ការចរចា​សន្ដិភាព​នៅ​អ៊ុយ​ក្រែ​ន នឹង​មិនអាច​កើតឡើង ព្រោះតែ​ពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
356


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ គំនិត​ផ្ដួចផ្ដើម​ចរចា​សន្ដិភាព​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក សម្រាប់​ការបញ្ចប់​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មិនបាន​ប៉ុន្មាន​ផង ក៏ត្រូវ​រលាយបាត់​ទៅវិញ ក្រោយពេល​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង បានប្រកាស​ភ្លាមៗ ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន និង សម្ពន្ធមិត្ត ត្រូវតែទទួលស្គាល់​ការ​កាត់​យក​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ចំនួន​៤​តំបន់ ដោយ​ក្រុង​មូ​ស្គូ ជា​ទឹកដី​របស់​រុស្ស៊ី ទើប​អ្នកការទូត​កំពូល​របស់​បស្ចិម​លោក ចោទប្រកាន់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិនមាន​ភាពស្មោះត្រង់​។​

​សារព័ត៌មាន Swiss Info បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ថា រុស្ស៊ី បាន​អះអាង ថា ការបដិសេធ​របស់លោក​ខាងលិច នៅក្នុង​ការទទួលស្គាល់​«​ទឹកដី​ថ្មី​» ដែល​ក្រុង​មូ​ស្គូ បាន​រឹបអូស​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ជា​ទឹកដី​របស់​រុស្ស៊ី នឹងធ្វើ​ឱ្យ​កិច្ចចរចា​សន្តិភាព កាន់តែ​ពិបាក​។ ការលើកឡើង​របស់​ក្រុង​មូ​ស្គូ បានកើត​ឡើង ក្រោយពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បានបង្ហាញ អំពី​ការត្រៀមខ្លួន ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin)​។​

​ដោយឡែក មន្ដ្រីការទូត​កំពូល​របស់​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​ជួប​ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង ក្រុមមន្ដ្រី​ជាន់ខ្ពស់​រប​ស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ នៅក្នុង​រដ្ឋធានី​កៀវ ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) មិនមាន​ភាពស្មោះត្រង់ នៅក្នុង​ការចរចា​សន្ដិ​ភាព​ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន នាពេល​នេះឡើយ​។​

​លោកស្រី វី​ក​តូ​រៀ នូ​ឡែ​ន​ដ៍ (Victoria Nuland) អនុ​រដ្ឋមន្ដ្រីការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​នយោបាយ បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​បង្ហាញ អំពី​ការគាំទ្រ នាពេលនេះ ខណៈ​រុស្ស៊ី កំពុងតែ​ព្យាយាម​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​។​

​លោកស្រី អនុរដ្ឋមន្ដ្រី បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ថា «​ការទូត ជា​ជម្រើស​សម្រាប់​ដំណោះស្រាយ​ដំបូង​របស់​អ្នក​គ្រប់គ្នា ប៉ុន្ដែ​អ្នក​ត្រូវតែមាន​ដៃគូ​សន្ទនា ប្រកបដោយ​សុច្ឆន្ទៈ​ពិតប្រាកដ​។ បញ្ហា​នេះ បង្ហាញ​យ៉ាងច្បាស់​ណាស់​ហើយ​ថា វា​ជាការ​វាយប្រហា​ប្រឆាំងនឹង​ថាមពល វា​ជា​វោហារសាស្ត្រ កើតចេញពី​វិមាន​ក្រឹម​ឡាំង និង ជា​អាកប្បកិរិយា​ទូទៅ ប៉ុន្ដែ​បញ្ហា​ដ៏​សំខាន់ ត្រង់​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​ស្មោះត្រង់ ឬ ត្រៀមខ្លួន សម្រាប់​ការចរចា​សន្ដិភាព ដើម្បី​បញ្ចប់សង្គ្រាម ឬ​យ៉ាងណា​។​

​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន បានបញ្ជាក់ ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការនិយាយ​ទៅកាន់​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន ប្រសិនបើ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​រូបនេះ មានការ​ចាប់អារម្មណ៍ ចង់​បញ្ចប់សង្គ្រាម​។ ប៉ុន្ដែ​ការផ្ដួចផ្ដើម​គំនិត​រប​ស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​រលាយ​ទៅវិញ​ភ្លាមៗ ខណៈ​វិមាន​ក្រឹម​ឡាំង បាន​អះអាង ថា មហាអំណាច​បស្ចិម​លោក និង សម្ពន្ធមិត្ត ត្រូវតែទទួលស្គាល់​ការប្រកាស​របស់​ក្រុង​មូ​ស្គូ កាត់​យក​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ជា​ទឹកដី​របស់​រុស្ស៊ី រួមមាន ដូ​ណែ​ត​ស្ក៍ (Donetsk) លូ​ហាន​ស្ក៍ (Luhansk) ដែល​តំបន់​ទាំង​២ ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស និង ហ្សា​ប៉ូ​រី​ហ្សា (Zaporizhzhia) និង ខឺ​រ​សុន (Kherson) ដែល​តំបន់​ទាំង​២​នេះ ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោកស្រី អនុរដ្ឋមន្ដ្រី បាន បាន​សង្កត់ធ្ងន់ ថា ប្រតិកម្ម កើតចេញពី​ប្រទេស​រុស្ស៊ី បានបង្ហាញ​អំពី​របៀប ដែល​ពួកគេ មាន​ចេតនា​អាក្រក់​។

​លោកស្រី ក៏បាន​ជួប​ជាមួយនឹង​លោក អាន​ឌ្រី​យ យើ​ម៉ាក (Andriy Yermak) ប្រធានការិយាល័យ​រប​ស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដោយ​គាត់​បាន​ថ្លែងអំណរគុណ ដល់​ជំនួយ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ពី​សហរដ្ឋអាមេរិក តាម​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន បាន​ប្ដេជ្ញាចិត្ត ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​ប្រធានការិយាល័យ​ប្រធានាធិបតី បាន​ប្រាប់​ដល់​លោកស្រី អនុ​រដ្ឋមន្ដ្រីការបរទេស​សហរដ្ឋអាមេរិក ថា «​ជ័យជម្នះ​របស់​អ៊ុយ​ក្រែ​ន ដែល​យើង​បានដឹង​យ៉ាង​ប្រាកដ ជា​ជ័យជម្នះ​របស់​យើងទាំងអស់គ្នា​»៕​