ប្រធានសភាសហរដ្ឋអាមេរិកមិនខ្វល់ការគំរាមរបស់ចិននៅតែធ្វើដំណើរទៅកោះតៃវ៉ាន់

ព័ត៌មានអន្តរជាតិ
0
155
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រុង​ប៉េកាំង ព្រមាន​កាន់តែខ្លាំង​ឡើង ដល់​លោកស្រី ប្រធានសភា​សហរដ្ឋ​អាម​រិ​ក ខណៈ​លោកស្រី​កំពុងតែ​ធ្វើដំណើរ​មក​បំពេញ​ទស្សនកិច្ច នៅតាម​បណ្ដា​ប្រទេស​ជាច្រើន នៅក្នុង​តំបន់​អាស៊ី ហើយ​ការវិវឌ្ឍ​ស្ថានការណ៍​នយោបាយ​ពិភពលោក នាបច្ចុប្បន្ន រវាង​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន កាន់តែ​តានតឹង​ឡើង​។

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២ ខែសីហា ថា ចិន​បាន​អះអាងថា យោធា​របស់ខ្លួន នឹងមិន «​អង្គុយ​នៅ​ស្ងៀម​នោះទេ​» ប្រសិនបើ​ប្រធានសភា​តំណាងរាស្ត្រ​អាមេរិក លោកស្រី Nancy Pelosi ទៅ​បំពេញ​ទស្សនា នៅលើ​កោះ​តៃវ៉ាន់ ដែលជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ហើយ​ត្រូវ​បានទាមទារ​ដោយ​ក្រុង​ប៉េកាំង​។​


​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាម​រិ​ក បាន​ព្រមាន​ថា ចិន​អាច​នឹង​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាម​រិ​ក ធ្វើដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ ជាមួយនឹង​ការបង្ក​ហេតុ​ខាង​យោធា​។​

​លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​អះអាងថា ការបង្ក​ហេតុ​ខាង​យោធា​នេះ អាច​រាប់បញ្ចូល​ទាំង​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់ នៅ​ជិត​កោះ​តៃវ៉ាន ឬក៏​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ តាមផ្លូវ​អាកាស ឬ​ផ្លូវទឹក​។​


​បណ្ដ​ញ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់ និង សហរដ្ឋអាមេរិក បាន​ផ្សាយ​ថា លោកស្រី Pelosi ប្រធានសភា​សហរដ្ឋអាមេរិក កំពុងតែ​ធ្វើដំណើរ មក​បំពេញ​ទស្សនកិច្ច នៅក្នុង​ទ្វីបអាស៊ី​។ លោក​ស្រឹ​មាន​គោលបំណង ទៅកាន់​ទីក្រុង​តៃប៉ិ (Taipei) ។ ប៉ុន្ដែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនបាន​បញ្ជាក់ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ទៅកាន់​កោះ​តៃវ៉ាន់​នោះឡើយ​។​

​តៃវ៉ាន់ ជា​ដែន​កោះ​មួយ គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​លទ្ធិប្រជាធិបតេយ្យ ខណៈ​ក្រុង​ប៉េកាំង តែងតែ​អះអាង ជា​អាណាខេត្ត​មួយ​របស់ខ្លួន មិនអាច​កាត់ផ្ដាច់​ចេញ​ពី​ចិន​បានឡើយ​។ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច ទៅកាន់​តៃវ៉ាន់​នោះ ចិន​ក៏បាន​ព្រមាន អំពី​ផលវិបាក​នានា អាច​នឹង​កើតឡើង ប្រសិនបើ​លោកស្រី Pelosi ធ្វើដំណើរ​ទៅកាន់​ដែន​កោះ​មួយ​នេះ​។​


​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បាន​រាយការណ៍​ថា លោក ហ្សា​ង ជុន (Zhang Jun) ប្រេសិត​របស់​ចិន ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាំ​តិ កាលពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង រវាង​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន​។​

​លោកស្រី Pelosi ជា​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ការដឹកនាំ​របស់​ប្រទេស​ចិន ដោយបាន​បរិហារ អំពី​កំណត់​សិទ្ធិមនុស្ស​របស់​ក្រុង​ប៉េកាំង​។ លោកស្រី ធ្លាប់​ជួប​ជាមួយនឹង​ក្រុម​អ្នកប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង បាន​ទៅ​ទស្សនា​ទីលាន​ធាន​អាន​មេន (Tiananmen) ដើម្បី​រំឭក​ដល់​ជនរងគ្រោះ ដែល​ត្រូវបាន​សម្លាប់​យ៉ាង​រង្គាល នៅក្នុង​អំឡុង​ឆ្នាំ ១៩៨៩​។​

​លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បានចាប់ផ្ដើម ធ្វើដំណើរ​មក​បំពេញ​ទស្សនកិច្ច នៅក្នុង​ទ្វីបអាស៊ី កាលពី​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ដោយមាន​គម្រោង​ចុះចត នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង ជប៉ុន​។ លោកស្រី ប្រធានសភា កាលពី​អំឡុង​ខែមេសា ធ្លាប់មាន​គម្រោង ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ ប៉ុន្ដែ​គម្រោង​នោះ បាន​លុបចោល​ទៅវិញ នៅ​នាទីចុងក្រោយ បន្ទាប់ពី​លោកស្រី ត្រូវបាន​តេស្ដ រកឃើញ​វិជ្ជមាន ពី​ជំងឺ​កូ​វីដ​-១៩​។​

