក៏បាន​រងរបួស​ផងដែរ​។ មេដឹកនាំ​ផ្តាច់ខ្លួន គាំទ្រ​ដោយ​រុស្ស៊ី លោក ដែ​នី​ស ភូ​ស៊ី​លីន (Denis Pushilin) ត្រូវបាន​ដកស្រង់​សម្តី យកមក​បញ្ជាក់ថា នៅក្នុង​ចំណោម​អ្នកជាប់ឃុំឃាំង ចំនួន​១៩៣​នាក់​នោះ មិនមាន​ជនបរទេស​ណា​ម្នាក់​នោះឡើយ​៕​