គ្រោះមហន្ត.រាយ នៅ​រោងចក្រ​នុ.យក្លេអ៊ែ.រ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុបកំពុងតែ​កើនឡើង​រាល់ថ្ងៃ​

ព័ត៌មានអន្តរជាតិ
0
130
រដ្ឋធានី​កៀវ​៖ ស្របពេល​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ ហៅ​កាត់ IAEA កំពុងតែ​ជំរុញ​ដល់​ក្រុង​កៀវ និង ក្រុង​មូ​ស្គូ អនុញ្ញាត​ជាបន្ទាន់ ដល់​ក្រុមមន្ដ្រី​ជំនាញ​នុយក្លេអ៊ែរ ចូលទៅ​ត្រួតពិនិត្យ អំពី​កម្រិត​គ្រោះថ្នាក់ និង សុវត្ថិភាព នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) នោះ អភិបាលក្រុង​របស់​អ៊ុយ​ក្រែ​ន បាន​អះអាង អំពី​គ្រោះថ្នាក់ អាច​នឹង​កើនឡើង ជា​រៀងរាល់ថ្ងៃ​។​

​សារព័ត៌មាន Kyiv Post បានចេញ​ផ្សាយ កាលពី ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ថា អភិបាលក្រុង​របស់​អ៊ុយ​ក្រែ​ន បាន​ប្រាប់ AFP កាលពី​ថ្ងៃអាទិត្យ ថា «​ហានិភ័យ នៃ​គ្រោះមហន្តរាយ នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) កំពុងតែ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​»​។​



​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ រោងចក្រ​នុយក្លេអ៊ែរ​ដ៏​បំផុត​របស់​អឺរ៉ុប​មួយ​នេះ បាន​រង​នូវ​ការវាយប្រហារ​ជាថ្មី ខណៈ​រដ្ឋាភិបាល​ក្រុង​កៀវ និង ក្រុង​មូ​ស្គូ កំពុងតែ​កេងចំណេញ លើ​ការកើនឡើង នៃ​គ្រោះមហន្ដរាយ​ដ៏​ខ្លាំង​នេះ ដោយ​ការស្ដីបន្ទោស​គ្នា​ទៅវិញទៅមក​។​

​អភិបាល​ទីក្រុង​អេ​ណ័​រ​ហ្គោ​ដារ (Energodar) បាន​អះអាងថា ហានិភ័យ ពី​គ្រោះមហន្ដរាយ នៅក្នុង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) របស់​អ៊ុយ​ក្រែ​ន ដែល​កងទ័ព​រុស្ស៊ី​ចូលទៅ​គ្រប់​គង កំពុងតែ​កើនឡើង ជា​រៀងរាល់ថ្ងៃ​។

​រោងចក្រ​ថាមពល Zaporizhzhia ជា​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ស្ថិតក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក​ម្លាំ​ង​ទាហាន​រុស្ស៊ី ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្រោយពេល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​បញ្ជា​ឲ្យ​កម្លាំង​ទាហាន​របស់ខ្លួន ចូលលុកលុយ នៅក្នុង​ប្រទេសជិតខាង​មួយ​នេះ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។



​លោក ឌី​មី​ត្រូ អ័​រឡូ​វ (Dmytro Orlov) ចៅហ្វាយក្រុង Energodar បាន​ថ្លែង​ពី​ទីក្រុង Zaporizhzhia ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុយ​ក្រែ​ន​ថា​«​អ្វីដែល​កំពុង​កើតឡើង​នោះ គឺជា​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​។ រោងចក្រ​នេះ អាច​បញ្ចប់​ដោយ​ការមិនអាច​ទស្សន៍ទាយ​ទុកជាមុន​បាន នៅពេល​ណាមួយ​»​។​

​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ចោទប្រកាន់ ដល់​ក្រុង​មូ​ស្គូ អំពី​ការយក​រោងចក្រ​នុយក្លេអ៊ែរ ធ្វើជា​មូលដ្ឋានទ័ព និង ឃ្លាំង​ស្ដុក​គ្រឿង​សព្វាវុធ ហើយ​បើក​ការវាយប្រហារ និង ប្រើប្រាស់​រោងចក្រ​បរមា​ណូ​នេះ ធ្វើជា​ខែល​ការពារ មិនឱ្យ​កងទ័ព​អ៊ុយ​ក្រែ​ន បាញ់​តបត​វិញ​បាន​។​

​លោក រ៉ា​ហ្វា​អែល ហ្ក្រូ​ស​ស៊ី (Rafael Grossi) នាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់ IAEA កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន ថា «​សកម្មភាព​យោធា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ នៅឯ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ស្ថិតនៅ​ភាគ​អាគ្នេយ៍ ប្រទេស​អ៊ុយ​ក្រែ​ន នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​»​។​

​លោកនាយក​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ដែល​បាន​ស្ដីបន្ទោស​គ្នា​ទៅវិញទៅមក ជុំវិញ​ការវាយប្រហារ ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​នោះ ត្រូវតែ​អនុញ្ញាត​ជាបន្ទាន់ ដល់​ក្រុមមន្ដ្រី​ជំនាញ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ចូលទៅ​ពិនិត្យ និង វាយតម្លៃ អំពី​ទំហំ​ខូចខាត ហើយ កម្រិត​សុវត្ថិភាព និង សន្ដិសុខ នៅក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នោះ​។ លោកនាយក បាន​សង្កត់ធ្ងន់ ទៅលើ​ការបាញ់​ផ្លោង និង ការ​បំផ្ទុះ​ជាច្រើនលើក នៅក្នុង​រោងចក្រ Zaporizhzhia កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន រហូត​បង្ខំ​ឱ្យ​បិទ​ម៉ាស៊ីន​បំប្លែង​ថាមពល​អគ្គិសនី និង បិទ​ម៉ាស៊ីន​រេ​អា​ក់ទ័រ​នុយក្លេអ៊ែរ​៕​