បើច​ន​សុន វិល​មក​ធ្វើ​នាយករដ្ឋមន្ដ្រី វិញ នឹង​បំផ្លាញ​មហិច្ឆតា​សង្គ្រាម​របស់ ពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
108


​រាជធានី​ឡុង​ដ៍​៖ ក្រោយពេល​លោកស្រី លី​ស ត្រាស់ (Liz Truss) បានប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស មិនបាន​ប៉ុន្មាន​ម៉ោង​ផង ធ្វើ​ឲ្យ​គេ​រំពឹងទុក ថា អតីត​នាយករដ្ឋមន្ត្រី លោក Boris Johnson អាច​នឹង​វិលត្រឡប់ មក​ប្រកួតប្រជែង​យក​តំណែង​នេះ ប៉ុន្ដែ​អ្វីដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) មិន​សប្បាយចិត្ត និង ត្រូវ​បំផ្លាញ​មហិច្ឆតា​របស់គាត់​នោះ ប្រសិនបើ ច​ន​សុន ក្លាយជា​នាយករដ្ឋមន្ដ្រី​ម្ដងទៀត​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស The Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា ថា លោក បូរី​ស ច​ន​សុន (Boris Johnson) អតីត​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស ត្រូវគេ​រំពឹង ថា គាត់​នឹង​វិលត្រឡប់ មក​ចូលរួម​ប្រឡូក នៅក្នុង​ការប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ដ្រី​ជាថ្មី ក្រោយ​ការប្រកាស​លាលែង​តំណែង​របស់​លោកស្រី លី​ស ត្រាស់ (Liz Truss)​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស The Times កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រាយការណ៍ ថា លោក បូរី​ស ច​ន​សុន កំពុងតែ​និយាយ អំពី​លទ្ធភាព​ជាមួយ​មិត្តភក្តិ ព្រោះ​គាត់​ជឿ ថា គាត់​អាច​បង្វែរ​គណបក្ស​អភិរក្ស​របស់គាត់ ដែលមាន​ស្លាកស្នាម​នឹង​រឿងអាស្រូវ នាពេល​កន្លងមក ឲ្យ​ស្ថិតក្នុង​ស្ថានភាព​មួយ គិតពី​ផលប្រយោជន៍​ជាតិ​។ សមាជិកសភា​ជាច្រើន មកពី​គណបក្ស​អភិរក្សនិយម បានលើកឡើង​រួចមកហើយ ថា ច​ន​សុន នឹង​ឡើង កាន់តំណែង​ជំនួស​លោកស្រី លី​ស ត្រាស់​។​

​លោកស្រី លី​ស ត្រាស់ ត្រូវបាន​ជ្រើសរើស ឲ្យ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី បន្ដ​ពី​លោក បូរី​ស ច​ន​សុន ក្រោយពេល​គាត់​បានប្រកាស​លាលែង​ពី​តំណែង​។ ប៉ុន្ដែ​ឥឡូវ លោកស្រី បានប្រកាស​លាលែង​ពី​តំណែង​កំពូល​នេះ ក្រោយ​ការ​កាន់តំណែង ត្រឹមតែ​រយៈពេល​៤៥​ថ្ងៃ ដោយសារ​វិបត្ដិ​សេដ្ឋកិច្ច និង នយោបាយ​។ លោកស្រី ក្លាយជា​នាយករដ្ឋមន្ដ្រី​របស់​ចក្រភព​អង់គ្លេស កាន់តំណែង មាន​រយៈពេល​ដ៏​ខ្លី​បំផុត នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​។​

​នៅក្នុង​តំណែង ជា​នាយករដ្ឋមន្ដ្រី​រប​ស់​ចក្រភព​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​គាំទ្រ​យ៉ាងខ្លាំង​ក្លា ដល់​ការតស៊ូ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។ ជាមួយ​សកម្មភាព​គាំទ្រ​ដល់​អធិបតេយ្យភាព ឯករាជភាព និង បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នោះ រដ្ឋាភិបាល​របស់លោក ច​ន​សុន បាន​ផ្គត់ផ្គង់​គ្រឿង​សឹក​ទំនើបៗ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ជួយ​ដល់​ប្រទេស​អឺរ៉ុប​មួយ​នេះ​។ ជាងនេះទៅទៀត លោក ច​ន​សុន ថែមទាំង​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន ជាច្រើនលើក​ថែមទៀត​ផង​។​

​ប្រសិនបើ​លោក បូរី​ស ច​ន​សុន វិលត្រឡប់ មក​ធ្វើជា​នាយករដ្ឋមន្ដ្រី​រប​ស់​ចក្រភព​អង់គ្លេស វិញ ដូច​ការរំពឹង​របស់​មនុស្ស​ជាច្រើន មែន​នោះ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាន់តែ​ប្រឈមមុខ​នឹង​ការលំបាក​ខ្លាំង​ឡើង​បន្ថែមទៀត នៅក្នុង​ការធ្វើ​សង្គ្រាម នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ព្រោះ​លោក ច​ន​សុន មាន​គោលនយោបាយ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ប្រឆាំងនឹង​សកម្មភាព​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​ជិត​ខាត​។ លោក បូរី​ស ច​ន​សុន ធ្លាប់​សើចចំអក​ដាក់​ប្រធានាធិបតី ពូ​ទីន ថា ប្រសិនបើ​មាន​ស្ដ្រី កាន់តែច្រើន ឡើងកាន់តំណែង​កំពូល ដូច ពូ​ទីន នឹង​មិនមាន​សង្គ្រាម​នោះឡើយ​។ ដូច្នេះ គាត់​សូម​អំពាវនាវ​ដល់​ស្ដ្រី​ទាំងអស់ ត្រូវតែ​តស៊ូ ប្រកួតប្រជែង សម្រាប់​តំណែង​កំពូល​ទាំងនេះ ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ឈ្លានពាន​បន្ដទៀត​៕​