តើ​ការវិលត្រឡប់​របស់​ថាក់ស៊ីន មកកាន់​ប្រទេស​ថៃ អាច​នឹង​ប្រឈម​នឹង​ការចាប់ខ្លួន​ដែរឬទេ​?

ព័ត៌មានអន្តរជាតិ
0
2


​រាជធានី​បាងកក​៖ នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ ត្រូវបាន​ពួកយោធា ធ្វើ​រដ្ឋប្រហារ បណ្ដេញ​ចេញពី​អំណាច នៅក្នុង​អំឡុង​ឆ្នាំ​២០០៦ ហើយ​កំពុងតែ​រស់នៅ​និរទេស​ខ្លួន នៅក្រៅ​ប្រទេស ប៉ុន្ដែ​ឥឡូវ​គាត់​មាន​គម្រោង​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​របស់គាត់​វិញ នៅ​ខែក្រោយ ទើប​ប៉ូលិស បានប្រកាស អំពី​ការត្រៀមខ្លួន​របស់​ពួកគេ​។​

​សារព័ត៌មាន​របស់​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា លោក វី​ស​សានូ គ្រា​ង៉ា​ម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ត្រី បាន​អះអាង ថា សេចក្តីណែនាំ​ថ្មី​ពី​នាយកដ្ឋាន​កែតម្រូវ អនុញ្ញាតឱ្យ​មន្ត្រី​មាន​អាណត្តិ ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ សម្រាប់​អ្នកទោស​មួយចំនួន មិនត្រូវ​បានចេញ​សម្រាប់​ជា​ប្រយោជន៍​ដល់​អតីត​នាយករដ្ឋមន្ត្រី ដែល​រត់គេចខ្លួន គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។​

​ដោយឡែក បើតាម​ប្រភព​ជាច្រើន ពី​គណបក្ស​ភឿ​ថៃ (Pheu Thai Party) និង ប៉ូលិស​ភូមិន្ទ​ថៃ (RTP) បាន​ឲ្យ​ដឹង ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ដ្រី​ថៃ បានប្រកាស អំពី​ការវិលត្រឡប់ មកកាន់​ប្រទេស​ថៃ នៅ​ថ្ងៃទី​១០ ខែសីហា ដោយ​មិនមាន​ការកែប្រែ​នោះឡើយ ក្រោយ​គាត់​បាន​និរទេស​ខ្លួន ដោយ​ខ្លួនឯង រស់នៅ​ក្រៅប្រទេស អស់​រយៈពេល​១៧​ឆ្នាំ​រួចមក​។ គាត់​គ្រោង​នឹង​មកដល់​អាកាសយានដ្ឋាន​ដន​មឿង (Don Mueang) នៅ​ថ្ងៃ​ដដែល​នោះ នា​វេលា​ម៉ោង​១០ និង ៣០​នាទី​ព្រឹក​។​

​គណបក្ស​ភឿ​ថៃ បាន និង កំពុងតែ​បញ្ចេញ​នូវ​វីដេអូ​ឃ្លី​ប ជា​បន្តបន្ទាប់ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​បង្ហាញ អំពី​ការកាត់ក្តី និង ទុក្ខលំបាក​ទាក់ទង​នឹង​អាជីព​នយោបាយ​ដ៏​យូរ​របស់លោក ថាក់ស៊ីន ចាប់ពី​គាត់​បាន​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី នៅ​ឆ្នាំ ២០០១ រហូតដល់​ពួកយោធា បានធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រដ្ឋាភិបាល​ថៃ​របស់គាត់ ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​។
ពាណិជ្ជកម្ម

​លោកស្រី លីន​ធី​ផន វ៉ា​រី​ន​វ៉ាត​ឆា​រ៉ា​រ៉ូ (Linthiporn Warinwatchararoj) សមាជិកសភា និង ជា​អ្នកនាំពាក្យ​ស្ដីទី​របស់​គណបក្ស​ភឿ​ថៃ កាលពី​ថ្ងៃអាទិត្យ បាន​អះអាង ថា ឃ្លី​ប​វីដេអូ​នេះ មាន​គោលបំណង អប់រំ​សាធារណជន​ឲ្យ​យល់ដឹង អំពី​ជីវិត​នយោបាយ​របស់លោក ថាក់ស៊ីន​។ ឃ្លី​ប​វីដេអូ​នេះ ក៏បាន​ជួយ​បំភ្លឺ​ការពិត និង ដោះស្រាយ​ព័ត៌មាន​មិន​ពិត អំពី​អ្នកជំនួញ និង អ្នកនយោបាយ​មាន​ជម្លោះ​។​

