​​កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​ម្ដងនេះ ធ្វើ​ឲ្យ​ជប៉ុន​ប្រកាសអាសន្ន​ដល់​ពលរដ្ឋ​ទាំង​ព្រឹក​

ព័ត៌មានអន្តរជាតិ
0
83



​រដ្ឋធានី​សេ​អ៊ូ​ល​៖ ដោយសារតែ​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក និង កូរ៉េខាងត្បូង ជា​សម្ពន្ធមិត្ត​នៅ​អាស៊ី​បូព៌ា បន្ដធ្វើ​សមយុទ្ធ​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ព្រម​បញ្ឈប់ ទើប​កូរ៉េខាងជើង កាន់តែ​ខឹងសម្បា​ឡើង ហើយ​បន្ដ​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់ សង្ស័យ ជា​មី​ស៊ី​ល​អន្ដរទ្វីប (ICBM) ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ប្រកាសអាសន្ន ដល់​ប្រជាជន នៅតាម​តំបន់​ជាច្រើន​ឲ្យ​ស្វែងរក​ទី​មាន​សុវត្ថិភាព​។​

​សារព័ត៌មាន The Daily Star បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា ថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​ចម្រុះ រួមជាមួយ​នឹង​មី​ស៊ី​ល ដែល​គេ​សង្ស័យ ជា​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប (ICBM) ផងដែរ​។ សកម្មភាព​យោធា​របស់​ក្រុង​ព្យុងយ៉ាង បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​សញ្ញា​ប្រកាសអាសន្ន ជម្លៀស​ប្រជាជន នៅ​តំបន់​ភាគ​ខាងជើង និង ភាគ​កណ្ដាល ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ​។​

​ការបាញ់​មី​ស៊ី​ល កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​នេះ ជាការ​បាញ់​សាកល្បង​អាវុធ​ជា​បន្ដបន្ទាប់​ចុងក្រោយ​របស់​កូរ៉េខាងជើង នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈ​មាន​ភាព​តានតឹង កាន់តែខ្លាំង​ឡើង នៅក្នុង​តំបន់​។ ការបាញ់​មី​ស៊ី​ល​ទាំងនេះ បានកើត​ឡើង រយៈពេល​ត្រឹមតែ​១​ថ្ងៃ ក្រោយពេល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល ជាង​២០​គ្រាប់ ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ​។​

​ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ដ្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​បញ្ចេញ​សំឡេង​ប្រកាសអាសន្ន​ដល់​ប្រជាជន នៅ​ភាគ​ខាងជើង និង កណ្តាល នៃ​ខេត្ត​មី​យ៉ា​ហ្គិ (Miyagi), យ៉ាម៉ា​ហ្កា​តា (Yamagata) និង នី​អ៊ី​ហ្គា​តា (Niigata) ដោយ​ណែនាំ​ឲ្យ​ពួកគេ ចូលទៅក្នុង​អគារ​ដ៏​រឹងមាំ ឬ នៅក្រោម​ដី​។ ចំណែក​សេវាកម្ម​រថភ្លើង នៅក្នុង​តំបន់​ទាំងនោះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយពេល​មានការ​ជូនដំណឹង អំពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង មុនពេល​ការបាញ់​ភ្លាមៗ​។​

​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​ថ្កោលទោស​ដល់​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ លោកនាយក​រដ្ឋមន្ដ្រី បានបញ្ជាក់ ថា ក្រុមមន្ដ្រី​ជប៉ុន កំពុងតែ​វិភាគ​ឲ្យ​បាន​ល្អិតល្អន់ អំពី​មី​ស៊ី​ល​ទាំងនោះ​។​

​លោក យ៉ា​ស៊ូ​កា​ហ្ស៊ូ ហា​ម៉ា​ដា (Yasukazu Hamada) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន បានបញ្ជាក់ ថា មី​ស៊ី​ល​នោះបាន​បាញ់ នៅវេលា​ម៉ោង​៧ និង ៤០​នាទី​ព្រឹក ថ្ងៃទី​៣ ខែវិច្ឆិកា (​វេលា​ក្នុង​តំបន់​។ មី​ស៊ី​ល​នោះ បាន​បាត់​ពី​រ៉ា​ដា នៅលើ​សមុទ្រ​ជប៉ុន​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ថា «​យើង​បានឃើញ​ការបាញ់​បង្ហោះ​មី​ស៊ី​ល បង្ហាញ​ពី​សក្ដានុពល​ហោះ​មកលើ​ប្រទេស​ជប៉ុន​។ ដូច្នេះហើយ​ទើប​ជប៉ុន​ប្រកាសអាសន្ន ប៉ុន្តែ​បន្ទាប់ពី​ពិនិត្យមើល​ការហោះ​របស់​មី​ស៊ី​ល​នោះ យើង បានបញ្ជាក់ ថា វា​មិនបាន​ឆ្លងកាត់ ពីលើ​ប្រទេស​ជប៉ុន នោះឡើយ​។ មី​ស៊ី​ល​នោះ បាន​ហោះ​ដល់​រយៈកម្ពស់​ប្រហែល ២០០០​គីឡូម៉ែត្រ និង រយៈ​ចម្ងាយ​៧៥០​គីឡូម៉ែត្រ​។​

