កូរ៉េខាងត្បូង​ឈ្នះ​កិច្ចព្រមព្រៀង​សង់រោង​ចក្រ​នុយក្លេអ៊ែរ​នៅ​អេ​ហ្ស៊ី​ប​

ព័ត៌មានអន្តរជាតិ
0
172
រដ្ឋធានី​សេ​អ៊ូ​ល​៖ ថ្វីបើ​បណ្ដា​ប្រទេស​លោកខាងលិច និង សហរដ្ឋអាមេរិក ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​ក្រុង​សេ​អ៊ូ​ល កំពុងតែ​បង្កើន​នូវ​ការដាក់​សម្ពាធ លើ​សេដ្ឋកិច្ច​របស់​ក្រុង​មូ​ស្គូ ប្រឆាំងនឹង​សកម្មភាព​យោធា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងណាក្ដី ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ កូរ៉េខាងត្បូង នៅតែ​បន្ដ​ចុះ​កិច្ចព្រមព្រៀង ជាមួយនឹង​រុស្ស៊ី សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ មានតម្លៃ​៣​ពាន់​ពាន់​លាន​វ៉ុ​ន (​លុយ​កូរ៉េខាងត្បូង​) ឬ​ស្មើនឹង ២,២៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​។​

​សារព័ត៌មាន The Business Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា ថា មន្ដ្រី​ក្រុង​សេ​អ៊ូ​ល បាន​អះអាង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា ប្រទេស​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង មាន​ទំហំ​ទឹកប្រាក់ ២,២៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយ​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី ដើម្បី​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និង សាងសង់​សំណង់​ទួ​ប៊ី​ន សម្រាប់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ដំបូងបង្អស់ នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​។​


​ជាមួយគ្នានេះដែរ ប្រជាជន​កូរ៉េខាងត្បូង បាន​សាទរ ចំពោះ​កិច្ចព្រមព្រៀង​នេះ ព្រោះ​វា​ជា​ជោគជ័យ​មួយ សម្រាប់​ឧស្សាហកម្ម​ថាមពលនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងត្បូង បើទោះបីជា​កិច្ចព្រមព្រៀង​នេះ បង្កើតឡើង សម្រាប់​ជា​ជម្រើស​ដ៏​អាក្រក់ ចំពេល​សម្ពន្ធមិត្ត​សហរដ្ឋអាមេរិក​របស់​ក្រុង​សេ​អ៊ូ​ល កំពុងតែ​ជំរុញ​ឲ្យ​មាន​យុទ្ធនាការ​កាន់តែ​ខ្លាំងក្លា ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ឲ្យ​ស្ថិតក្នុង​ភាព​ឯកោ ដើម្បី​ជាការ​ប្រឆាំងនឹង​សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ក្រុមមន្ត្រី​កូរ៉េខាងត្បូង បាន​អះអាងថា សហរដ្ឋអាមេរិក ក៏​ត្រូវបាន​ពិគ្រោះ​យោបល់​ជាមុន អំពី​កិច្ចព្រមព្រៀង​នេះ ហើយ​ថា បច្ចេកវិទ្យា​ដែល​ត្រូវ​ផ្គត់ផ្គង់ ដោយ​ក្រុង​សេ​អ៊ូ​ល សម្រាប់​គម្រោង​នេះ ក៏​នឹងមិន​រង​ផលប៉ះពាល់​ជាមួយនឹង​ទណ្ឌកម្ម​អន្តរជាតិ ប្រឆាំងនឹង​រុស្ស៊ី នោះដែរ​។​



​បើតាម​ការិយាល័យ​រប​ស់​ប្រធានាធិបតី​កូរ៉េខាងត្បូង និង ក្រសួងពាណិជ្ជកម្ម​រប​ស់​ប្រទេស​នេះ បាន​អះអាងថា ក្រុមហ៊ុន Korea Hydro និង ថាមពលនុយក្លេអ៊ែរ គ្រប់គ្រង​ដោយ​រដ្ឋ កូរ៉េខាងត្បូង បាន​បន្ដ​ចុះ​កិច្ចព្រមព្រៀង ជាមួយនឹង​ក្រុមហ៊ុន​អាតូម​ស្ដ្រូ​យ៉ែ​ក​ស្ព​ត (Atomstroyexport) របស់​រុស្ស៊ី ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ និង ឧបករណ៍​មួយចំនួន សម្រាប់​សាងសង់​អគារ​ទួ​ប៊ី​ន និង ច​នា​សម្ព័ន្ធ​ផ្សេងៗ​ទៀត នៅក្នុង​រោងចក្រ ដែល​កំពុងតែ​សាងសង់ នៅ​ដា​បា​អា (Dabaa) ជាទី​ក្រុង​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ មាន​ចម្ងាយ​ប្រហែល​១៣០​គីឡូម៉ែត្រ នា​ភាគ​ពាយព្យ រដ្ឋធានី​ក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​។​



​ក្រុមហ៊ុន Atomstroyexport ដែល​គេ​ស្គាល់​ថា ASE ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូ​សា​តូ​ម (Rosatom) ដែលជា​ក្រុមហ៊ុន​នុយក្លេអ៊ែរ គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី​។ ក្រុមហ៊ុន​នេះ បាន​ចុះកិច្ចសន្យា ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប នៅក្នុង​ការចែក​ចាយ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ មាន​កម្លាំង ១ ២០០​មេ​ហ្គា​វ៉ា​ត់ ចំនួន​៤​គ្រឿង រហូតដល់​ឆ្នាំ​២០៣០​។ សកម្មភាព​នេះ ក៏​ជា​ផ្នែក​មួយ នៃ​គម្រោង​របស់​ក្រុមហ៊ុន Korea Hydro និង ថា​មល​នុយក្លេអ៊ែរ ចន្លោះ​ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ ២០២៩ ផងដែរ​៕​