IMF នឹង​ផ្ដល់​មូលនិធិ​សង្គ្រោះបន្ទាន់ ១,៣​ពាន់​លាន​ដុល្លារ​ទៀត ជួយ​ដល់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
104


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ កងទ័ព​ក្រុង​កៀវ កំពុងតែ​ទទួលបាន​ជ័យជម្នះ ជា​បន្ដបន្ទាប់ នៅលើ​សមរភូមិ​នានា ជា​តំបន់​ដែល​ក្រុង​មូ​ស្គូ បានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី កាលពី​សប្ដាហ៍​មុន ហើយ​ឥឡូវ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) កំពុងតែ​ពិចារណា អំពី​ការផ្ដល់​មូលនិធិ​សង្គ្រោះបន្ទាន់ ទំហំ​ទឹក​១,៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ន្ថែ​ម​ទៀត សម្រាប់​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ធានាថា ក្រុង​កៀវ នឹងមាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ផ្គត់ផ្គង់​មកពី​សម្ពន្ធមិត្ត ដើម្បី​បំពេញ​តាមច្បាប់​និរន្តរភាព​បំណុល​របស់ IMF​។​

​សារព័ត៌មាន Ground News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៤ ខែតុលា ថា ក្រុមប្រឹក្សានាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ នឹង​ពិចារណា លើ​សំណើ​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន សម្រាប់​ការផ្តល់​មូលនិធិ​សង្គ្រោះបន្ទាន់​បន្ថែម មាន​ទំហំ​ទឹកប្រាក់ រហូតដល់​១,៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​សង្គ្រាម​របស់​រុស្ស៊ី ប្រឆាំងនឹង​ក្រុង​កៀវ កំពុងតែបន្ត​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​។​

​ប្រភពព័ត៌មាន​នានា បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters ថា បុគ្គលិក IMF បានរៀបចំ​ឯកសារ​ចាំបាច់ ហើយ​គេ​ជឿជាក់ ថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន​ការធានា​ផ្នែក​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ មកពី​ដៃគូ​នៅលើ​ពិភពលោក​របស់ខ្លួន ដើម្បី​បំពេញ​តាម​តម្រូវការ​និរន្តរភាព​បំណុល​របស់ IMF និង មាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​មូលនិធិ​សង្គ្រោះបន្ទាន់​បន្ថែមទៀត​។ ប្រសិនបើ​សំណើ​របស់​ក្រុង​កៀវ ត្រូវបាន​អនុម័ត​នោះ មូលនិធិ​ទាំងនេះ នឹង​បានមកពី​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​បន្ទាន់​ថ្មី​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ស្បៀងអាហារ ដែល​ត្រូវ​បានអនុម័ត ដោយ​ក្រុមប្រឹក្សា IMF កាលពី​សប្តាហ៍​មុន​។

​ក្រុមមន្ដ្រី IMF បាន​កោតសរសើរ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង ធនាគារកណ្ដាល​របស់​ប្រទេស​នេះ សម្រាប់​ការគ្រប់គ្រង​របស់​ពួកគេ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច បណ្តាលមកពី​សង្គ្រាម​លុកលុយ​របស់​រុស្សី ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ បានផ្ដល់​ជំនួយ ១,៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែមីនា ពោលគឺ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្រោយ​សង្គ្រាម បានចាប់ផ្ដើម​ផ្ទុះឡើង​។​

​ដោយឡែក ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន កំពុងតែ​ជំរុញឱ្យមាន​ការបន្ថែម​មូលនិធិ​មិនមែន​សង្គ្រោះបន្ទាន់ ក្រោម​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ពេញលេញ​របស់ IMF ប៉ុន្តែ​កម្មវិធី​បែបនេះ អាច​នឹងធ្វើ​ទៅបាន នាពេល​ក្រោយ​៕​