​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ទទួល​មរតក​ដោះស្រាយ​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ពី​អ្នក​កាន់តំណែង​មុន

ព័ត៌មានអន្តរជាតិ
0
98



​រាជធានី​ឡុង​ដ៍​៖ នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) នឹងត្រូវ​ប្រឈម​មុខជា​មួយ​ភារកិច្ច​យ៉ាងធ្ងន់ធ្ងរ​ធំ​បំផុត ជា​មរតក​បាន​បន្សល់​ទុក ពី​អ្នក​កាន់តំណែង​មុន​របស់គាត់ ហើយ​គាត់​ចាំបាច់ ត្រូវតែ​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​

​សារព័ត៌មាន ABC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ថា លោក រី​ស៊ី ស៊ូ​ណាក់ គឺជា​អ្នកនយោបាយ​វ័យក្មេង​បំផុត និង មានបទពិសោធន៍​តិច​បំផុត បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ក្រោយពេល​គាត់​បាន​ចូល​សភា រយៈពេល​៧​ឆ្នាំ​។ លោក Rishi Sunak បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ដ្រី កាលពី​ថ្ងៃ​អង្គារ ដោយ​សន្មត​ថា វា​ជា​តំណែង​នយោបាយ​ដ៏​គួរឱ្យខ្លាច​បំផុត​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស នា​សម័យ​ទំនើប​។

​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ រូបនេះ នឹង​ទទួល​ភារកិច្ច ក្នុងការ​ដោះស្រាយ​វិបត្តិ​ជាច្រើន រួមទាំង អតិផរណា​កំពុងតែ​កើនឡើង តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ភាពចលាចល​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង សេដ្ឋកិច្ច​កំពុងតែ​រង​ការប៉ះពាល់​យ៉ាងខ្លាំង​។ លោក រី​ស៊ី ស៊ូ​ណាក់ បាន​ព្រមាន​ថា ចក្រភព​អង់គ្លេស ប្រឈមមុខ​នឹង​«​វិបត្ដិ​ស​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​បំផុត​» ហើយ​គាត់​បាន​សន្យា ថា នឹង​បង្កើត​«​ស្ថិរភាព និង​ឯកភាព​»​។​

​អតីត​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ និង ជា​អ្នកនយោបាយ មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ មួយរូប នៅក្នុង​រដ្ឋសភា ឥឡូវនេះ នឹងត្រូវ​ស្វែងរក​ការកាត់បន្ថយ​ការចំណាយ​យ៉ាងច្រើន សម្រាប់​ទប់ទល់​នឹង​ការចំណាយ ចំនួន​៤០​ពាន់​លាន​ផោន ឬ​ស្មើនឹង​ប្រហែល ៤៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ខណៈ​គោលជំហរ នៃ​គណបក្ស​របស់គាត់ នៅក្នុង​ប្រទេស​បាន​ថយចុះ​។​

​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស រូបនេះ កាលពី​ថ្ងៃ​ចន្ទ បាន​ព្រមាន ដល់​សហសេវិក​គណបក្ស​អភិរក្សនិយម​របស់គាត់ ថា គណបក្ស​នេះ ប្រឈមមុខ​នឹង «​វិបត្តិ​អស្ថិរភាព​» ប្រសិនបើ​គណបក្ស មិន​ជួយ​ដឹកនាំ​ប្រទេស តាមរយៈ​អ្វីដែល​គាត់ បាន​ពិពណ៌នា ថា វា​ជា បញ្ហា​ប្រឈមមុខ​នឹង​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ លោកនាយក​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់ ថា «​ឥឡូវ យើង​ត្រូវការ​ចាំបាច់​នូវ​ស្ថិរភាព និង ឯកភាព ហើយ​ខ្ញុំ​នឹងធ្វើ​ឱ្យ​វា ក្លាយជា​អាទិភាព​បំផុត​របស់ខ្ញុំ ដើម្បី​ដឹកនាំ​គណបក្ស និង ប្រទេស​របស់​យើង ឲ្យ​រួបរួមគ្នា​»​។​

​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) ជា​នាយករដ្ឋមន្ដ្រី​វ័យក្មេង​ជាងគេ​បំផុត នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​ចក្រភព​អង់គ្លេស អស់​រយៈពេល​ជាង​២០០​ឆ្នាំ​កន្លងមកនេះ​។ គាត់ ក៏​ជា​ជនជាតិ​អាស៊ី​លើក​ទី​១ បាន​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ក្រោយពេល​គាត់​បាន​ចូលមក​ស្នង​តំណែង បន្ដ​ការដឹកនាំ ពី​លោកស្រី លី​ស ត្រាស់ (Liz Truss) ដែល​បានប្រកាស​លាលែង​ពី​តំណែង កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​លោកស្រី បាន​កាន់តំណែង ត្រឹមតែ​រយៈពេល​៤៤​ថ្ងៃ ដែល​ហ៊ុមព័ទ្ធ​ទៅ ដោយ​ភាពវឹកវរ នៅក្នុង​វិបត្ដិ​សេដ្ឋកិច្ច​។​