​កងទ័ព​កូរ៉េខាងត្បូង បាន​អះអាង ថា កូរ៉េខាងជើង កាលពី​ថ្ងៃ​ពុធ បាន​បាញ់កាំភ្លើង​ធំ ចំនួន​១០០​គ្រាប់ ធ្លាក់ចូល​ទៅក្នុង​តំបន់ទ្រនាប់​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ទឹក រវាង​ប្រទេស​ទាំងពីរ ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន​ប្រភេទ​ប្រហែល​១០​គ្រាប់ ទៅកាន់​តំបន់​ភាគ​ខាងកើត និង ខាងលិច​ប្រទេស​កូរ៉េខាងជើង​។ ប៉ុន្ដែ​ក្នុងចំណោម​មី​ស៊ី​ល​ទាំងនោះ មាន​មី​ស៊ី​ល​១​គ្រាប់ បាន​ធ្លាក់​នៅក្បែរ​ដែនទឹក​រប​ស់​កូរ៉េខាងត្បូង​។​

​សេចក្តីថ្លែងការណ៍​រប​ស់​យោធា​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង ថា កូរ៉េខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ប្រហែល​១០០​គ្រាប់ ចេញពី​តំបន់​កូ​សុង (Kosong) នៃ​ខេត្ត​កាង​វ៉ុ​ន (Kangwon) ធ្លាក់ចូល​ទៅក្នុង​តំបន់ទ្រនាប់ នៅ​ភាគ​ខាងជើង​នៃ​ខ្សែបន្ទាត់ NLL ដែលជា​ព្រំប្រទល់​សមុទ្រ​ក្រៅផ្លូវការ រវាង​កូរ៉េខាងត្បូង និង កូរ៉េខាងជើង​។​

​កូរ៉េខាងត្បូង កាលពី​ព្រឹក ថ្ងៃ​ពុធ បាន​បាញ់​មី​ស៊ី​ល ចំនួន​៣​គ្រាប់ ចេញពី​យន្តហោះ​ចម្បាំង ធ្លាក់​នៅ​ចំណុច​មួយ​ក្បែរ​ខ្សែបន្ទាត់ NLL ដើម្បី​ជាការ​ឆ្លើយតប ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន​ប្រភេទ សរុប​១០​គ្រាប់ ពី​កូរ៉េខាងជើង កាលពី​ប៉ុន្មាន​ម៉ោង​មុន​នោះ​។ ចំណែក​ការបាញ់​តេស្ត​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង គឺ​ក្រុង​សេ​អ៊ូ​ល បាន​រកឃើញថា មាន​មី​ស៊ី​ល​១​គ្រាប់ បាន​ធ្លាក់​នៅក្បែរ​ដែនទឹក​កូរ៉េ​ខាងត្បូង ជា​លើកដំបូង​។​

​ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង បាន​កើតមានឡើង ក្រោយពេល​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃ​អង្គារ បានស្នើ​ដល់​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ត្រូវតែ​បញ្ឈប់​ការធ្វើ​សមយុទ្ធ​ទ័ព​អាកស​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ​។ កូរ៉េខាងជើង បានចាត់ទុក​សកម្មភាព​បែបនេះ ជា​ទង្វើ​បង្កហេតុ នឹង​ជំរុញឱ្យមាន​ការចាត់វិធានកា​រ​ឆ្លើយតប ពី​ក្រុង​ព្យុងយ៉ាង​។ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាននិងកំពុង​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​រួមគ្នា ដោយមាន​ការចូលរួម​ពី​យន្ដហោះ​ចម្បាំង​សរុប​ជាង ២៤០​គ្រឿង ហើយនឹង​ត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​នេះ​។​
​​ស្របពេល​មាន​ភាព​តានតឹង នៅក្នុង​តំបន់​នោះ នាវា​ផ្ទុក​យន្ដហោះ​របស់​សហរដ្ឋអាមេរិក ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើម​ខែតុលា កន្លងទៅនេះ ក៏បាន​ទៅ​ចូលរួម ធ្វើ​សមយុទ្ធ​យោធា នៅលើ​ដែនទឹក​របស់​កូរ៉េខាងត្បូង ផងដែរ​។ ការធ្វើ​សមយុទ្ធ​យោធា​របស់​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅ​អាស៊ី​បូព៌ា ជា​ញឹកញាប់​នេះ បានកើត​ឡើង ចំពេល​កូរ៉េខាងជើង បាញ់​ផ្លោង​មី​ស៊ី​ល ជា​ញឹកញាប់ បង្ក​អសន្ដិសុខ និង ស្ថិរភាព នៅក្នុង​តំបន់ និង សហគមន៍​អន្ដរជាតិ​៕​