សហរដ្ឋអាមេរិក ផ្អាក​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប មិន​ឲ្យ​ចិន​កាន់តែ​ច្រឡោត​

ព័ត៌មានអន្តរជាតិ
0
60
រដ្ឋធានី​វ៉ាស៊ីនតោន​៖ សហរដ្ឋអាមេរិក តែងតែ​ប្រកាស​ជា​បន្តបន្ទាប់ ដើម្បី​ការពារ «​សេរីភាព និង​ការបើកចំហ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» បន្ទាប់ពី​ចិន​បាន​បាញ់​មី​ស៊ី​ល​ផ្លោង យ៉ាងហោចណាស់​១១​គ្រាប់ ចូលទៅក្នុង​ដែនទឹក ជុំវិញ​ព័ទ្ធ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ចាក​ចេញពី​ក្រុង​តៃប៉ិ ដែល​ធ្វើឱ្យ​ក្រុង​ប៉េកាំង​ខឹងសម្បា ហើយ​ឥឡូវនេះ សហរដ្ឋអាមេរិក បានប្រកាស​ផ្អាក​សាកល្បង​បាញ់​មី​ស៊ី​ល​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​ចិន​កាន់តែ​ច្រឡោត​បន្ថែមទៀត​។​


​សារព័ត៌មាន CNN បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា មន្ដ្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន បានសម្រេច​ពន្យារពេល​ការសាកល្បង​មី​ស៊ី​ល​ដែល​បាន​គ្រោងទុក ជា​យូរ​មកហើយ​សិន ដោយសារ​មិន​ចង់​ឲ្យ​ចិន កាន់តែ​ខឹងសម្បា​ខ្លាំង​ឡើង​បន្ថែមទៀត ក្រោយ​ដំណើរ​របស់​ប្រធានសភា លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ កាលពីដើម​សប្តាហ៍​នេះ​។​


​លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកសម្របសម្រួល សម្រាប់​ទំនាក់ទំនង​យុទ្ធសាស្ត្រ នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា ថា «​ចិន​បានជ្រើសរើស​នូវ​ប្រតិក​ម្ម​ហួសប្រមាណ ហើយ​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​របស់​អ្នកនយោបាយ​កំពូល​របស់​សហរដ្ឋអាមេរិក ធ្វើជា​លេស ដើម្បី​បង្កើន​សកម្មភាព​យោធា បង្កហេតុ​ទាំង​នៅក្នុង និង ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​»​។


​លោក ច​ន ឃើ​រ​ប៊ី បាន​ប្រាប់​ដល់​ក្រុម​អ្នកយកព័ត៌មាន ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក លោក ឡយ អូ​ស្ទី​ន (Lloyd Austin) បាន​ដឹកនាំ​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង កប៉ាល់​ជាច្រើន​ទៀត នៅក្នុង​ក្រុម​វាយប្រហារ​របស់​សហរ​ដ្ឋ​អាមេរិក ឱ្យ​ស្ថិត​នៅក្បែរ​តៃវ៉ាន់ ដើម្បី​តាមដាន​ស្ថានការណ៍​។ រីឯ​ក្រុង​វ៉ាស៊ីនតោន ក៏​នឹង​ដឹកជញ្ជូន តាមផ្លូវ​អាកាស និង ដែនសមុទ្រ​តាម​លក្ខណៈ​ស្តង់ដារ ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​


​មន្ដ្រី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ពន្យារពេល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប Minuteman III បានកើត​ឡើង ខណៈ​ចិន​បានចាប់ផ្តើម​សមយុទ្ធ​យោធា ជាការ​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ។ ចំណែក​លោក​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ Lloyd Austin បាន​បញ្ជា​ឱ្យ​ពន្យារពេល​ការសាកល្បង ដែល​បានគ្រោង​ទុកជា​យូរ​មកហើយ​នោះ ដែលជា​ជំហាន​យ៉ាង​ប្រុងប្រយ័ត្ន​»៕​