ប៉ា​គី​ស្ថាន ទាមទារ​ឲ្យ​កងទ័ព​បញ្ឈប់​ការជ្រៀតជ្រែក ចូលក្នុង​កិច្ចការ​នយោបាយ​

ព័ត៌មានអន្តរជាតិ
0
80



​រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ រហូតមកដល់​ពេលនេះ ប៉ា​គី​ស្ថាន កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ​សេដ្ឋកិច្ច នយោបាយ និង ការជ្រៀតជ្រែក​របស់​យោធា ចូលក្នុង​កិច្ចការ​នយោបាយ ទើប​មានការ​ទាមទារ​ឲ្យ​ស្ថាប័ន​ដ៏​មានអំណាច​បំផុត​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ត្រូវតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​នេះ ដូច​បណ្ដា​ប្រទេស​បស្ចិម​លោក​។​

​សារព័ត៌មាន​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា ថា លោក​ឧត្ដមសេនីយ៍ ហ្កា​ម៉ា ចា​វេដ បា​ចា​វ៉ា (Qamar Javed Bajwa) មេទ័ព​កំពូល​របស់​ប៉ា​គី​ស្ថាន ដែល​នឹង​ចូល​និ​វត្ដ​ន៍ ចាក​ចេញពី​តំណែង ក្នុងពេល​ឆាប់ៗ​នេះ បាន​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់គាត់ កាលពី​ថ្ងៃ​ពុធ ថា ទាហាន​បាន​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ចូលទៅក្នុង​កិច្ចការ​នយោបាយ រាប់​ទសវត្សរ៍​កន្លង​មកហើយ​។ បញ្ហា​នេះ នឹងមិន​ត្រូវ​ឲ្យ​កើតមាន​បន្ដទៅទៀត​នោះឡើយ​។​

​ទោះជា​យ៉ាងណា លោក​ឧត្ដមសេនីយ៍ បានការ​ពារ​ដល់​ស្ថាប័ន​ដ៏​មានអំណាច​បំផុត​របស់​ប្រទេស ខណៈ​មានការ​រិះគន់​ខ្លាំង មកលើ​កងទ័ព ជាពិសេស អតីត​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) បាន​ចោទប្រកាន់​ដល់​កងទ័ព អំពី​ការប្រើប្រាស់​តួនាទី ដកហូត​គាត់ ចេញពី​តំណែង កាលពី​ខែមេសា ឆ្នាំ​២០២២​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ នៅក្នុង​បញ្ជាការដ្ឋាន​កងទ័ព នៅ​ភាគ​ខាងកើត ទីក្រុង​រ៉ា​វ៉ាល់​ភី​ន​ឌី (Rawalpindi) លោក​ឧ​ត្ត​ម​សេនីយ៍ វ័យ​៦២​ឆ្នាំ រូបនេះ បានកើត​ការងឿងឆ្ងល់ ថា ហេតុអ្វី​បានជា​កងទ័ព នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​នៅ​អ្នកជិតខាង មិន​រង​នូវ​ការរិះគន់ ពី​សាធារណជន​។​

​លោក​ឧត្ដមសេនីយ៍ បានបញ្ជាក់ ថា «​បើតាម​គំនិត​ខ្ញុំ ហេតុផល​នេះ គឺ​ការជ្រៀតជ្រែក​ឥតឈប់ឈ​រ​របស់​កងទ័ព នៅក្នុង​កិច្ច​នយោបាយ អស់​រយៈពេល​៧០​ឆ្នាំ​ចុង​ក្រោយនេះ មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះឡើយ​។ ហេតុ​ដូច្នេះហើយ ទើប​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំមុន កងទ័ព បានសម្រេច ថា ពួកគេ​នឹងមិន​ជ្រៀតជ្រែក នៅក្នុង​កិច្ច​នយោបាយ​»​។​

​លោក​មេទ័ព​កំពូល​រូបនេះ បាន​បន្ថែម ថា «​កងទ័ព​ចាប់ផ្តើម​រៀបចំខ្លួន​ឲ្យ​ល្អ ហើយ​មាន​ក្តីសង្ឃឹម ថា គណបក្សនយោបាយ ក៏​នឹង​ពិនិត្យមើល​អាកប្បកិរិយា​របស់​ទាហាន​ផងដែរ​។ វា​ជាការ​ពិតណាស់ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ស្ថាប័ន គណបក្សនយោបាយ និង សង្គម​ស៊ីវិល បាន​ប្រ​ព្រឹ​ត្ដ​កំហុសឆ្គង​ទាំងអស់នេះ​។ ឥឡូវ​វា​ជា​ពេលវេលា ដែល​យើង​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​ជឿនលឿន ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅមុខ​»៕​