ចិន បញ្ជូនទាហាន​ទៅកាន់ ប្រទេស​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
166
រដ្ឋធានី​ប៉េកាំង​៖ ចិន គ្រោង​នឹង​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី នៅក្នុង​ខែកញ្ញា ខាងមុខនេះ ចំពេល​ក្រុង​មូ​ស្គូ កំពុងតែ​ជាប់ដៃ ធ្វើសង្គ្រាម វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែសីហា ថា ក្រសួងការពារជាតិ​ចិន កាលពី​ថ្ងៃ​ពុធ បានប្រកាសថា ក្រុង​ប៉េកាំង មាន​គម្រោង បញ្ជូន​កងទ័ព​របស់​ខ្លួន ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ចម្រុះ​ជាតិ​សាសន៍​។​



​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុង​មូ​ស្គូ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ លើ​វិស័យ​ការពារជាតិ​។ ជាមួយគ្នានេះ ចិន បាន​អះអាងថា ក្រុង​ប៉េកាំង ចង់​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ទ្វេភាគី «​ឈានដល់​កម្រិត​កំពូល​» បើទោះជា​ក្រុង​មូ​ស្គូ កំពុងតែ​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម ពី​អន្តរជាតិ និង ការ​ថ្កោលទោស​ជាស​កល ជុំវិញ​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងណាក្ដី​។​

​ក្រសួងការពារជាតិ​ចិន បាន​បញ្ជាក់ថា ការចូលរួម​របស់​ក​ង​ទ័ព​ចិន នៅក្នុង​សមយុទ្ធ​វ៉ូ​ស្ដូក (Vostok) ប្រចាំឆ្នាំ ដែល​ក្រុង​ម៉ូស្គូ បាន​អះអាងថា នឹង​ចាប់ផ្ដើម​ធ្វើឡើង ចន្លោះ​ពីថ្ងៃ​សៅរ៍ រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ជា​ផ្នែក​មួយ នៃ​កិច្ចព្រមព្រៀង នៅក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​រុស្ស៊ី​។​


​ក្រសួងការពារជាតិ​ចិន បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​គោលបំណង នៃ​ការធ្វើ​សមយុទ្ធ​នេះ គឺ​ធ្វើឱ្យ​ស៊ីជម្រៅ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង និង មិត្តភាព​ជាមួយ​កងទ័ព មកពី​បណ្ដា​ប្រទេស​នានា ដើម្បី​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ នៅក្នុង​ចំណោម​ភាគី​ចូលរួម និង ពង្រឹងសមត្ថភាព នៅក្នុង​ការឆ្លើយតប ទៅនឹង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ផ្សេងៗ​ទៀត​»​។​

​នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា នៅក្នុង​ប្រទេស​រុស្ស៊ី នោះ គេ​រំពឹងថា មាន​កងទ័ព មកពី​ប្រទេស​ជាច្រើន ចូលរួម មានដូចជា ឥណ្ឌា បេឡា​រុស ម៉ុង​ហ្គោ​លី …​ជាដើម​។​



​ដោយឡែក លោក ណែ​ត ប្រា​យស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​បញ្ជាក់ថា ស្របពេល​ទំនាក់ទំនង រវាង​ចិន និង​រុស្ស៊ី កាន់តែ​ក្តៅគគុក បានធ្វើឱ្យ​ខូចខាត​ដល់​សន្តិសុខ​ពិភពលោក​នោះ ក្រុង​វ៉ាស៊ីនតោន មិនបាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ នៅក្នុង​ការធ្វើ​សមយុទ្ធ​នេះ​ទេ​។ ដោយឡែក ប្រទេស​ដែល​ចូលរួម ភាគច្រើន​ក៏​តែងតែ​ចូលរួម នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា​ជាច្រើន​ប្រភេទ និង មានការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ជាមួយ​សហរដ្ឋអាមេរិកផងដែរ​៕​