​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​សិក្សា​លើ​ការបង្កើត​អាណាចក្រ​តូច​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​អាចដាក់​មនុស្ស​១៥​លាន​នាក់​

ព័ត៌មានអន្តរជាតិ
0
315
​បច្ចុប្បន្ន​មហាសេដ្ឋី​រុស្ស៊ី កំពុង​ព​ន្លឿ​ន​ផែនការ​សង្គ្រោះ​មនុស្សលោក តាមរយៈ​ការបង្កើត អាណាចក្រ​“​សួនច្បារ​ព្រះ​ជា​ម្ចាស់​”​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ សម្រាប់​មនុស្ស​មានសំណាង​១៥​លាន​នាក់​។​ ​កាលពីដើម​ឆ្នាំនេះ ក្រុម​អាណាចក្រ Asgardia បាន​បញ្ចេញ​ផែនការ​បង្កើត​កង​នាវា​លោក Noah ដើម្បី​គោចរ​តាម​គន្លង​ផែនដី ដែល​នឹង​ចំណាយលុយ​១០០​ពាន់​លាន​ផោន​ក្នុង​១​គ្រឿង សម្រាប់​អាណាចក្រ​តូច​របស់​ពួកគេ​។​ ​លោក Lembit Opik ត្រូវបាន​គេ​បោះឆ្នោត​ជា​ប្រធានសភា​សម្រាប់​អាណាចក្រ​តូច Asgardia អំឡុង​អង្គប្រជុំ​លើកដំបូង​របស់​ពួកគេ នៅក្នុង​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស​។​ ​លោក​មាន​ចំណែក​មួយ​នៅក្នុង​គម្រោងការ​មួយ​នេះ ដែល​រួមទាំង​លោក Nigel Evans គឺជា​សមាជិកសភា​អង់គ្លេស ដែល​នឹង​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​នៃ​អាណាចក្រ​តូច Asgardia និង​លោក Philip Appleby គឺជា​អតីតមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស ។​ ​លោក Opik បាន​និយាយថា មាន​មនុស្ស​ច្រើនណាស់ គិតតែ​បង្កើត​រ៉ុក្កែត ប៉ុន្តែ​សម្រាប់​ក្រុម​អាណាចក្រ Asgardia នឹង​បង្កើត​សង្គម​អវកាស​មួយ​ដើម្បី​អាច​រស់នៅ​ទីនោះ​បាន​។​ ​នៅពេល​ណាមួយ​ក្នុងពេល​អនាគត មនុស្ស​ធម្មតា​ក៏​អាច​ទៅ​រស់​នៅលើ​ទី​អវកាស​បានដែរ ហើយ​យើង​នឹងមិន​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ការគ្រប់គ្រង​បេសកកម្ម​នោះទេ តែ​យើង​នឹង​បង្កើត​ចក្រ​វា​ឡ​តូច​មួយ​នៅលើ​ទី​អវកាស​។​ ​ក្រុម​អាណាចក្រ Asgardia បាន​និយាយថា អាណាចក្រ​តូច​មួយ​នេះ នឹង​អាច​ទ្រទ្រង់បាន តាមរយៈ​ការទូទាត់​ពី​សមាជិក​អាណាចក្រ​៧​លាន​នាក់ ពោលគឺ​៩០០​ផោន​សម្រាប់​សិទ្ធិ​ជា​ពលរដ្ឋ​ផ្លូវការ និង​លិខិតឆ្លងដែន​ទៅកាន់​អាណាចក្រ​ថ្មី​នេះ ហើយ​ពួកគេ​នឹង​ស្វែងរក​ថវិកា​៩០​លាន​ផោន​បន្ថែមទៀត​ពី​ក្រុមហ៊ុន​វិនិយោគទុន​៧​ផ្សេងទៀត​។​ ​ប្រាក់ចំណូល​ដែល​ទទួលបាន នឹង​ផ្តល់ប្រាក់​បម្រុង​១៣.៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឲ្យ​ក្រុម​អាណាចក្រ​មួយ​នេះ វិនិយោគទុន​លើ​ការស្រាវជ្រាវ និង​បង្កើត​វិទ្យាស្ថាន​របស់​ពួកគេ​។​ ​នៅ​ខែតុលា​ខាងមុខ ក្រុម​អាណាចក្រ Asgardia នឹងធ្វើ​សន្និសីទ​វិទ្យាសាស្ត្រ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយមាន​ការចូលរួម​ពី​មនុស្ស​សំខាន់ៗ​មកពី​គ្រឹះស្ថាន​វិ​និ​យោ​ទុក​ធំៗ​ជាច្រើន ដែល​រួមមាន​ទាំង​មន្ត្រី​មកពី​ក្រុមហ៊ុន​ជាប់កិច្ចសន្យា​ការពារជាតិ​អង់គ្លេស QinetiQ និង​អតីត​បុគ្គលិក​អង្គការ NASA​ផងដែរ​។​ ​គោលដៅ​ចុងក្រោយ គឺ​នឹង​ជ្រើសរើស​ពលរដ្ឋ​១៥០​លាន​នាក់​របស់​អាណាចក្រ Asgardia ក្នុងនោះ​១៥​លាន​នាក់​ក្នុងចំណោម​ពួកគេ នឹង​ក្លាយជា​អ្នករស់នៅ​លើ​ទី​អវកាស​៕​