រុ​ស្ស៊ី បន្ដ​បាញ់​មី​ស៊ី​ល និង វាយប្រហារ​តាម​អាកាស លើ​អ៊ុយ​ក្រែ​ន ស្រោច​ដូច​ទឹកភ្លៀង​

ព័ត៌មានអន្តរជាតិ
0
84


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ កម្លាំង​ទាហាន​រុស្ស៊ី បាន​បើក​ការវាយប្រហារ ដោយ​មី​ស៊ី​ល ចំនួន​៦០​គ្រាប់ និង វាយប្រហារ​តាម​អាកាស ចំនួន​១៥​ដង ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ហើយ​គ្រាប់​មី​ស៊ី​ល​ស្ទើរ​ទាំងអស់ ត្រូវបាន​ប្រព័ន្ធ​ការពារ​របស់​អ៊ុយ​ក្រែ​ន ស្ទាក់​ចាប់បាន​។​

​សារ​ព័​ត័​ត៌មាន Prava បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែវិច្ឆិកា ថា អគ្គ​នាយសេនាធិការ​ក​ង​ទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា ទាហាន​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​បាញ់​មី​ស៊ី​ល ចំនួន​៦០​គ្រាប់ វាយប្រហារ​តាម​អាកាស ចំនួន​១៥​ដង និង បាញ់​គ្រាប់​រ៉ុក្កែត ចំនួន​៤៥​ដង​បន្ថែមទៀត​។​

​សេចក្ដីរាយការណ៍​ដដែល​នោះ បាន​បន្ដ ថា កម្លាំង​ទាហាន​រុស្ស៊ី បានកំណត់​គោលដៅ វាយប្រហារ ទៅលើ​ទីតាំង​ជាង​៥០ រួមមាន សូ​ឡែ​ដា (Soledar), វូ​ឡែ​ដា (Vuhledar), យ៉ា​កូវ​លីវ​កា (Yakovlivka) និង វ៉ែ​សែ​ឡែ (Vesele) ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជាការ​តបត​វិញ​នោះ យន្ដហោះ​ចម្បាំង​របស់​កងទ័ព​ការពារ​អ៊ុយ​ក្រែ​ន ក៏បាន​វាយប្រហារ ចំនួន​១៤​ដង ទៅលើ​ទីតាំង​របស់​ទាហាន​រប​ស់​រុស្ស៊ី នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ​។ ចំណែក​តំបន់​ប្រមូលផ្តុំ​គ្រឿង​សព្វាវុធ និង សម្ភារ​យោធា ទីតាំង​ឈរជើង​ដ៏​រឹងមាំ និង ទីតាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី ក៏បាន​រង​នូវ​ការវាយប្រហារ​ផងដែរ​។ នៅក្នុង​ទិសដៅ​ផ្សេងៗ​គ្នា អង្គភាព​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន ក៏បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ ចំនួន​៤​គ្រឿង ដ្រូ​ន​ចំនួន​២​គ្រឿង និង គ្រូ​សមី​ស៊ី​ល ចំនួន​៤៥ គ្រាប់​ផងដែរ​។​

​ទោះជា​យ៉ាងណា សេចក្ដីរាយការណ៍​ដដែល​នោះ មិនបាន​អះអាង អំពី​គ្រោះថ្នាក់​ដល់​មនុស្ស ជុំវិញ​សកម្មភាព​យោធា រវាង​ភាគី​រុស្ស៊ី និង អ៊ុយ​ក្រែ​ន វាយប្រហារ​សងសឹក​គ្នា​នោះឡើយ​។ នៅក្នុង​ចំណោម​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី ទាំងនោះ ក៏​ត្រូវបាន​ប្រព័ន្ធ​ការពារ​អ៊ុយ​ក្រែ​ន ស្ទាក់ចាប់​ប្រហែល​ជិត​៥០​ផងដែរ​៕​