ស្តេច​ស្វា​ស៊ី​ឡង់​ចាយលុយ​១៣​លាន​ដុល្លារ​ដើម្បី​ទិញ​រថយន្ត Rolls Royce ១៩​គ្រឿង និង BMW១២០​គ្រឿង​សម្រាប់​មហេសី​១៤​អង្គ​របស់​ទ្រង់​

ព័ត៌មានអន្តរជាតិ
0
572
​ស្តេច​នៃ​ប្រទេស​ស្វា​ស៊ី​ឡង់ ត្រូវបាន​គេ​ថ្កោលទោស​សម្រាប់​ការចាយ​លុយ​ជាង​១៣​លាន​ផោន​លើ​រថយន្ត​ប្រណីត​សម្រាប់​មហេសី​១៤​អង្គ​របស់​ទ្រង់​។​ ​ស្តេច Mswati III (​មី​ស្វ​ទី ទី​៣) ត្រូវបាន​គេ​រាយការណ៍​ថា បាន​នាំចូល​រថយន្ត Rolls-Royces ១៩​គ្រឿង និង​រថយន្ត BMW១២០​គ្រឿង មកកាន់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​មួយ​នេះ សម្រាប់​គ្រួសារ​រាជវង្ស​របស់​ទ្រង់​។​ ​បច្ចុប្បន្ន​ស្តេច​អង្គ​នេះ រង​ការចោទប្រកាន់ថា មិនបាន​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រជាជន​ខ្លួនឯង​ដែល​រកបាន​ប្រាក់ចំណូល​ជា​មធ្យម​១១០​ផោន​ក្នុង​១​ខែ​។​ ​ការទិញ​រថយន្ត​ប្រណីត​របស់​គ្រួសារ​រាជវង្ស​មាន​រាជសម្បត្តិ​ដ៏​ច្រើន​នេះ បាន​កើតមានឡើង​ស្របពេល​ដែលមាន​បាតុកម្ម​តាមផ្លូវ​ប្រឆាំងនឹង​ការចាយវាយ​ដ៏​ខ្ជះខ្ជាយ​របស់​ទ្រង់​។​ ​ក្រុម​សាក្សី បាន​ជើ​ញ​រថយន្ត BMW​យ៉ាងច្រើន​នៅលើ​រថយន្ត​ដឹក​រថយន្ត បើក​ចេញពី​តំបន់​ព្រំដែន​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត TimesLive​បាន​ឲ្យ​ដឹងថា លោក Wandile Dludlu (​វ៉ាន់ឌី​ល ឌ្លូ​ឌ្លូ​)​អ្នកនយោបាយ​ក្រុមប្រឆាំង បាន​ចោទប្រកាន់​ស្តេច​អង្គ​នេះ​ថា កំពុង​បន្តធ្វើ​ឲ្យ​ស្អុយឈ្មោះ​ខ្លួនឯង និង​គ្រួសារ​រាជវង្ស​។​ ​លោក​បាន​អះអាងថា ការបង្ហាញ​ពី​អំណួត​បែបនេះ ហាក់ដូចជា​មិន​ខ្វាយខ្វល់​ទាល់តែសោះ​ជាមួយនឹង​អារម្មណ៍​របស់​ប្រជាជន​ក្រី​នៅក្នុង​ប្រទេស​ស្វា​ស៊ី​ឡង់​។​ ​ទ្រង់​កំពុងតែ​មិន​ខ្វាយខ្វល់​ពី​ពួកគេ និង​បង្ហាញថា​ទ្រង់​ជាន់​លើ​ច្បាប់​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​ទស្សនា​វ​ដ្តី Forbes​បាន​ឲ្យ​ដឹងថា ស្តេច​ព្រះជន្ម​៥១​វស្សា​អង្គ​នេះ ដែលមាន​មហេសី​១៤​អង្គ និង​បុត្រ​២៣​អង្គ គឺ​ស្ថិតនៅ​ក្នុងចំណោម​គ្រួសារ​រាជវង្ស​មាន​រាជសម្បត្តិ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ជាមួយនឹង​ប្រាក់​ក្នុង​ធនាគារ​ប្រមាន​ជា​១៨០​លាន​ផោន​។​ ​លោក Dludlu បាន​អះអាងថា ស្តេច​គ្មាន​ភាព​អៀនខ្មាស់​អង្គ​នេះ កំពុងតែ​ធ្វើ​ឲ្យ​អសោច​កេរ្តិ៍​ខ្លួនឯង និង​គ្រួសារ​របស់​ទ្រង់ ។ ច្បាស់​ណាស់​ថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ខ្លួនឯង​។​ ​លោក​បន្តថា កាលពី​សប្តាហ៍​មុន រថយន្ត Rolls Royce ១៩​គ្រឿង ត្រូវបាន​ដឹក​មកដល់​ប្រទេស​ស្វា​ស៊ី​ឡង់ សម្រាប់​ការប្រើប្រាស់​របស់​ទ្រង់ មាតា​របស់​ទ្រង់ និង​ភរិយា​របស់​ទ្រង់​៕​