យន្ដហោះ​យោធា​រុស្ស៊ី បើក​ធ្លា​ក់លើ​លំនៅឋាន​កណ្ដាល​ទីក្រុង ស្លា​-​ប់ និង​របួស​ជិត​៣០​នាក់​

ព័ត៌មានអន្តរជាតិ
0
101


​រដ្ឋធានី​មូ​ស្គូ​៖ យន្ដហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី មួយគ្រឿង កំពុងតែ​ហោះ​ហ្វឹកហ្វឺន ក៏​ជួបនឹង​គ្រោះថ្នាក់​ដ៏​អាក្រក់ ធ្លាក់​នៅលើ​តំបន់​លំនៅឋាន កណ្ដាល​ទីក្រុង​យេ​យ​ស្ក៍ (Yeysk) នា​ភាគខាងត្បូង ប្រទេស​រុស្ស៊ី ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដោយបាន​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​អគារ​យ៉ាង​សន្ធោសន្ធៅ​ឡើង បណ្ដាល​ឲ្យ​មនុស្ស យ៉ាងតិច​៤​នាក់​បាត់​បង់ជីវិត និង ២៥​នាក់​ផ្សេងទៀត បាន​រងរបួស​។​

​សារព័ត៌មាន Hunter Valley News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៨ ខែតុលា ថា បើតាម​សេចក្ដីរាយការណ៍​ជាច្រើន បាន​ឲ្យ​ដឹង ថា ការធ្លាក់​យន្ដហោះ​យោធា​របស់​កងទ័ព​រុស្ស៊ី បាន​បណ្ដាល​ឲ្យ​តំបន់​អគារ​លំនៅឋាន រង​នូវ​គ្រោះ​អគ្គិភ័យ ហើយ​ត្រូវបាន​ហៅ​ទៅកាន់​ក្រុម​សង្គ្រោះបន្ទាន់ មកជួយ​អន្ដរាគមន៍​។

​អាជ្ញាធរ​ក្នុង​តំបន់ បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា មនុស្ស​យ៉ាងតិច​៤​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ នៅ​ជិត​ព្រំដែន​ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំណែក​មនុស្ស​២៥​នាក់​ផ្សេងទៀត បាន​រងរបួស ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ ថា យន្ដហោះ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​រុស្ស៊ី មួយគ្រឿង ប្រភេទ Su-34 កំពុងតែ​ហោះ​ហ្វឹកហ្វឺន កាលពី​ល្ងាច ថ្ងៃ​ចន្ទ ស្រាប់តែ​ម៉ាស៊ីន​មួយ​របស់​យន្ដហោះ មាន​ភ្លើង​ឆាបឆេះ​ឡើង​។ ស្ថិតក្នុង​ហេតុការណ៍​ប្រកបដោយ​គ្រោះថ្នាក់​បែបនេះ អាកាសយានិក នៅក្នុង​យន្ដហោះ​នោះ ក៏បាន​ចុ​ត​ឆត្រ​លោត​ចេញ មុនពេល​វា​ធ្លាក់​។​

​បើតាម​វីដេអូ បានឃើញ​ជាក់ស្តែង បង្ហាញ​ពី​អ្នកស្រុក ព្យាយាម​ជួយ​អ្នកបើក​យន្តហោះ​ម្នាក់​ដែល​ដេក នៅ​លើដី​ក្បែរ​នោះ ដោយមាន​ទាំង​ឆត្រយោង នៅ​ពី​ក្រោយខ្នង​របស់គាត់ ថែម​ទៀតផង​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​យោងតាម​របាយការណ៍ ពី​អ្នកបើក​យន្តហោះ ដែល​បាន​លោត ចេញពី​យន្តហោះ អះអាង ថា មូលហេតុ នៃ​ការធ្លាក់​យន្ដហោះ​នេះ មកពី​មាន​ភ្លើង​ឆេះ​ម៉ាស៊ីន​មួយ នៅក្នុង​អំឡុងពេល​ហោះ​ហ្វឹកហ្វឺន​។ ចំណែក​ចំណុច​ដែល​យន្ដហោះ Su-34 នោះ​ធ្លាក់ ជាទី​ធ្លា​ប្លុក​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ហើយ​ប្រេងឥន្ធនៈ​របស់​យន្ដហោះ ក៏បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ឡើង​»​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន នៅក្នុង​តំបន់​ម្នាក់ ស្ថិតក្នុង​ទីក្រុង Yeysk បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍ Rossiya 24 គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី ថា ប្លុក​អគារ​ចំនួន​២ បាន​រង​នូវ​គ្រោះ​អគ្គិភ័យ​។ ចំណែក​កុមារ នៅក្នុង​សាលា​ជិត​នោះ ត្រូវបាន​ជម្លៀសចេញ ដោយ​សុវត្ថិភាព​។​

​ជាមួយគ្នានេះ វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ជាតិ និង តំបន់ ត្រូវតែ​ផ្ដល់ជំនួយ​ចាំបាច់ ជួយ​ដល់​ជនរងគ្រោះ ពី​គ្រោះ​អគ្គិភ័យ នៅ​កណ្ដាល​ទីក្រុង Yeysk ហើយ​ក្រុមមន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ក៏ត្រូវ​បញ្ជូនទៅ​ជួយ​សម្របសម្រួល ដល់​មជ្ឈមណ្ឌល​ឆ្លើយតប​នឹង​វិបត្ដិ​នេះ​ផងដែរ​។​

​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី បានបញ្ជាក់ ថា ខ្លួន​នឹង​បើក​ការស៊ើបអង្កេត លើ​ករណី​ព្រហ្មទណ្ឌ និង បាន​បញ្ជូន​ក្រុម​ស៊ើបអង្កេត ទៅកាន់​កន្លែង​ធ្លាក់​យន្ដហោះ​នោះ ដោយ​មិនបាន​ផ្ដល់​ហេតុផល​ណាមួយ​នោះឡើយ​។​

​ទីក្រុង Yeysk នៅ​ឈម​នឹង​ដែនដី​កាន់កាប់ ដោយ​រុស្ស៊ី ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ខណ្ឌ ដោយ​សមុទ្រ​អា​ហ្សូ​វ (Azov)​។ ទីក្រុង​នោះ ត្រូវបាន​ប្រើប្រាស់ ជា​មូលដ្ឋាន​ហ្វឹកហ្វឺន​ដ៏​ធំ សម្រាប់​កងទ័ពអាកាស​របស់​ទាហានជើងទឹក​រុស្ស៊ី​៕