ចិន បន្ដ​បញ្ជូន​យន្ដហោះ​យោធា និង នាវាចម្បាំង​រាប់សិប​គ្រឿង ឡោមព័ទ្ធ​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
100


​ទីក្រុង​តៃប៉ិ​៖ រហូតមកដល់​ពេលនេះ ក្រុង​ប៉េកាំង នៅតែ​បន្ដ​បញ្ជូន​យន្ដហោះ​យោធា និង នាវាចម្បាំង ទៅធ្វើ​សកម្មភាព នៅ​ជុំវិញ​ដែន​កោះ​តៃវ៉ាន់ ទើប​ក្រុង​តៃប៉ិ បាន​បញ្ជូន​កងទ័ពអាកាស និង កងទ័ពជើងទឹក ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល បាញ់​ពីលើ​ដី​ទៅ​អាកាស តាមឃ្លាំមើល មិន​ឲ្យ​រំលោភ​ចូលមក​លើ​ដែនដី​របស់ខ្លួន​។​

​សារព័ត៌មាន The Sentinel បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា ថា ក្រសួងការពារជាតិ​តៃវ៉ាន់ (MND) បាន​អះអាង ថា យន្ដហោះ​យោធា ចំនួន​៣​គ្រឿង និង នាវាចម្បាំង​ចំនួន​៤​គ្រឿង​របស់​កងទ័ព​ជើង​ចិន បានធ្វើ​សកម្មភាព នៅ​ជុំវិញ​ដែន​កោះ​របស់ខ្លួន ចន្លោះ​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​អង្គារ រហូតដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ពុធ​។

​មន្ដ្រី​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់ ថា យន្ដហោះ​ចម្បាំង ប្រភេទ Shenyan J-16 របស់​ចិន ចំនួន​២​គ្រឿង ហោះ​យកការណ៍ នៅ​ជ្រុង​និរតី នៃ​តំបន់​កំណត់​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់ (ADIZ) ខណៈ​ឧទ្ធម្ភាគចក្រ​ចម្បាំង​ប្រឆាំងនឹង​នាវាមុជទឹក​របស់​ពួកគេ ប្រភេទ Ka-28 ហោះ នៅ​ជ្រុង​អាគ្នេយ៍ នៃ ADIZ របស់​តៃវ៉ាន់​។ ស្ថិតក្នុង​ស្ថានការណ៍​បែបនេះ តៃវ៉ាន់ បាន​បញ្ជូន​យន្ដហោះ​ចម្បាំង និង នាវាមុជទឹក​ជាច្រើន​គ្រឿង ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពីលើ​ដី​ទៅ​អាកាស តាមឃ្លាំមើល​សកម្មភាព​យោធា​របស់​ចិន​។​

​រហូតមកដល់​ខែ​នេះ ក្រុង​ប៉េកាំង បាន​បញ្ជូន​យន្ដហោះ​យោធា ចំនួន​៣៩៨​គ្រឿង និង នាវាចម្បាំង ចំនួន​៧៤​គ្រឿង ធ្វើ​សកម្មភាព នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ ចិន បាន​បង្កើន​ការប្រើប្រាស់​តំបន់​យុទ្ធសាស្ត្រ​ពណ៌​ប្រផេះ ដោយ​បញ្ជូន​យន្តហោះ ទៅកាន់​តំបន់ ADIZ របស់​តៃវ៉ាន់ ជាប្រចាំ​។​

​តំបន់​យុទ្ធសាស្ត្រ​ពណ៌​ប្រផេះ ត្រូវបាន​កំណត់ថា ជា​«​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ឬ​ច្រើន សម្រាប់​ការរារាំង និង ធានា​ស្ថិរភាព ដោយ​ការព្យាយាម​សម្រេចបាន​នូវ​គោលដៅ​សន្តិសុខ ដែល​មិន​ងាក​ទៅរក​ការប្រើប្រាស់​កម្លាំង​ដោយផ្ទាល់ និង កម្លាំង​ដ៏​ច្រើន​៕​