​លោកស្រី Pelosi បានបញ្ជាក់ នៅ​ដើមខែ​នេះ ថា ដំណើរ​ទស្សនកិច្ច​នេះ មាន​សារសំខាន់ សម្រាប់​យើង ដើម្បី​បង្ហាញ​នូវ​កិច្ច​គាំទ្រ​ដល់​តៃវ៉ាន់​»​។​

​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា «​កងទ័ព​សហរដ្ឋអាមេរិក ជឿថា ការ​ទៅ​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី Pelosi ទៅកាន់​តៃវ៉ាន់ មិនជា​គំនិតល្អ នាពេល​នេះឡើយ​»​។​

​លោក John Kirby អ្នកនាំពាក្យ សន្តិសុខ​ជាតិ​របស់​សេត​វិមាន បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា ការបង្កើន​នូវ​ការគំរាមកំហែង​របស់​ប្រទេស​ចិន អាច​រួមបញ្ចូល​នឹង​ការធ្វើឱ្យ​«​ការទាមទារ​ផ្លូវច្បាប់​ដ៏​គួរឱ្យ​ភ័យខ្លាច​» នៅ​ថ្ងៃ​ខាងមុខ ជា​ឧទាហរណ៍ ដោយ​អះអាងថា ច្រក​សមុទ្រ​តៃវ៉ាន់ មិនមែន ជា​ផ្លូវទឹក​អន្តរជាតិ​។​


​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា សញ្ញា​ផ្សេងទៀត បង្ហាញថា ក្រុង​ប៉េកាំង អាច​នឹង​បញ្ជូន​យន្ដហោះ ទៅកាន់​កោះ​នេះ ដែលជា​ផ្នែក​មួយ នៃ​ការ​លុកលុយ​តាម​ការគ្រោងទុក ចូលទៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​។ លោក Kirby បានចង្អុលបង្ហាញ​ថា អតីត​ប្រធានសភា មក​ពីស​គណបក្ស​សាធារណរដ្ឋ លោក ញូ​ត ហ្គ្រី​រិច (Newt Gingrich) បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ នា​ឆ្នាំ​១៩៩៧ ហើយ​សមាជិកសភា​សហ​រដ្ឋ​អាមេរិក​ផ្សេងៗ​ទៀត ក៏បាន​ទៅកាន់​កោះ​តៃវ៉ាន់ កាលពីដើម​ឆ្នាំនេះ​ផងដែរ​។​

​លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​បន្ថែមថា «​គ្មានអ្វី​ផ្លាស់ប្តូរ​ទេ ហើយក៏​មិនមែនជា​រឿងល្ខោន ត្រូវ​និយាយ​ជាមួយ​នោះដែរ​។ ករណីនេះ មិនមែន​ដោយ​គ្មាន​គំរូ សម្រាប់​ប្រធានសភា ត្រូវ​ទៅ​កោះ​តៃវ៉ាន់​»​។ ឥឡូវនេះ លោកស្រី Pelosi កំពុងតែ​ធ្វើដំណើរ តាម​យន្តហោះ​យោធា​របស់​សហរដ្ឋអាមេរិក នៅក្នុង​អំឡុងពេល​ធ្វើដំណើ​រ​ទស្សនកិច្ច​របស់លោក​ស្រី មកកាន់​ទ្វីបអាស៊ី​។​

​ថ្លែង​ទៅកាន់​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អេ​ន​តូ​នី ប្ល៊ី​ន​ខែ​ន (Antony Blinken) បាន​ហៅ​ប្រទេស​ចិន វាស់វែង នៅក្នុង​ករណី​លោកស្រី Pelosi ធ្វើដំណើរ​ទស្សនកិច្ច ទៅកាន់​តៃវ៉ាន់​។​

​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ប្រាប់​អ្នកយកព័ត៌មាន ក្រោយ​កិច្ចពិភាក្សា អំពី​ការមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ទីក្រុង​ញូវយ៉ក ថា «​ប្រសិនបើ លោកស្រី​ប្រធានសភា បានសម្រេច​ចិត្ត ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ ហើយ​ចិន​ព្យាយាម​បង្កើត​វិបត្តិ​ប្រភេទ​ណាមួយ ឬ​បង្កើន​ភាព​តានតឹង នោះ ក្រុង​ប៉េកាំង​ទាំងស្រុង នឹង​ជា​អ្នកទទួលខុសត្រូវ​។ ឥឡូវ យើង​កំពុងតែ​តាមដាន​សកម្មភាព​រប​ស់​ពួកគេ នៅក្នុង​ព្រឹត្តិការណ៍ ដែល​លោកស្រី ប្រធានសភា សម្រេចចិត្ត​ទៅសួរសុខទុក្ខ ដើម្បី​ធ្វើ​សកម្មភាព ប្រកបដោយ​ទំនួល​ខុសត្រូវ និង​មិន​ចូលរួម នៅក្នុង​ការបង្កើន​កម្ដៅ​នយោបាយ​ណាមួយ​»៕​