​ជាមួយនឹង​ការចំណាយ​លើ​ការប្រាក់​បំណុល​កើនឡើង និង ទស្សនវិស័យ សម្រាប់​សេដ្ឋកិច្ច​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​នោះ លោក រី​ស៊ី ស៊ូ​ណាក់ នឹងត្រូវ​ពិនិត្យឡើងវិញ​នូវ​ការចំណាយ​ទាំងអស់ រួមទាំង ការចំណាយ​លើ​ផ្នែក ដែលមាន​ភាព​រសើប​លើ​ផ្នែក​នយោបាយ ដូចជា សុខភាព ការអប់រំ វិស័យ​ការពារជាតិ សុខុមាលភាព និង ប្រាក់​សោធន​និវត្តន៍ ជាដើម​។​

​ក្រោយពេល​ព្រះមហាក្សត្រ ឆា​លស៍ បានតែងតាំង ជា​នាយករដ្ឋមន្ដ្រី នៅក្នុង​ព្រះបរមរាជវាំង​បាក់​ឃី​ង​ហាម (Buckingham Palace) រួចមក ភារកិច្ច​ដំបូង​របស់​លោកនាយក​រដ្ឋមន្ដ្រី នឹងត្រូវ​ជ្រើសរើស​គណៈរដ្ឋមន្ដ្រី​ជាន់ខ្ពស់ ដែល​តំណាងរាស្ដ្រ​គណបក្ស​អភិរក្សនិយម​ខ្លះ សង្ឃឹម ថា នឹង​រាប់បញ្ចូល ទាំង​អ្នកនយោបាយ មកពី​គ្រប់​គណបក្ស​។ ក្រៅពីនេះ គេ​រំពឹង ថា លោកនាយក​រដ្ឋមន្ដ្រី នឹង​រក្សាទុក​លោក ជេ​រេ​មី ហាន់​ត៍ (Jeremy Hunt) នៅ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដដែល បន្ទាប់ពី​អតីតរដ្ឋមន្ត្រី​ការបរទេស និង សុខាភិបាល រូបនេះ បាន​ជួយ​ធ្វើឱ្យ​ទីផ្សារ​មូល​ប​ត្រ​បំណុល មាន​ភាពប្រែប្រួល ដោយសារ​ការលុបចោល​កម្មវិធី​សេដ្ឋកិច្ច​របស់លោក​ស្រី Liz Truss មួយចំនួនធំ​។​

​ជាមួយគ្នានេះ ក្រុម​វិនិយោគិន ក៏​នឹង​ចង់ដឹង​ដែរ ប្រសិនបើ​លោកនាយក​រដ្ឋមន្ដ្រី នឹង​ប្រកាន់ខ្ជាប់​នូវ​ផែនការ​បោះពុម្ព​ថវិកា​ថ្មី រួម​នឹង​អត្រា​ការខ្ចីប្រាក់ ហើយ​ការព្យាករណ៍​កំណើន នៅ​ថ្ងៃទី​៣១ ខែតុលា ដែល​នឹង​ជួយផ្ដល់​ដំណឹង ដល់​ធនាគារ​អង់គ្លេស អំពី​សកម្មភាព​បន្ទាប់​របស់​ធនាគារ​អង់គ្លេស លើ​អត្រា​ការប្រាក់ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ។​

​លោក Sunak ក៏​ធ្លាប់ធ្វើ​អ្នកវិភាគ​ឲ្យ​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍​របស់​សហរដ្ឋអាមេរិក ឈ្មោះ Goldman Sachs ហើយ​គាត់​ទើបតែ​ចូលមក​សភា នៅក្នុង​ឆ្នាំ​២០១៥​។ គាត់​ក៏​នឹងត្រូវ​ការបង្រួបបង្រួម​គណបក្ស​របស់គាត់​ផងដែរ ដោយ​ដឹង ថា អ្នកបោះឆ្នោត មានការ​ខឹងសម្បា​កាន់តែខ្លាំង ចំពោះ​ភាព​ស្រើបស្រាល​របស់​អ្នកនយោបាយ នៅ Westminster ខណៈ​សេដ្ឋកិច្ច ឈានទៅរក​វិបត្តិ​សេដ្ឋកិច្ច ដោយ​ការកើនឡើង​តម្លៃ​ថាមពល និង ថ្លៃ​ម្ហូបអាហារ​។​
លោក អាន​តូ​នី សែ​ល​ដុន (Anthony Seldon) ជា​អ្នកប្រវត្តិសាស្ត្រ និង ជា​អ្នកនិពន្ធ​ជី​វប្រ​វ​ត្ដិ​នយោបាយ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Sunak បាន​ចូលខ្លួន មក​ទទួល​មរតក​សេដ្ឋកិច្ច និង នយោបាយ​ដ៏​លំបាក​បំផុត​របស់​មេដឹកនាំ​អង់គ្លេស ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ ហើយនឹង​ត្រូវបាន​រំខាន ដោយ​កំហុសឆ្គង​របស់​អ្នក​កាន់តំណែង​មុន​របស់គាត់​៕