សហរដ្ឋអាមេរិក បន្ដ​ដាក់ទណ្ឌកម្ម​លើ​មន្ដ្រីជាន់ខ្ពស់​អ៊ីរ៉ង់ បង្ក្រាប​លើ​បាតុករ​

ព័ត៌មានអន្តរជាតិ
0
118


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​ប៉ូលិស​អ៊ីរ៉ង់ បាន​បង្ក្រាប​ទៅលើ​ក្រុមអ្នកតវ៉ា ជុំវិញ​ការស្លាប់​នារី​វ័យក្មេង​ម្នាក់ នៅក្នុង​ពន្ធនាគារ​ផង​នោះ សហរដ្ឋអាមេរិក បានសម្រេច​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​អ្នកទទួលខុសត្រូវ នៅក្នុង​ពន្ធនាគារ​អេ​វិ​ន (Evin) ។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ថា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បានសម្រេច​ដាក់​គោលដៅ ទៅលើ​មន្ត្រី​អ៊ីរ៉ង់ មួយចំនួន ពាក់ព័ន្ធ​នឹង​ពន្ធនាគារ​អេ​វិ​ន Evin ស្ថិតក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ (Tehran) ។ ទណ្ឌកម្ម​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន ប្រឆាំងនឹង​អ៊ីរ៉ង់ ក៏​ផ្ដោតទៅលើ​បទល្មើស​បច្ចេកវិទ្យា និង ការបង្ក្រាប​លើ​ការតវ៉ា ពី​សំណាក់​ក្រុមប៉ូលិស នៃ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​ផងដែរ​។​

​លោក អេ​ន​តូ​នី ប្លី​ន​ខែ​ន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​យើង​នឹង​បន្ត​ស្វែងរក​មធ្យោបាយ​គាំទ្រ ជួយ​ដល់​ប្រជាជន​អ៊ីរ៉ង់ ដែល​តវ៉ា​ដោយ​សន្តិវិធី ការពារ​សិទ្ធិ និង សេរី​ភាពជា​មូលដ្ឋាន​របស់​ពួកគេ​។ ចំណែក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក នឹង​បន្ត​ដាក់បន្ទុក ទៅលើ​បុគ្គល និង អង្គភាព នៃ​ប្រទេស​អ៊ីរ៉ង់ ដែល​ចូលរួម​គាបសង្កត់​យ៉ាង​ឃោរឃៅ មកលើ​ពលរដ្ឋ​ស្លូតត្រង់​»​។​

​ការ​ផ្ទុះឡើង​បាតុកម្ម នៅតាម​បណ្ដា​ទីក្រុង​មួយចំនួន នៅក្នុង​ប្រទេស​អ៊ីរ៉ង់ បានកើត​ឡើង ក្រោយពេល​នារី​វ័យក្មេង​ម្នាក់ ឈ្មោះ ម៉ាស់​សា អា​មី​នី (Mahsa Amini) អាយុ​២២​ឆ្នាំ ត្រូវបាន​បូលិស​សីលធម៌ ចាប់​យកទៅ​ឃុំឃាំង ហើយ​ស្លាប់​នៅក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​។ ការស្លាប់​យ៉ាង​អ​យុត្ដិធម៌​របស់​នារី​រង​គ្រោះ បាន​បង្ក​ឲ្យ​ក្លាយជា​បញ្ហា​ប្រឈមមុខ​ដ៏​ខ្លាំងក្លា​បំផុត នៅក្នុង​ការដឹកនាំ​រប​ស់មេ​ដឹកនាំ​អ៊ីរ៉ង់ ចាប់តាំងពី​បដិវត្តន៍ នា​ឆ្នាំ​១៩៧៩​មក​៕​