ប្រធានាធិបតី​អាមេរិកលក់​អាវុ.ធ​តម្លៃ​១,១​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​អុជ​បញ្ឆេះ​កំហឹ.ង​ចិន

ព័ត៌មានអន្តរជាតិ
0
146
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានស្នើ​ទៅ​សភា ដើម្បី​សុំ​អនុម័ត​នូវ​ការលក់​គ្រឿង​យុទ្ធភណ្ឌ​ទំនើបៗ​ជាថ្មី មាន​ទំហំ​ទឹកប្រាក់ ១,១​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ចំពេល​តៃវ៉ាន់​កំពុងតែ​តានតឹង​ជាមួយនឹង​ចិន​

​សារព័ត៌មាន Politico បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៣០ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានស្នើ​ទៅ​សភា ដើម្បី​អនុម័ត លើ​ការលក់​គ្រឿង​យុទ្ធភណ្ឌ មាន​ទំហំ​ទឹកប្រាក់ ១,១​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ រួមទាំង មី​ស៊ី​ល​ប្រឆាំងនឹង​នាវាចម្បាំង ចំនួន​៦០​គ្រឿង និង មី​ស៊ី​ល បាញ់​ពីលើ​អាកាស​ទៅលើ​អាកាស ចំនួន​១០០​គ្រឿង​។​


​កញ្ចប់​គ្រឿង​សព្វាវុធ​សម្រាប់​លក់ មាន​ទំហំ​ទឹកប្រាក់ ១,១​ពាន់​លាន​ដុល្លារ នេះ ក៏​រាប់បញ្ចូល​ទាំង​ការទិញ​មី​ស៊ី​ល​ប្រឆាំងនឹង​នាវា ប្រភេទ AGM-84L Harpoon Block II ចំនួន​៦០​គ្រឿង មានតម្លៃ​៣៥៥​លាន​ដុល្លារ​, មី​ស៊ី​លបាញ់​ពីលើ​អាកាស ទៅលើ​អាកាស ប្រភេទ AIM-9X Block II ចំនួន​១០០​គ្រឿង មានតម្លៃ ៨៥,៦​លាន​ដុល្លារ និង រ៉ា​ដា​ឈ្លបយកការណ៍ មានតម្លៃ ៦៥៥​លាន​ដុល្លារ​។ ដោយឡែក មី​ស៊ី​ល AIM-9X Block II ក៏​អាច​នឹង​ប្រើប្រាស់ សម្រាប់​បំពាក់ នៅលើ​យន្ដហោះ​ចម្បាំង​ផលិត​នៅ​សហរដ្ឋអាមេរិក ប្រភេទ F-16 របស់​តៃវ៉ាន់ ផងដែរ​។​

​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​អះអាង ជា​ទឹកដី​របស់ខ្លួន ក៏​ជា​ដែនដី​មួយ ស្ថិតក្នុង​ចំណោម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​រស់​រវើក​បំផុត នៅក្នុង​តំបន់ ហើយ​សហរដ្ឋអាមេរិក បាន​ចងភ្ជាប់​ដោយ​ច្បាប់​មួយ សម្រាប់​ផ្តល់​ជា​មធ្យោបាយ​ការពារ ដល់​តៃវ៉ាន់​។​



​គម្រោង​លក់​គ្រឿង​យុទ្ធភណ្ឌ​ទំនើបៗ​ជាថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ នាពេលនេះ បានកើត​ឡើង ចំពេល​មាន​ភាព​តានតឹង កាន់តែខ្លាំង​ជាមួយ​ចិន ខណៈ​ក្រុង​ប៉េកាំង មិនបាន​ច្រានចោល អំពី​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដណ្ដើម​គ្រប់គ្រង​កោះ​តៃវ៉ាន់ នេះឡើយ​។ ភាព​តានតឹង នៅក្នុង​តំបន់ បានកើត​ឡើង ក្រោយពេល​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បានមក​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា ក្រោម​ការប្រឆាំង​តវ៉ា​យ៉ាងខ្លាំង ពី​ចិន​។ ជាមួយនឹង​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​នោះ ក្រុង​ប៉េកាំង បានដាក់​ពង្រាយ​កងទ័ព​រំដោះប្រជាជន​ចិន នាវាចម្បាំង និង យន្ដហោះ​យោធា​របស់ខ្លួន​យ៉ាងច្រើន ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ដោយ​បាញ់​គ្រាប់​ពិត នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។​



​រដ្ឋាភិបាល​តៃប៉ិ បានបញ្ជាក់ កាលពី​ថ្ងៃទី​២៥ ខែសីហា ថា តៃវ៉ាន់ បាន​ស្នើសុំ​កញ្ចប់​ថវិកា លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ មាន​ទំហំ​ទឹកប្រាក់ ៥៨៦,៣​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​ជាង ១៩,៣៥៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ នា​ឆ្នាំ​២០២៣​នេះ បានកើត​ឡើង រហូតដល់ ១៣,៩​ភាគរយ បើ​ធៀប​នឹង​ការចំណាយ កាលពី​ឆ្នាំ​មុខ​។​


​តៃវ៉ាន់ បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ ដ៏​ច្រើន​បែបនេះ ក៏​ដោយសារតែ​មានការ​គំរាមកំហែង ពី​ប្រទេស​ចិន ចេះតែ​កើនឡើង មកលើ​សន្ដិសុខ នៅលើ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។ ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់ ជា​ដែនដី​របស់​ចិន ហើយ​ក្រុង​ប៉េកាំង នឹង​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ពី​ឯករាជភាព​៕​