ខ្មាន់កាំភ្លើង បា​.​ញ់​ប្រហារ​លើ​មេបញ្ជាការ​នាវាមុជទឹក​រុស្ស៊ី ទាំង​ព្រលឹម​អុរ​

ព័ត៌មានអន្តរជាតិ
0
6


​រដ្ឋធានី​មូ​ស្គូ​៖ មេបញ្ជាការ​នាវាមុជទឹក​ម្នាក់​របស់​កងទ័ពជើងទឹក​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល​ដ៏​ឃោរឃៅ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់ ខណៈ​គាត់​កំពុងតែ​រត់​ហាត់ប្រាណ នាពេល​ព្រឹក​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បាន​រាយការណ៍ ដោយ​ដកស្រង់​ប្រភពពី​ស្ថាប័ន​អនុវត្ដ​ច្បាប់ អះអាង ថា មេបញ្ជាការ​នាវាមុជទឹក​របស់​រុស្ស៊ី និង ជា​អនុប្រធាន​ទទួលបន្ទុក នៅក្នុង​ការ​ចល័ត​ទ័ព នៅក្នុង​ទីក្រុង​ក្រា​ស្នូ​ដា (Krasnodar) នា​ភាគខាងត្បូង​របស់​ប្រទេស​រុស្ស៊ី ត្រូវបាន​ឃាតក បាញ់សម្លាប់​។​

​មន្ដ្រី​រុស្ស៊ី បាន​ឲ្យ​ដឹង ថា លោក ស្ដា​នី​ស្លា​វ អ័​រ​ហ្ស៊ី​ត​ស្គី (Stanislav Rzhitsky) មេបញ្ជាការ​នាវាមុជទឹក ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ហើយ​ករណី​បទឧក្រិដ្ឋ​នេះ កំពុងតែ​បើក​ការស៊ើបអង្កេត​។​

​លោក ស្ដា​នី​ស្លា​វ អ័​រ​ហ្ស៊ី​ត​ស្គី មេបញ្ជាការ​នាវាមុជទឹក នៃ​កងជើង​ទឹក​របស់​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ ត្រូវបាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក នៃ​ប្រទេស​អ៊ុយ​ក្រែ​ន អះអាងថា គាត់​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការបាញ់​មី​ស៊ី​ល​ដ៏​ទំនើប Kalibr (​កាលី​ប៊ឺ​រ​) ចេញពី​នាវាមុជទឹក តម្រង់​ទៅកាន់​គោលដៅ​នានា ស្ថិតក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ទីភ្នាក់ងារសារព័ត៌មាន Tass បាន​រាយការណ៍ ថា លោក ស្ដា​នី​ស្លា​វ អ័​រ​ហ្ស៊ី​ត​ស្គី បាន​បញ្ជា​នាវាមុជទឹក Krasnodar ដែលមាន​ឈ្មោះ​ដូច​ទីក្រុង នៅ​ភាគខាងត្បូង​របស់​រុស្ស៊ី​។ ប៉ុន្ដែ​គេ​នៅតែ​មិនទាន់​ច្បាស់ ថា​តើ​គាត់​ជា​ប្រធាន​ក្រុម​នាវាមុជទឹក ខណៈ​គាត់​ត្រូវបាន​គេ​សម្លាប់​ឬ​យ៉ាងណា​នោះដែរ​។​

​បើតាម​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង ថា នាវា Krasnodar ជា​នាវាមុជទឹក​អគ្គិសនី​ប្រើ​ម៉ា​ស៊ូ​ត ហើយ​ត្រូវបាន​ផលិតឡើង សម្រាប់​កង​នាវាចរណ៍​របស់​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ​។ នាវាមុជទឹក ប្រភេទ​នេះ ត្រូវបាន​រចនា​ឡើង សម្រាប់​ការប្រយុទ្ធ ជាមួយនឹង​នាវា នៅលើ​ផ្ទៃ​ទឹក និង នាវាមុជទឹក ដាក់​គ្រាប់មីន និង ឈ្លបយកការណ៍​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ គ្របដណ្តប់​នៅក្នុង​ប្រទេស​រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​អះអាង ថា លោក Rzhitsky ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់​ចំនួន​៤​គ្រាប់ ខណៈ​គាត់​កំពុងតែ​រត់​ហាត់ប្រាណ នៅពេល​ព្រឹក នៅ​ជិត​កន្លែង​កីឡា​មួយកន្លែង​។ មេបញ្ជាការ​រូបនេះ បាន​ចូលរួម វាយប្រហារ ដោយ​មី​ស៊ី​ល ចេញពី​នាវាមុជទឹក ត្រង់​ទិសដៅ មកលើ​ទីក្រុង​វី​នី​ត​សៀ (Vinnytsia) របស់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែកក្កដា ឆ្នាំ​២០២២ ដោយបាន​សម្លាប់​ជន​ស៊ីវិល ចំនួន​២៣​នាក់ រួមទាំង កុមារ​ចំនួន​៣​នាក់ ផងដែរ​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ហៅ​ការវាយប្រហារ ដោយ​មី​ស៊ី​ល មកលើ​ទីក្រុង​នេះ ជា​អំពើ​ភេរវកម្ម ដោយ​បើកចំហ​។ សកម្មភាព​របស់​កង​ទ័ព​រុស្ស៊ី នាពេលនោះ បានសម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់ ខណៈ​ពួកគេ​កំពុងតែ​ធ្វើ​អាជីវកម្ម ប្រចាំថ្ងៃ​របស់ខ្លួន​។​

​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ នាពេលនោះ ថា គាត់​មានការ​រន្ធត់​ចិ​ត្ដ​យ៉ាងខ្លាំង ចំពោះ​ការស្លាប់​របស់​ជន​ស៊ីវិល នៅ​ទីក្រុង Vinnytsia ខណៈ​សហភាព​អឺរ៉ុប បានចាត់ទុក ជា​អំពើ​ឃោរឃៅ​បំផុត បង្កឡើង ដោយ​រុស្ស៊ី​៕​