ក្រុង​វ៉ាស៊ីនតោន​គំរាម​ក្រុង​មូ​ស្គូ កុំ​រក​លេស​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម ឬ​អាវុធ​នុយក្លេអ៊ែរ​

ព័ត៌មានអន្តរជាតិ
0
100



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​ទទួលរង​បរាជ័យ​ផ្ទួន នៅលើ​សមរភូមិ ទាំង​នៅ​ភាគ​ខាងកើត និង ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន ក្រុង​មូ​ស្គូ ចាប់ផ្ដើម​រក​លេស​ចោទប្រកាន់​ដល់​ក្រុង​កៀវ អំពី​ការរៀបចំ​ប្រើប្រាស់​អាវុធ​ដ៏​សាហាវ ប៉ុន្ដែ​ត្រូវ​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​បស្ចិម​លោក បាន​ទាត់ចោល ហើយ​ថែមទាំង​ព្រមាន​ជាថ្មី អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​រុស្ស៊ី ប្រសិនបើ​ហ៊ាន​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ថា ក្រុង​វ៉ាស៊ីនតោន និង បណ្តា​សម្ពន្ធមិត្ត​លោកខាងលិច បាន​ចោទប្រកាន់​ដល់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) អំពី​ការរៀបចំ​ផែនការ​បង្កើត​សម្មភាព​យោធា​ថ្មី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពេល​ក្រុង​មូ​ស្គូ ក្លែង​ធ្វើជា​ជឿ ថា ក្រុង​កៀវ នឹង​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម ដែលជា​ឧបករណ៍ មាន​សារធាតុ​នុយក្លេអ៊ែរ​។​

​លោក ណេ​ត ប្រា​យស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ចន្ទ បាន​អះអាង ថា រុស្ស៊ី អាច​ប្រឈមមុខ​នឹង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ក្រុង​មូ​ស្គូ ហ៊ាន​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម ឬ អាវុធ​នុយក្លេអ៊ែរ នៅ​អ៊ុយ​ក្រែ​ន​។

​អ្នកនាំពាក្យ ក្រសួងការបរទេស​រូប​នេះ បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា «​ប្រាកដ​ណាស់​ថា ជាការ​សាកល្បង ប្រកបដោយ​គ្រោះថ្នាក់​បំផុត​មួយ ប្រសិនបើ​ប្រធានាធិបតី លោក ពូ​ទីន បញ្ជា​ឲ្យ​ប្រើប្រាស់​គ្រាប់បែក​ប្រភេទ​នេះ​មែន ហើយ​វា​នឹង​នាំមក​នូវ​ផលវិបាក សម្រាប់​រុ​ស្ស៉ី មិន​ថា ក្រុង​មូ​ស្គូ មាន​ជម្រើស​រើស ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម ឬ គ្រាប់បែកនុយក្លេអ៊ែរ នោះឡើយ​។ យើង​បាន​យល់ច្បាស់ អំពី​ករណីនេះ​»​។

​លោក ណេ​ត ប្រា​យស៍ បាន​បន្ដ ថា រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក នៅ​មិនទាន់​រកឃើញ មាន​សញ្ញា​ណាមួយ ពាក់ព័ន្ធ​នឹង​រុ​ស្ស៉ី ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅឡើយ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក នៅតែមាន​ការព្រួយបារម្ភ អំពី​ការប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម ព្រោះ​វា​អាចធ្វើ​ទៅបាន ក្រោយ​ការលើកឡើង​របស់​មន្ត្រី​រុ​ស្ស៉ី ដោយបាន​ចោទប្រកាន់ ទៅលើ​អ៊ុយ​ក្រែ​ន កំពុងតែ​រៀបចំ​ប្រើប្រាស់​គ្រាប់បែក​ប្រភេទ​នេះ​។​

​វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់ថា ការគំរាមកំហែង ដោយ​ការប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​របស់​អ៊ុយ​ក្រែ​ន គឺជា​រឿង​ពិត ហើយ​វា​អាស្រ័យ ថា​តើ​ប្រទេស​លោកខាងលិច ជឿ ឬ មិន​ជឿ​? ប៉ុន្ដែ​ការលើកឡើង​របស់​រុស្ស៊ី ត្រូវបាន​ក្រុង​កៀវ និង បណ្ដា​ប្រទេស​មហាអំណាច​បស្ចិម​លោក ទាត់ចោល​ការចោទប្រកាន់​ទាំងនោះ ដោយ​ចាត់ទុកថា វា​គ្រាន់តែ​ជា​លេស​មួយ បង្កឡើង ដោយ​ក្រុង​មូ​ស្គូ តែប៉ុណ្ណោះ​៕​