ប្រធានាធិបតី​ប្រេ​ស៊ី​ល អួតអាង​ពី​វិធី​ដោះស្រាយ​បញ្ចប់ស.ង្គ្រាមនៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
180
រដ្ឋធានី​ប្រេ​ស៊ី​លៀ (Brasília) ៖ ស្របពេល​ស.ង្គ្រាម រវាង​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន និង ទាហាន​រុស្ស៊ី កំពុងតែបន្ដ​វាយ​ប្រយុ.ទ្ធ​គ្នា​យ៉ាង​សា.ហាវ អស់​រយៈពេល​ជិត​៥​ខែ​កន្លងមកហើយ ក៏​នៅតែ​រក​វិធី​ដោះស្រាយ​មិនទាន់បាន​នោះ ស្រាប់តែ​ប្រធានាធិបតី​ប្រេ​ស៊ី​ល បានចេញ​មុខមក​អួត​អាងថា គាត់​ដឹង​ពី​របៀប​ត្រូវ​ដោះស្រាយ បញ្ចប់​ជម្លោះ​របស់​ប្រទេស​អឺរ៉ុប​ទាំង​២​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៤ ខែកក្កដា ថាលោក ជែ​រ ប៊ូល​សូ​ណា​រ៉ូ (Jair Bolsonaro) ប្រធានាធិបតី​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អួតអាងថា គាត់​ដឹង អំពី​របៀប​សង្គ្រាម រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន អាច​ត្រូវ​«​ដោះស្រាយ​»​បាន ហើយ​ថាគាត់​នឹង​ផ្តល់យោបល់​របស់គាត់ ទៅ​សម​ភាគី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskiy) ដែល​គ្រោង​នឹង​ជួបប្រជុំគ្នាតាម​ទូរស័ព្ទ នៅ​ដើម​សប្តាហ៍​ក្រោយ​។​


​ប្រ​ធា​ធិបតី​ប្រេ​ស៊ី​ល បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ខណៈ​គាត់​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​ម៉ា​រ៉ា​ន​ហាវ (Maranhao) នា​ភាគ​ឦសាន ប្រទេស​ប្រេ​ស៊ី​លថា «​ខ្ញុំ​នឹង​ផ្ដល់យោបល់​របស់ខ្ញុំ​ទៅ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ អ្វីដែល​ខ្ញុំ​គិត ជា​ដំណោះស្រាយ សម្រាប់​សង្គ្រាម​នេះ​។ ខ្ញុំ​ដឹង​អំពី​របៀប ត្រូវ​ដោះស្រាយ​។ ប៉ុន្ដែ​នៅពេលនេះ ខ្ញុំ​នឹងមិន​ទាន់ បាន​ប្រាប់​ដល់​អ្នកណាម្នាក់​នោះដែរ​»​។​

​ប្រធានាធិបតី​ប្រេ​ស៊ី​ល រូបនេះ បានបញ្ជាក់ ដោយ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ថា «​ដំណោះស្រាយ លើ​ករណីនេះ ប្រៀបដូចជា​សង្គ្រាម រវាង​អា​ហ្ស​ង់​ទីន​ជាមួយ​ចក្រភព​អង់គ្លេស ហើយ​ត្រូវ​បានបញ្ចប់ នៅ​ឆ្នាំ​១៩៨២ ឬ​យ៉ាងណា​នោះដែរ​»​។​

​អា​ហ្ស​ង់​ទីន និង ចក្រភព​អង់គ្លេស បាន​ប្រយុទ្ធ​គ្នា នៅក្នុង​ជម្លោះ​ខ្លី​មួយ នៅក្នុង​ឆ្នាំ​១៩៨២ លើ​ដែន​អធិបតេយ្យភាព នៃ​កោះ​ហ្វ​ក​ឡែ​ន​ដ៍ (Falkland) នៅ​ភាគខាងត្បូង មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែល​ត្រូវគេ​ស្គាល់ នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន ថា ជា​កោះ​ម៉ា​ល​វី​ណាស (Malvinas) ។ ជម្លោះ​នោះ បានចាប់ផ្តើម នៅក្នុង​ខែមេសា ឆ្នាំ​១៩៨២ ខណៈ​កងទ័ព​អា​ហ្ស​ង់​ទីន បាន​ចូលទៅ​សំចត នៅលើ​កោះ ដែល​គ្រប់គ្រង ដោយ​អង់គ្លេស​។ ចក្រភព​អង់គ្លេស​បាន​បញ្ជូន​កង​ទ័ពជើងទឹក ដើម្បី​ដណ្ដើមយក​មកវិញ​។ ដោយឡែក កងទ័ព​អា​ហ្ស​ង់​ទីន បំពាក់​ដោយ​គ្រឿង​សឹក មិនសូវ​ល្អ មានឱកាស​តិចតួច ហើយ​ចុងក្រោយ អា​ហ្ស​ង់​ទីន ក៏បាន​ចុះចាញ់ ក្រោយ​ជម្លោះ​នោះ បាន​ផ្ទុះឡើង អស់​រយៈពេល​២​ខែ​។​


​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Bolsonaro គ្រោង​នឹង​ជួបចរចា​គ្នា តាម​ទូរស័ព្ទ ជាមួយនឹង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែកក្កដា សប្ដាហ៍​ក្រោយ​។ លោក​ប្រធានាធិបតី បានបញ្ជាក់​ទៀតថា មេដឹកនាំ​អ៊ុយ​ក្រែ​ន ជា​អ្នក​ឈានមុខ​គេ ហើយ​ថា គាត់​នឹង​យល់ព្រម​ភ្លាមៗ ចំពោះ​ការហៅ​ទូរស័ព្ទ​នេះ​។​

​ប្រធានាធិបតី​ប្រេ​ស៊ី​ល បាន​ទៅ​ជួប​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ទីក្រុង​មូ​ស្គូ កាលពី​អំឡុង​ខែកុម្ភៈ ពោលគឺ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃមុន មានការ​លុកលុយ​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ លោក Bolsonaro នៅតែ​ប្រកាន់​ជំហរ​អព្យាក្រឹត លើ​ជម្លោះ​រវាង​ក្រុង​គៀវ និងមូ​ស្គូ ខណៈ​ប្រទេស​ប្រេ​ស៊ី​ល​កំពុងតែ​សម្លឹង​រក​ការបន្ត​ធ្វើ​ជំនួញ​ជាមួយ​រុស្ស៊ី​៕​