មន្ដ្រីជាន់ខ្ពស់​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន ប្រាប់​ពី​ការ​បំផ្ទុះ​ស្ពាន ត​ភ្ជាប់​ទៅកាន់​ឧបទ្វីប​គ្រី​មៀ​

ព័ត៌មានអន្តរជាតិ
0
0



​រដ្ឋធានី​កៀវ​៖ ស្ពាន​ត​ភ្ជាប់​ពី​ឧបទ្វីប​គ្រី​មៀ ទៅកាន់​ដីគោក​របស់​ប្រទេស​រុស្ស៊ី ក្លាយជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​កម្លាំង​ទាហាន និង ការដឹកជញ្ជូន​អាវុធយុទ្ធភណ្ឌ​សំខាន់ៗ នៅក្នុង​សង្គ្រាម​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ស្ពាន​នេះ បាន​រង​ការវាយប្រហារ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ ហើយ​ទើបតែ​ពេលនេះ មន្ដ្រីជាន់ខ្ពស់​ក្រុង​កៀវ បាន​អះអាង អំពី​ឧបទ្ទវហេតុ​វាយប្រហារ ទៅលើ​ស្ពាន​នោះ​។​

​សារព័ត៌មាន​របស់​អូស្ដ្រាលី 9 News (​ណា​ញ​ញូ​ស​) បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ថា លោកស្រី ហាន​ណា ម៉ាលី​យ៉ា (Hanna Maliar) អនុរដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បញ្ចេញ​នូវ​អ្វី​ហាក់បីដូចជា​ការទទួល​ស្គាល់​យ៉ាងច្បាស់​បំផុត ថា កងកម្លាំង​អ៊ុយ​ក្រែ​ន បានទទួល​ខុសត្រូវ ចំពោះ​ការវាយប្រហារ កាលពី​ខែតុលា ឆ្នាំ​២០២២ ទៅលើ​ស្ពាន​ត​ភ្ជាប់​ពី​ដីគោក​របស់​រុស្ស៊ី មកកាន់​ឧបទ្វីប​គ្រី​មៀ ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បាន​គ្រប់គ្រង ចាប់តាំងពី​ការដណ្តើម​កាន់កាប់​ឧបទ្វីប​មួយ​នេះ នៅក្នុង​អំឡុង​ឆ្នាំ​២០១៤ រហូតមក​។​

​លោកស្រី អនុរដ្ឋមន្ដ្រី បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា «​លោកស្រី បាន​ចុះបញ្ជី​សមិទ្ធផល​របស់​អ៊ុយ​ក្រែ​ន ចំនួន​១២ ចាប់តាំងពី​ការចាប់ផ្តើម​វាយ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី កាលពី​៥០០​ថ្ងៃមុន​។ ប៉ុន្ដែ​កាលពី​២៧៣​ថ្ងៃ​មុននេះ យើង​បាន​វាយប្រហារ​ជា​លើកដំបូង ទៅលើ​ស្ពាន​គ្រី​មៀ សម្រាប់​រារាំង​ដល់​ការដឹកជញ្ជូន​របស់​ក្រុង​មូ​ស្គូ សម្រាប់​ផ្គត់ផ្គង់​ដល់​ទាហាន​រុស្ស៊ី ដែល​កំពុងតែ​ឈ្លានពាន នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​»​។​

​សារ​នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ដដែល​នោះ ក៏បាន​បញ្ជាក់ អំពី​ការវាយប្រហារ​ទៅលើ​នាវាចម្បាំង​ដ៏​ទំនើប​បំផុត​របស់​រុស្ស៊ី Moskva កាលពី​៤៥១​ថ្ងៃមុន និង ការរំដោះ​កោះពស់ កាលពី​៣៧៣​ថ្ងៃមុន​។​

​ការវាយប្រហារ​លើ​ស្ពាន Kerch (​ឃើ​ច​) ឬ ស្ពាន​គ្រី​មៀ មិន​ត្រឹមតែ​បង្ក​នូវ​ការរំខាន ដល់​ការដឹកជញ្ជូន​ដ៏​សំខាន់ ពី​ដីគោក​របស់​រុស្ស៊ី មកកាន់​ឧបទ្វីប​គ្រី​មៀ សម្រាប់​បម្រើ​សកម្មភាព​ដល់​ការវាយលុក​របស់​ទាហាន​រុស្ស៊ី នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ធ្វើឱ្យ​ប៉ះទង្គិច​ផ្លូវចិត្ត សម្រាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ហើយ​វា​ក្លាយជា​ការឃោសនា​ដ៏​ធំ សម្រាប់​ក្រុង​កៀវ ផងដែរ​។ ការវាយប្រហារ​នេះ បានកើត​ឡើង ត្រឹមតែ​រយៈពេល​១​ថ្ងៃ នៃ​ខួបកំណើត​៧០​ឆ្នាំ​របស់លោក​ប្រធានាធិបតី ពូ​ទីន ហើយ​ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​វីដេអូ ចំអក​ឲ្យ ថា រីករាយ​ថ្ងៃកំណើត​របស់លោក​ប្រធានាធិបតី​។​

​ការ​បង្ហោះ​សារ​របស់​លោកស្រី​អនុ​រដ្ឋមន្ដ្រីក្រសួង​ការពារ​ជិត​អ៊ុយ​ក្រែ​ន នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី និង ក្រុមមន្ដ្រី​ក្រុង​មូ​ស្គូ ខណៈ​លោកស្រី ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងការបរទេស​រុស្ស៊ី បាន​ហៅ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ជា​របប​ភេរ​វករ​៕