វៀតណាម បង្ក្រាប​មន្ដ្រីជាន់ខ្ពស់​កា​រពារ​ព្រំដែន​និង​ឆ្មាំ​សមុទ្រ រត់ពន្ធ​ប្រេង​១៣០​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
190
រដ្ឋធានី​ហាណូយ​៖ វៀតណាមបាន​ចាប់ខ្លួន និង កាត់ទោស​មន្ដ្រីជាន់ខ្ពស់​ការពារ​ព្រំដែន និង ឆ្មាំ​សមុទ្រ​ជាច្រើន​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​ប្រេងសាំង មានតម្លៃ​១៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន Vietnam News បាន​ផ្សាយ​ថា តុលាការយោធា​យោធភូមិភាគ​ទី​៧ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ បាន​កាត់ទោស​ជនជាប់ចោទ ចំនួន​១៤ នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង «​រត់ពន្ធ​, ទទួល​សំណូក​, រៀបចំ​អ្នកផ្សេង​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស និង ការខកខាន​មិនបាន​បង្ក្រាប​លើ​អំពើ​ឧក្រិដ្ឋកម្ម​»​។​


​ជនជាប់ចោទ ចំនួន​១៤​នាក់ រួមទាំង មន្ត្រីជាន់ខ្ពស់ ជាច្រើន​នាក់ មកពី​ឆ្មាំ​ការពារ​ព្រំដែន និង ឆ្នេរសមុទ្រ ត្រូវបាន​ចោទប្រកាន់ ពីបទ​រត់ពន្ធ​ប្រេងសាំង ចំនួន​២០០​លាន​លីត្រ ដែលមាន​តម្លៃ​ប្រហែល ២,៨​ពាន់​ពាន់​លាន​ដុង (​លុយ​វៀតណាម​) ឬ​ស្មើនឹង​ប្រហែល ១៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិកមកកាន់​ប្រទេស​វៀតណាម​។ ជនជាប់ចោទមាន​ទាំង​មេបញ្ជាការ​ប្រចាំ​តំបន់​ជាច្រើន​នាក់ ក៏​ត្រូវបាន​ចោទប្រកាន់ពីបទ​រត់ពន្ធ ទទួល​សំណូក​សូកប៉ាន់ និងជួយ​មនុស្ស​ដោយ​ខុសច្បាប់ ឲ្យ​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។​

​ជនជាប់ចោទ មកពី​បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ រួមមាន ទី​១-​លោក ហ្វុ​ង ដា​ញ់​ថូ​អៃ (Phung Danh Thoai) អតីត​ប្រធាន​នាយកដ្ឋាន​ភស្ដុភារ នៃ​ការិយាល័យ​ប្រេង​, ទី​២-​លោក ឡេ វ៉ាន់​មិញ (Le Van Minh) អតីត​មេបញ្ជាការ​តំបន់​៤, ទី​៣-​លោក ឡេ ស៊ួ​ន ថា​ញ់ (Le Xuan Thanh) អតីត​មេបញ្ជាការ​តំបន់​៣ និង ទី​៤-​លោក លូ ថេ ឌុ​ក (Luu The Duc) អតីត​អនុប្រធាន​ស៊ើបការណ៍​សម្ងាត់​លេខ​២​។​


​ដោយឡែក ជនជាប់ចោទ​ចំនួន​៥​នាក់​ផ្សេងទៀត មកពី​ឆ្មាំ​ព្រំដែន​ប្រចាំ​តំបន់ រួមមាន ទី​១-​លោក ង្វៀន ថេ អា​ញ់ (Nguyen The Anh) អតីត​មេបញ្ជាការ​ឆ្មាំ​ការពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង (Kien Giang), ទី​២-​លោក ង្វៀន វ៉ាន់​ហុង (Nguyen Van Hung) អតីត​ប្រធាន​ច្រកព្រំដែន​កំពង់ផែ​ទ្រួ​ង​ឡុង​ហ័​រ (Truong Long Hoa), ទី​៣-​លោក ហ្វា​ម វ៉ាន់ ត្រែ​ន (Pham Van Tren) អតីត​មេបញ្ជាការ​ឆ្មាំ​ការពារ​ព្រំដែន​ខេត្ត​ត្រា​វិញ (Tra Vinh), ទី​៤-​លោក ង្វៀន ថា​ញ់ ឡា​ម (Nguyen Thanh Lam) អតីត​ប្រធាន​កងវរសេនាតូច​លេខ​២ នៃ​ឆ្មាំ​ការពារ​ព្រំដែន​ខេត្ត​សូក​ត្រាង (Soc Trang) និង ទី​៥-​លោក សុ​ន ហង ងូ (Son Hoang Ngu) បុគ្គលិក​ច្រកព្រំដែន​កំពង់ផែ​ទ្រួ​ង​ឡុង​ហ័​រ (Truong Long Hoa)​។​



​ក្រៅពីនេះ នៅមាន​ជនជាប់ចោទ​ផ្សេងទៀត មានដូចជា លោក ឡេ វ៉ាន់ ហ្វួ​ង (Le Van Phuong) អតីត​អនុប្រធាននាយកដ្ឋាន​ប៉ូលិស​ចរាចរណ៍​ខេត្ត​ត្រា​វិញ (Tra Vinh) ហើយ​ជនជាប់ចោទ​៤​នាក់​ដទៃទៀត រស់នៅ​ទីក្រុង​ហូជីមិញ ខេត្ដ​វុង​តៅ (Vung Tau) និង​ខេត្ត​ប៊ិ​ញ ឌិ​ញ (Binh Dinh) ផងដែរ​៕