រដ្ឋមន្ដ្រី​ការពារជាតិ​សហរដ្ឋអាមេរិក​និង​ចិន ស្កាត់​មកជួប​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា ជជែក​ពី​រឿង​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
44


​រាជធានី​ភ្នំពេញ​៖ ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក និង ចិន បាន​បើក​កិច្ចប្រជុំ​ទល់មុខ​គ្នា នៅ​ខាងក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ដ្រីក្រសួង​ការពា​រា​តិ​អាស៊ាន​-​បូក នៅ​ខេត្ដ​សៀមរាប ប្រទេស​កម្ពុជា ដោយ​ផ្ដោត លើ​បញ្ហាសំខាន់ៗ​ជាច្រើន​។​

​សារព័ត៌មាន The Jakarta Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២២ ខែវិច្ឆិកា ថា លោក ឡយ អូ​ស្ទី (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ជួប​ជាមួយ​សម​ភាគី​ចិន លោក វ៉ី ហ្វឹ​ង​ហឺ (Wei Fenghe) នៅ​ថ្ងៃ​អង្គារ ដើម្បី​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង រវាង​ប្រទេស​ទាំង​២​។​

​លោក ផេ​ត រ៉ៃ​ដឺ (Pat Ryder) អ្នកនាំពាក្យ ក្រសួងការពារជាតិ​អាមេរិក បានបញ្ជាក់ ថា លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក កាលពី​ព្រឹក ថ្ងៃ​អង្គារ បាន​ជួប​ទល់មុខ​ជាមួយ​សម​ភាគី​ចិន លោក វ៉ី ហ្វឹ​ង​ហឺ (Wei Fenghe) ដោយ​ជជែក​គ្នា អំពី​ទំនាក់ទំនង​លើ​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក និង​ចិន ក៏ដូចជា បញ្ហា​សន្តិសុខ ទាំង​នៅក្នុង​តំបន់ និង សកលលោក​។ នៅក្នុង​ជំនួប​នោះ លោក អូ​ស្ទី​ន បាន​សង្កត់ធ្ងន់ អំពី​តម្រូវ​ការចាំបាច់ នៅក្នុង​ការគ្រប់គ្រង​ការប្រកួតប្រជែង ប្រកបដោយ​ការទទួលខុសត្រូវ និង ការរក្សា​ឱ្យបាន​នូវ​ច្រក សម្រាប់​ទំនាក់ទំនង​។​

​ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក បាន​ជជែក អំពី​សារៈសំខាន់ នៃ​ការជួប​សន្ទនា​គ្នា ឱ្យបាន​ស៊ីជម្រៅ សម្រាប់​កាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ​, ការបង្កើន​ទំនាក់ទំនង ខណៈ​មាន​វិបត្តិ និង ការពង្រឹង​សុវត្ថិភាព​ប្រតិបត្តិការ​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ដ្រី ក៏បាន​សង្កត់ធ្ងន់ អំពី​អាកប្បកិរិយា ប្រកបដោយ​គ្រោះថ្នាក់​មួយចំនួន ខណៈ​បង្ហាញ​ពី​យន្តហោះ​យោធា​ចិន នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ព្រោះ​បញ្ហា​នេះ អាច​បង្កើន​ហានិភ័យ​ជាយថាហេតុ​។

​លោក​រដ្ឋមន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់​ឡើងវិញ ថា សហរដ្ឋអាមេរិក នឹង​បន្ត​ហោះហើរ ឬ ធ្វើ​នាវាចរណ៍ ហើយ​ធ្វើ​ប្រតិបត្តិការ នៅ​គ្រប់​ទីកន្លែង ស្ថិតក្នុង​ដែនទឹក​អន្តរជាតិ តាមច្បាប់​អនុញ្ញាត​។ ក្រៅពីនេះ លោក ឡយ អូ​ស្ទី​ន ក៏បាន​ពិភាក្សា អំពី​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី នៅក្នុង​អ៊ុយ​ក្រែ​ន ដោយបាន​គូសបញ្ជាក់ អំពី​គោលជំហរ ដែល​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំ ប្រឆាំង​ចំពោះ​ការប្រើប្រាស់ ឬ ការ​សម្លុត​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​បង្ហាញ អំពី​ក្តី​ព្រួយបារម្ភ ជុំវិញ​ការបង្ក​ហេតុ កាលពីពេល​ថ្មីៗ​នេះ ដោយ​កូរ៉េខាងជើង និង អំពាវនាវ​ឱ្យ​ចិន អនុវត្ត​ឱ្យបាន​ពេញលេញ​តាម​សេចក្តីសម្រេច​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​ខុសច្បាប់​របស់​ក្រុង​ព្យុងយ៉ាង​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក បាន​បន្ថែម ថា សហរដ្ឋអាមេរិក នៅតែ​បន្ត​ប្តេជ្ញា ចំពោះ​នយោបាយ​ចិន​តែមួយ​ជា​យូរ​អ្វែ​ង​របស់ខ្លួន អនុវត្តតាម​ច្បាប់​ទំនាក់​ទំនង​តៃវ៉ាន់​, សេចក្តីថ្លែងការណ៍​រួម​របស់​សហរដ្ឋអាមេរិក​-​ចិន ទាំង​៣, និង ការធានា​៦​ចំណុច​។ ស្របគ្នា​នេះ លោក ឡយ អូ​ស្ទី​ន ថែមទាំង​បានលើកឡើង អំពី​សារៈសំខាន់ នៃ​សន្តិភាព និង ស្ថិរភាព នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ទោះជា​យ៉ាងណា លោក ឡយ អូ​ស្ទី​ន រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក នៅតែ​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​ការផ្លាស់ប្តូរ​ស្ថានភាព​នានា ជា​លក្ខណៈ​ឯកតោភាគី ផ្ទុយ​ពី​ស្ថានភាព​ដើម នៅ​តំបន់​នោះ​។ ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ដ្រី បាន​អំពាវនាវ​ឱ្យ​ចិន បញ្ឈប់​ប្រព្រឹត្ត​នូវ​ទង្វើ​ណាមួយ អាច​បង្ក​អស្ថិរភាព ចំពោះ​តៃវ៉ាន់ បន្ដទៅទៀត​។​

​ក្រុង​វ៉ាស៊ីនតោន បាន​ប្រឈមមុខ​ដាក់គ្នា ជាមួយនឹង​ក្រុង​ប៉េកាំង កាន់តែខ្លាំង​ឡើង ក្រោយពេល​លោកស្រី ណាន ស៊ី​ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់ ចន្លោះ​ពីថ្ងៃ​ទី​២-៣ ខែសីហា ឆ្នាំ​២០២២​។ ជាការ​ឆ្លើយតប​ទាំង​ការខឹង​សម្បា​នោះ ចិន​បាន​បញ្ជូន​កងទ័ព យន្ដហោះ​យោធា និង នាវាចម្បាំង រាប់សិប​គ្រឿង ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​តៃវ៉ាន់​។​

ការជួប​ជជែក​ទល់មុខ​គ្នា រវាង​ប្រមុខ​ការពារជាតិ​របស់​ប្រទេស​មហាអំណាច​ទាំង​២ នៅក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ក៏​ជា​ជំនួប​លើកដំបូង ដើម្បី​ប​ន្ថូ​រ​បន្ថយ​ភាព​តានតឹង និង ស្វែងរក​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​៕​