អតីតមន្ដ្រី​ប៉ូលិស​ថៃ​ម្នាក់ បាញ់សម្លាប់​មនុស្ស​ជាង​៣០​នាក់ មុននឹង​បាញ់​កូន​ប្រពន្ធ​និង​ខ្លួនឯង​

ព័ត៌មានអន្តរជាតិ
0
136



​រាជធានី​បាងកក​៖ មន្ដ្រីប៉ូលិស​ថៃ​ម្នាក់ ដែល​ត្រូវបាន​បណ្ដេញ​ពី​ក្របខ័ណ្ឌ​ប៉ូលិស ដោយសារតែ​សេព​គ្រឿងញៀន បាន​បាញ់រះ​ចូល​ម​ណ្ដ​ល​កុមារ សម្លាប់​មនុស្ស​ជាង​៣០​នាក់ កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែតុលា នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ ស្ថិតក្នុង​ស្រុក​ណា​ក្លាង (Na Klang) ខេត្ត​ណុង​ប៊ូ​ឡាំ​ភូ (Nong Bua Lam Phu) ហើយ​រត់គេចខ្លួន មកដល់​ផ្ទះ បន្ដ​បាញ់សម្លាប់​កូន និង ប្រពន្ធ​របស់ខ្លួន មុននឹង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែតុលា ថា អតីត​ប៉ូលិស​ថៃ ម្នាក់ បានសម្លាប់​មនុស្ស​យ៉ាងតិច​៣៧​នាក់ ដែល​ភាគច្រើន​ជា​កុមារ​។ ការវាយប្រហារ​នេះ បានកើត​ឡើង នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​មួយកន្លែង នា​ភាគ​ឦសាន ប្រទេស​ថៃ​។​

​មន្ដ្រីប៉ូលិស​ថៃ បានបញ្ជាក់ ថា អតីតមន្ត្រី​ប៉ូលិស​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើង និង កាំបិត​បាន​សម្រុក​បាញ់ប្រហារ ទៅក្នុង​កន្លែង​បណ្តុះ​កូន​មួយ នៅ​ភាគ​ឦសាន​ប្រទេស​ថៃ កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​សម្លាប់​មនុស្ស យ៉ាងហោចណាស់​ជាង​៣០​នាក់ ដែល​ភាគច្រើន​ជា​កុមារ មុនពេល​សម្លាប់​ខ្លួនឯង និង ក្រុមគ្រួសារ​។​

​លោក​ឧត្ដមសេនីយ៍ តូ​សាក់ ស៊ូ​កវី​ម៉ូ​ល (Torsak Sukwimol) អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ បាន​ថ្លែង មុនដំបូង ថា មនុស្ស ចំនួន​៣៤​នាក់ បាន​ស្លាប់ ហើយ​ក្នុងចំណោម​ជនរងគ្រោះ ទាំងនោះ មាន​កុមារ​ចំនួន​២២​នាក់ ក្រោយពេល​អតីត​មន្ដ្រីប៉ូលិស លោក ប៉ាន​យ៉ា ខាម​រ៉ាប (Panya Khamrab) បាន​វាយប្រហារ ចូលទៅក្នុង​មណ្ឌល​ថែទាំ​កុមារ បើក​ដំណើរការ ដោយ​អង្គការ​រដ្ឋបាល​ឃុំ​អ៊ូ​ថៃ សាវ៉ា​ន់ (Uthai Sawan) ស្រុក Na Klang​។ ក្រៅពីនេះ ក៏មាន​មនុស្ស ចំនួន​១២​នាក់​ផ្សេងទៀត បាន​រងរបួស ហើយ​ក្នុងនោះ​មាន​អ្នករងរបួស​ធ្ងន់ ចំនួន​៨​នាក់​។​

​បើតាម​របាយការណ៍​ចុងក្រោយ​របស់​ប៉ូលិស​ថៃ បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់ បានកើត​ឡើង ដល់​៣៨​នាក់ ខណៈពេល​មុន បានបញ្ជាក់ ថា មាន​អ្នកស្លាប់ ចំនួន​៣៥​នាក់​។ នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំងនោះ មាន​មនុស្សពេញវ័យ ចំនួន​១១​នាក់ និង កុមារ ចំនួន​២៤​នាក់ ហើយ​មនុស្ស ចំនួន​១៥​នាក់​ផ្សេងទៀត បាន​រងរបួស​។ ចំណែក ជនដៃដល់​បាន​ប្រើប្រាស់​កាំភ្លើងខ្លី ម៉ាក SIG Sauer P365 និង កាំបិត​ចុង​ស្រួច​។ ប៉ូលិស បានដាក់​ការសង្ស័យ ថា ខ្មាន់កាំភ្លើង អាយុ​៣៤​ឆ្នាំ​រូបនេះ អាច​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿងញៀន ខណៈ​វាយប្រហារ មកលើ​មជ្ឈមណ្ឌល​កុមារ​។​

​មន្ដ្រីប៉ូលិស​ថៃ បាន​បញ្ជាក់ថា ខ្មាន់កាំភ្លើង​រូបនេះ ធ្លាប់​ធ្វើជា​ប៉ូលិស ហើយ​ត្រូវបាន​បណ្ដេញ ពី​ក្របខ័ណ្ឌ​ប៉ូលិស កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន​។ ការសម្រេច​បណ្ដេញ ចេញពី​ក្របខណ្ឌ​ប៉ូលិស​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២០ ខែមករា ជា​ថ្ងៃ​ដែល​គាត់ ត្រូវ​ចាប់ខ្លួន និង សារភាព ចំពោះ​ការចោទប្រកាន់​នេះ​។​

​ការិយាល័យ​មជ្ឈមណ្ឌល​ស៊ើបអង្កេត បាន​បង្ហោះ នៅលើ​ទំព័រ​ផ្លូវការ ថា ខ្មាន់កាំភ្លើង បាន​រត់គេចខ្លួន មកដល់​ផ្ទះ ហើយ​បាញ់​ខ្លួន​ប្រពន្ធ និង កូន​របស់គេ មុននឹង​បាញ់​សម្លាប់ខ្លួន តាម​ក្រោយ​៕​