ប្រជាជន​រុស្ស៊ី រាប់សែន​នាក់ កំពុងតែ​រត់គេច​ចេញ​ពី​ការ​កេណ្ឌ​ទ័ព

ព័ត៌មានអន្តរជាតិ
0
187



​រដ្ឋធានី​មូ​ស្គូ​៖ ជាមួយនឹង​ការភ័យខ្លាច អំពី​ការ​កេណ្ឌ​កងទ័ព រាប់សែន​នាក់ បញ្ជូន​ទៅកាន់​សមរភូមិ​ប្រយុទ្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ ប្រជាជន​រុស្ស៊ី រាប់ម៉ឺន​នាក់ បាន​សម្រុក ចាក​ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ ចំពេល​មានការ​ព្រួយបារម្ភ​ពី​ការបិទ​ព្រំដែន​ជាមួយនឹង​ប​ប្រទេសជិតខាង​

​សារព័ត៌មាន FBC News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា ថា ប្រជាជន​រុស្ស៊ី រាប់សែន​នាក់ កំពុងតែ​សម្រុក ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ ដើម្បី​គេចចេញ​ពី​ការ​កេណ្ឌ​ទ័ព បញ្ជូនទៅ​ប្រយុទ្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពេល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បានចេញ​បទបញ្ជា ជំរុញ​ឲ្យ​មានការ​កេណ្ឌ​ទ័ព ជា​លើក​ទី​១ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក​។​

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ ក្រោយពេល​មាន​សំណួរ លើកឡើង អំពី​ការបិទ​ព្រំដែន​របស់​រុស្ស៊ី ថា «​ខ្ញុំ​មិនបាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​។ ប៉ុន្ដែ គិត​ត្រឹម​វេលា​នេះ រុស្ស៊ី​មិនមាន​ការបិទ​ព្រំដែន​នៅឡើយ​»​។​

​វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ ថា ក្រុង​មូ​ស្គូ មិនទាន់​សម្រេច បិទ​ព្រំដែន​របស់​រុស្ស៊ី ដើម្បី​រារាំង​ដល់​បុរស​ជា​ជនជាតិ​រុស្ស៊ី ដែល​រត់​ភៀសខ្លួន ចេញពី​ប្រទេស គេច​ចេញពី​ការ​កេណ្ឌ​ទ័ព​នោះឡើយ​។ ប្រជាជន​រុស្ស៊ី បាន​ចាក​ចេញពី​ប្រទេស​កំណើត​យ៉ាងច្រើន​បែបនេះ បានកើត​ឡើង អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមកហើយ ក្រោយពេល​រុស្ស៊ី បាន​ចល័ត​ទ័ព​មួយផ្នែក សម្រាប់​ទៅ​ចូលរួម នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ មាន​សេចក្ដីរាយការណ៍ ថា រុស្ស៊ី អាច​នឹង​បិទ​ព្រំដែន ដែល​នាំ​ឲ្យ​មាន​ភាពចលាចល ចាប់តាំងពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចេញ​បញ្ជា កាលពី​សប្តាហ៍​មុន ដើម្បី​កេណ្ឌ​ទ័ព​បម្រុង រាប់សែន​នាក់ បញ្ជូនទៅ​ចូលរួម នៅក្នុង​សង្គ្រាម ដែល​បានអូសបន្លាយ អស់​រយៈពេល​ជាង​៧​ខែ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក ជើងហោះហើរ ចាក​ចេញពី​ប្រទេស​រុស្ស៊ី បាន​លក់​អស់ ហើយ​រថយន្ត​បាន​ជាប់គាំង នៅតាម​ច្រកព្រំដែន​របស់​រុស្ស៊ី​។ បើតាម​សេចក្ដីរាយការណ៍ គិត​ត្រឹមតែ​រយៈពេល​៤៨ ម៉ោង នៅ​ផ្លូវ​តែមួយគត់ ទៅកាន់​ព្រំដែន​ហ្ស​ក​ហ្ស៊ី ដែលជា​ប្រទេសជិតខាង គាំទ្រ​លោកខាងលិច កម្រ​នឹង​អនុញ្ញាតឱ្យ​ពលរដ្ឋ​រុស្ស៊ី ចូល​ដោយ​គ្មាន​ទិដ្ឋាការ​។​

​លោក ដេវីត ជា​ជនជាតិ​រុស្ស៊ី បាន​ប្រាប់​ឈ្មោះ​ក្រៅផ្លូវការ នៅក្នុង​បទសម្ភាសន៍​ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន AP នៅ​ជិត​ព្រំដែន​ជាមួយ​ហ្ស​ក​ហ្ស៊ី ដោយសារតែ​ការភ័យខ្លាច ពី​ការ​តាម​ព្យាបាទ ថា «​ខ្ញុំ​ដឹងថា ប្រជាជន​រុស្ស៊ី​ទាំងអស់ ស្ថិតក្នុង​ការភ័យខ្លាច​។ យើង​កំពុងតែ​រត់ ចេញពី​ប្រទេស​កំណើត​របស់​យើង ដោយសារតែ​ការភ័យខ្លាច ពី​របប​របស់លោក ពូ​ទីន​»​។​

​ដោយឡែក ជួរ​រថយន្ដ​យ៉ាងច្រើន នៅលើ​ដងផ្លូវ ទៅកាន់​ព្រំដែន ឆ្លងកាត់​ជាមួយនឹង​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង ម៉ុង​ហ្គោ​លី ។ ប្រជាជន​រុស្ស៊ី រាប់ម៉ឺន​នាក់ បាន និង កំពុងតែ​រត់គេចខ្លួន​ចេញពី​ការ​កេណ្ឌ​ទ័ព​របស់លោក​ប្រធានាធិបតី ពូ​ទីន​៕​