ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចាត់ទុក​ការបាញ់​ផ្លោង​របស់​រុស្ស៊ី ជា​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​

ព័ត៌មានអន្តរជាតិ
0
90
រដ្ឋធានី​គៀវ​៖ អ៊ុយ​ក្រែ​ន បាន​អះអាងថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ជាថ្មី បានធ្វើឱ្យ​ខូច​ដល់​ឧបករណ៍​ចាប់​សញ្ញា​វិទ្យុសកម្ម ចំនួន​បី និង របួស​កម្មករ នៅ​រោងចក្រ​ថាមពល Zaporizhzhia​ដែលជា​ការវាយលុក​លើ​ក​ទី​២ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា លើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហើយ​មេដឹកនាំ នៃ​ប្រទេស​នេះ បាន​ចាត់ជា​សកម្មភាព​ភេរវកម្ម​នុយក្លេអ៊ែរ​។​

​សារព័ត៌មាន ABC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា អ៊ុយ​ក្រែ​ន បាន​អះអាង កាលពី​ថ្ងៃអាទិត្យ ថា ការបាញ់​ផ្លោង​របស់​កម្លាំង​ទាហាន​របស់​រុស្ស៊ី ជាថ្មី បានធ្វើ​ឲ្យ​ខូចខាត​ដល់​ឧបករណ៍​ចាប់​សញ្ញា​វិទ្យុសកម្ម ចំនួន​បី និង បានធ្វើឱ្យ​កម្មករ​ម្នាក់ រងរបួស នៅក្នុង​រោងចក្រ​ថាមពល​ហ្សា​ប៉ូ​រី​ស​ហ្សៀ (Zaporizhzhia) ជា​លើក​ទី​ពីរ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ​។​



លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ហៅ ការបាញ់​ផ្លោង​របស់​កងទ័ព​ក្រុង​មូ​ស្គូ កាលពី​រាត្រី ថ្ងៃ​សៅរ៍ «​ជា​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​រ​បស់​រុស្ស៊ី​។ លោក​ប្រធានាធិបតី បាន​ជំរុញឱ្យមាន​ការដាក់ទណ្ឌកម្ម ជា​លក្ខណៈ​អន្តរជាតិ​បន្ថែមទៀត ដោយ​លើក​នេះ ទាមទារ​ឲ្យ​ដាក់ ទៅលើ​វិស័យ​នុយក្លេអ៊ែរ​របស់​ក្រុង​ម៉ូស្គូ​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​អះអាងថា គ្រាប់ផ្លោង​របស់​រុស្ស៊ី បានធ្វើ​ឲ្យ​ប៉ះ​ដល់​ខ្សែបណ្ដាញ​ថាមពល នៅក្នុង​រោងចក្រ កាលពី​ថ្ងៃ​សុក្រ​។​

​ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​លើក​បន្ដុប ដោយ​រុស្ស៊ី នៅក្នុង​តំបន់​នោះ បាន​អះអាងថា អ៊ុយ​ក្រែ​ន បាន​វាយប្រហារ ទៅលើ​ទីតាំង​នោះ ដោយ​គ្រាប់​រ៉ុក្កែត ជាច្រើន​គ្រាប់ បាន​បណ្ដាល​ឲ្យ​ខូចខាត ដល់​អគារ​រដ្ឋបាល និង តំបន់​នៅក្បែរៗ​នោះ​។ រោងចក្រ Zaporizhzhia ជា​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត នៅ​តំបន់​អឺរ៉ុប​។​

​លោក រ៉ា​ហ្វា​អែល ហ្គ្រូ​ស​ស៊ី (Rafael Grossi) អគ្គនាយក ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដជាតិ ហៅ​កាត់ IAEA បាន​សង្កត់ធ្ងន់ថា គាត់​មានការ​ភ្ញាក់ផ្អើល ចំពោះ​របាយការណ៍ ស្ដីពី​ការខូចខាត ដល់​រោងចក្រ​ថាមពល​ដ៏​ធំ​បំផុត នៅ​តំបន់​អឺរ៉ុប​មួយ​នេះ ហើយ​បានទាមទារ​ឱ្យមាន​ការអនុញ្ញាត ដល់​ក្រុម​អ្នកជំនាញ​របស់ IAEA ចូលទៅ​ពិនិត្យ មើល​រោងចក្រ​នេះ ជាបន្ទាន់ ដើម្បី​វាយតម្លៃ អំពី​ផលប៉ះពាល់ និង ការពារ​ទីតាំង​នោះ​។​


​អគ្គនាយក ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដជាតិ ហៅ​កាត់ IAEA បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា «​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ លើ​ការបាញ់​ផ្លោង ដាក់​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត នៅ​អឺរ៉ុប​មួយ​នេះ​។ ចំណែក​ហានិភ័យ​ពិតប្រាកដ អំពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ អាច​នឹង​គំរាមកំហែង ដល់​សុខភាព​សាធារណៈ និង បរិស្ថាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​។ ដោយឡែក សកម្មភាព​យោធា បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព និង សន្តិសុខ នៅក្នុង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzya គឺជា​ការមិនអាច​ទទួល​យកបាន ហើយ​ត្រូវតែ​ចៀសវាង រាល់​ការប៉ះពាល់​ទាំងអស់​»​។​

​លោក តា​រីគ រ៉ូ​ហ្វ (Tariq Rauf) មន្ដ្រី​ជំនាញ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ បាន​បញ្ជាក់ថា មូលហេតុ ដែល​រុស្ស៊ី បាន​ដណ្ដើម​កាន់កាប់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក៏ «​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី ដល់​ផ្នែក​ខាងកើត នៃ​ប្រទេស​អ៊ុយ​ក្រែ​ន គ្រប់គ្រង​ដោយ​រុស្ស៊ី​»​។​


​រហូតមកដល់​ពេលនេះ ប្រ​ធា​រដ្ឋអាជ្ញា​ឧក្រិដ្ឋកម្ម​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ជិត​២៦ ០០០​ករណី ត្រូវបាន​កងទ័ព​រុស្ស៊ី ប្រ​ព្រឹ​ត្ដ​ឡើង ចាប់តាំងពី​ការឈ្លានពាន មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។ នៅក្នុង​ចំណោម​បទល្មើស​ទាំងនេះ អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​ចោទប្រកាន់​ទៅលើ​មន្ដ្រី និង កងទ័ព​រុស្ស៊ី ចំនួន​១៣៥​នាក់ ដោយ​ក្នុងនោះ មាន​១៥​នាក់ ត្រូវបាន​ចាប់​ដាក់ នៅក្នុង​មន្ទីរឃុំឃាំង​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា រុស្ស៊ី បាន​ច្រានចោល​នូវ​ការចោទប្រកាន់​ទាំងនោះ ដោយ​អះអាងថា ពួកគេ​មិនបាន​កំណត់​គោលដៅ វាយប្រហារ​ទៅលើ​ជន​ស៊ីវិល​នោះឡើយ​៕​