ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ធ្វើ​ឲ្យ​ចិន​ដក​ភាគហ៊ុន​៣១៨​ពាន់​លាន​ដុល្លារ ចេញពី​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
126
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា បានធ្វើ​ឲ្យ​ចិន​ខាង​សម្បា​យ៉ាងខ្លាំង រហូត​បង្ក​នូវ​ភាព​តានតឹង​ដាក់គ្នា រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន ហើយ​ក្រុមហ៊ុន​ធំៗ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ចំនួន​៥ ក៏បាន​សម្រេច​ដកខ្លួន ចេញពី​ទីផ្សារ​ភាគហ៊ុន នៅ​សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន Alarabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមហ៊ុន​ធំៗ​របស់​ចិន ចំនួន​៥ រួមមាន ទី​១-​ក្រុមហ៊ុន Sinopec, ទី​២-​ក្រុមហ៊ុន PetroChina, ទី​៣-​ក្រុមហ៊ុន​សាជីវកម្ម​អាលុយមីញ៉ូម​ចិន ដែល​គេ​ស្គាល់​ថា Chalco, ទី​៤-​ក្រុមហ៊ុន​ធានា​រាប់​រង China Life Insurance និង ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Sinopec មាន​មូលដ្ឋាន នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​

​ក្រុមហ៊ុន​ធំៗ​របស់​ចិន កាលពី​ថ្ងៃ​សុក្រ បានបញ្ជាក់ នៅក្នុង​សេចក្ដីប្រកាស ថា ក្រុមហ៊ុន​ផលិត​ប្រេង​ដ៏​ធំ​បំផុត​របស់​ចិន ចំនួន​២ គឺ​ក្រុមហ៊ុន Sinopec និង ក្រុមហ៊ុន PetroChina ដែល​ក្រុមហ៊ុន​ទាំង​២​នេះ ជា​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក បានដាក់​ពាក្យ សុំ​ដក​ចេញពី​ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក (New York Stock Exchange) ។


​ផែនការ​ដកខ្លួន​ចេញពី​ទីផ្សារ​ភាគហ៊ុន​សហរដ្ឋ​អាមេរិក​របស់​ក្រុមហ៊ុន​ហ៊ុន​ចិន​ទាំងនេះ បានកើត​ឡើង ដោយសារ​តែមាន​ភាព​តានតឹង កំពុងតែ​កើនឡើង រវាង​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​តៃវ៉ាន់ កាលពី​សប្តាហ៍​មុន ខណៈ​ចិន តែងតែ​អះអាង​ដែន​កោះ​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ខឹងសម្បា​យ៉ាងខ្លាំង ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកនយោបាយ​កំពូល​របស់​សហរដ្ឋអាមេរិក ដោយ​ថែមទាំង​បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ហើយ​ប្រកាស​ផ្អាក​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក លើ​ផ្នែក​ជាច្រើន រួមមាន ការប្រែប្រួល​អាកាសធាតុ និង ការប្រយុទ្ធ​ប្រឆាំងនឹង​អ្នករត់ពន្ធ​គ្រឿងញៀន​…​ជាដើម​។​



​ក្រុមហ៊ុន​ធំៗ​ទាំង​៥​របស់​ចិន​នេះ កំពុងតែ​ស្ថិតនៅក្នុង​បញ្ជី ត្រូវបាន​បោះផ្សាយ ដោយ​គណៈកម្មការ​មូល​ប​ត្រ​សហរដ្ឋអាមេរិក អាច​ប្រឈម​នឹង​ការដក​ចេញពី Wall Street ប្រសិនបើ​ក្រុមហ៊ុន​ទាំងនេះ មិន​គោរព​តាម​តម្រូវការ​សវនកម្ម​ថ្មី​។ ក្រុមហ៊ុន​របស់​ចិន​ទាំងនេះ ក៏បាន​បញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា​ថា ពួកគេ​នឹង​ឈប់​ធ្វើ​ពាណិជ្ជកម្ម នៅលើ​ទីផ្សារ​ភាគហ៊ុន NYSE ចាប់ពី​ដើមខែ​កញ្ញា ខាងមុខនេះ​ទៅ​។​


​ដោយឡែក ទស្សនាវដ្ដី Fortune បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ និយតករ​សហព័ន្ធន៍ បាន​បង្កើន​នូវ​ការដាក់​សម្ពាធ ទៅលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុមហ៊ុន​ចិន​ច្រើន ដែល​ធ្វើ​ពាណិជ្ជកម្ម នៅលើ​ផ្សារ​ហ៊ុន​របស់​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​តាមច្បាប់​ចុះបញ្ជី​របស់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ ក្រុមហ៊ុន​ធំៗ​បំផុត​ចំនួន​៥ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ដែល​បាន​ចុះបញ្ជី នៅ​សហរដ្ឋអាមេរិក មានតម្លៃ​សរុប​៣១៨​ពាន់​លាន​ដុល្លារ បានប្រកាសថា ពួកគេ​នឹង​ដកខ្លួន ចេញពី​ទីផ្សារ​ភាគហ៊ុន Wall Street ។ ការប្រកាស​របស់​ក្រុមហ៊ុន​ចិន​ទាំងនេះ បានបង្ហាញ​ពី​ការបង្កើន​ល្បឿន នៅ​ក្នុងការ​កាត់ផ្តាច់​ផ្នែក​ហិរញ្ញវត្ថុរវាង​សហរដ្ឋអាមេរិក និងចិនផងដែរ​៕​