​បើទោះជា​យ៉ាងណាក៏ដោយ លោកស្រី បាន​បដិសេធ ថា ឃ្លី​ប​វីដេអូ​នេះ មានការ​ប៉ុនប៉ង​បង្វែរ​នូវ​ការចាប់អារម្មណ៍​របស់​សាធារណជន ងាក​ចេញពី​ការតស៊ូ​របស់​គណបក្ស សម្រាប់​ការដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី​។​

​លោកស្រី បាន​បន្តថា គ្មាន​ការផ្លាស់ប្តូរ​ចិត្ត នៅក្នុង​ចំណោម​គណបក្ស​ទាំង​៨ ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ (MFP) សម្រាប់​ការ​ផ្តល់នូវ​កិច្ចការ នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី មកដល់​គណបក្ស​ភឿ​ថៃ នោះឡើយ​។​

​បើតាម​ប្រភពពី​ប៉ូលិស​ភូមិន្ទ​ថៃ បាន​អះអាង ថា ក្រុមគ្រួសារ​របស់លោក ថាក់ស៊ីន បាន​ជូនដំណឹង មក​ប៉ូលិស អំពី​ការវិលត្រឡប់​របស់គាត់ ដែល​នឹង​ជិត​មកដល់ ហើយ​ការរៀបចំ កំពុងតែ​ដំណើរការ លើ​វិធានការ​សន្តិសុខ​ចាំបាច់ សម្រាប់​ដោះស្រាយ ចំពោះ​ការមកដល់​របស់គាត់​។​

​បើទោះជា​យ៉ាងណាក៏ដោយ ប៉ូលិស​ភូមិន្ទ​ថៃ នឹង​តាមដាន​យ៉ាង​ដិតដល់ ចំពោះ​ព្រឹត្តិការណ៍ នៅ​ថ្ងៃទី​១០ ខែសីហា ខាងមុខនេះ ដោយ​រួមទាំង​សេចក្តីប្រកាស​របស់​តុលាការ​ធម្មនុញ្ញ នៅ​ថ្ងៃទី​៣ ខែសីហា ថា​តើ​តុលាការ នឹង​ពិចារណា​ពិនិត្យឡើងវិញ​នូវ​ការសម្រេចចិត្ត​ជាមុនរ​បស់​ខ្លួន នៅក្នុង​ការរារាំង​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (MFP) លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ជុំវិញ​ការអនុញ្ញាត​ដល់​គាត់ សម្រាប់​ការបោះឆ្នោត​សភា​ជា​លើក​ទី​៣ ដើម្បី​ក្លាយ​នាយករដ្ឋមន្ត្រី​ថ្មី ដែរ​ឬ​យ៉ាងណា​។ ប៉ុន្ដែ​ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​ទម្លាក់ចោល​ញត្តិ​នោះ សភា​អាច​កោះប្រជុំ​រួមគ្នា នៅ​ថ្ងៃ​បន្ទាប់ សម្រាប់​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។​

​ផ្ទុយទៅវិញ ប្រសិនបើ​បេក្ខជន​របស់​គណបក្ស​ភឿ​ថៃ ឈ្នះ និង ដឹកនាំ​ការបង្កើត​រដ្ឋាភិបាល ដោយ​ជោគជ័យ​នោះ លោក ថាក់ស៊ីន នឹងមាន​អារម្មណ៍​ជឿជាក់ នៅក្នុង​ការវិលត្រឡប់​របស់គាត់ មកកាន់​មាតុប្រទេស​វិញ​។ បច្ចុប្បន្ន គាត់​នៅតែ​ប្រឈមមុខ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន ខណៈ​តុលាការ​ក៏​នៅតែ​មិនទាន់​ទម្លាក់ចោល​នូវ​ការចោទប្រកាន់ នៅឡើយ​៕​