ហ្សេ​ឡែ​ន​ស្គី មិន​ចូលរួម​កិច្ចប្រជុំ G-20 បើ​មាន​វត្ដ​មាន ពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
144


​រដ្ឋធានី​កៀវ​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានប្រកាស​ពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់ នឹងមិន​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​អ្នកមាន G-20 នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប្រសិនបើ​មាន​វត្ដ​មាន​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​។​

​សារ​ព័​ត័​មាន Straits Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា ថា លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskiy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ ថា គាត់​នឹងមិន​ទៅ​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន G-20 ប្រារព្ធ​ធ្វើឡើង នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នោះឡើយ ប្រសិនបើ​មាន​វត្ដ​មាន​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចូលរួម​ដែរ​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅក្នុង​ឋានៈ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 កាលពី​ប៉ុន្មាន​ខែ​មុន បាន​អញ្ជើញ​ទៅ​ជួប​សម​ភាគី​អ៊ុយ​ក្រែ​ន មុននឹង​បន្ដដំណើរ​ទៅ​ជួបនឹង​សម​ភាគី​រុស្ស៊ី ទំនងជា​ស្វែងរក​ដំណោះស្រាយ​ការទូត និង អញ្ជើញ​មេដឹកនាំ​ទាំង​២​នេះ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​។ ប៉ុន្ដែ​ឥឡូវ មេដឹកនាំ​ក្រុង​កៀវ បាន​អះអាង ពី​ការមិន​ចង់​ជួប​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង នៅក្នុង​កិច្ចប្រជុំ​នេះ​។​


​មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន ក្រោយ​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​ក្រិ​ក នៅក្នុង​រដ្ឋធានី​កៀវ ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ​វី ដូ​ដូ បាន​អញ្ជើញ​រូបគាត់ ឲ្យ​ទៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ ចន្លោះ​ពីថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ​។

​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បានបញ្ជាក់​ដោយ​សម្ដី​យ៉ាង​ម៉ឺងម៉ាត់ ថា «​គោលជំហរ​របស់ខ្ញុំ​ផ្ទាល់ ក៏​ដូច ជា​គោលជំហរ​របស់​អ៊ុយ​ក្រែ​ន គឺថា ប្រសិនបើ​មេដឹកនាំ​រុ​ស្ស៉ី​ចូលរួម នៅក្នុង​សន្និសីទ​នោះ អ៊ុយ​ក្រែ​ន​នឹងមិន​ចូលរួម​នោះឡើយ​។ យើង​នឹង​ដឹងថា វា​នឹង​ទៅជា​យ៉ាងណា នៅ​ថ្ងៃ​ខាងមុខនេះ​»​។​

​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកទ័ព​ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ពេលនេះ បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង បង្ខំ​ឲ្យ​ប្រជាជន​រាប់លាន​នាក់ ត្រូវ​បង្ខំចិត្ត​រត់ចោល​ផ្ទះសម្បែង និង ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​។ ក្រៅពីនេះ សង្គ្រាម​របស់លោក ពូ​ទីន បាន​បំផ្លិចបំផ្លាញ​ប្រទេស​អ៊ុយ​ក្រែ​ន អស់​រាប់ពាន់​លាន​ដុល្លារ​ថែមទៀត​ផង​៕​