មេដឹកនាំ​មហាអំណាច​លើ​លោក​ចំនួន​២ ចាប់ផ្ដើម​ងាក​រកគ្នា​វិញ ដើម្បី​ផលប្រយោជន៍​រួម​

ព័ត៌មានអន្តរជាតិ
0
128



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្របពេល​ចំណង​ទំនាក់ទំនង​ការទូត និង ពាណិជ្ជកម្ម រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង កាន់តែ​តានតឹង​ខ្លាំង​ឡើង ជុំវិញ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម បន្សល់ទុក តាំងពី​សម័យ​រដ្ឋការ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​បន្ដ​អូសបន្លាយ អស់​រយៈពេល​ជា​យូរ​ឆ្នាំកន្លងមក និង បញ្ជា​កោះ​តៃវ៉ាន់ ប៉ុន្ដែ​នៅ​ទីបំផុត មេដឹកនាំ​ប្រទេស​មហាអំណាច​កំពូល​ចំនួន​២ បានចាប់ផ្ដើម​ងាក មករក​គ្នា​វិញ ដើម្បី​ផលប្រយោជន៍​រួម​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បានបញ្ជាក់ នៅក្នុង​ជំនួប​ជាមួយនឹង​ក្រុម​ទីប្រឹក្សាយោធា​កំពូលៗ​របស់គាត់ ថា សហរដ្ឋអាមេរិក មិន​ស្វែងរក​ជម្លោះ ជាមួយនឹង​ប្រទេស​ចិន នោះឡើយ​។ បញ្ហា​នេះ សម​ភាគី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) ក៏​បានដឹង​រួចមកហើយ​ដែរ​។​

​លោក​ប្រធានាធិបតី បៃ​ដិ​ន បាន​សង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក នឹង​បន្ដ​នាំយក​បញ្ហា​មួយចំនួន ចេញពី​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​មានការ​ប្រែប្រួល​បរិយាកាស នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​ជាមួយគ្នានេះដែរ លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន បានបញ្ជាក់ ថា ចិន ក៏មាន​គោលបំណង ចង់​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ផ្លូវ​ដើរ នៅក្នុង​រយៈពេល​វែង សម្រាប់​ផលប្រយោជន៍ ទៅវិញទៅមក​។ លោក​ប្រធានាធិបតី បាន​ថ្លែង​បែបនេះ តាម​បណ្ដាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយសារ​ដ្ឋ​ចិន នៅ​មុនពេល​កិច្ចប្រជុំ​អាច​នឹង​កើតឡើង​ជាមួយនឹង​សម​ភាគី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​


​បណ្ដាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន CCTV បាន​ផ្សាយ​ថា លោក​ប្រធានាធិបតី ស៊ី បានបញ្ជាក់ ថា «​ពិភពលោក​សព្វថ្ងៃ មិនទាន់មាន​សន្តិភាព ឬ វិបុលភាព​ពេញលេញ​នៅឡើយ​ទេ​។ ប៉ុន្ដែ​ក្នុងនាម​ជា​មហាអំណាច​កំពូល ចិន​ត្រូវតែ​ពង្រឹង​នូវ​ការទាក់ទង និង កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​។ ចំណង​ទំនាក់ទំនង រវាង​មហាអំណាច​ទាំង​២​នេះ នឹង​ជួយ​បង្កើន​ស្ថិរភាព និង ភាពប្រាកដប្រជា ជា​សកលលោក ហើយ​លើកកម្ពស់​ដល់​សន្តិភាព និង ការអភិវឌ្ឍ​ពិភពលោក ថែម​ទៀតផង​»​។​

​លោក​ប្រធានាធិបតី​ចិន បាន​បន្ថែម ថា «​ចិន មាន​សុច្ឆន្ទៈ​ជានិច្ច ធ្វើ​កិច្ចសហការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​បង្កើត​ការគោរព និង ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ព្រមទាំង​ស្វែងរក​មធ្យោបាយ សម្រាប់​សម្រុះ​ស្រួល​គ្នា ហើយ​រួមរស់​ជាមួយគ្នា ប្រកបដោយ​ភាពសុខសាន្ត នៅក្នុង​យុគសម័យ​ថ្មី​។ បើ​ធ្វើ​យ៉ាង​ដូច្នេះ​បាន វា​មិន​ត្រឹម​មាន​ផលប្រយោជន៍​ល្អ សម្រាប់​ប្រទេស​មហាអំណាច​ទាំងពីរ​ទេ ប៉ុន្ដែ​វា​ជា​ផលប្រយោជន៍ ដល់​ពិភពលោក​ទាំងមូល​ថែម​ទៀតផង​»៕​