ឥណ្ឌា ចាប់ដៃ​ជាមួយ​អារ៉ាប់ បង្កើន​ពាណិជ្ជកម្ម​មិនមែន​ប្រេង រហូតដល់​១០០​ពាន់​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
80


​រដ្ឋធានី​ញូ​វ​ដេលី​៖ ជាមួយនឹង​ឥទ្ធិពល នៃ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សេដ្ឋកិច្ចពិភពលោក ទើប​ឥណ្ឌា និង អារ៉ាប់ ពិភាក្សាគ្នា ជុំវិញ​បញ្ហា​ប្រឈម នៅ​ចំពោះមុខ និង ការធ្វើ​ពាណិជ្ជកម្ម​។​

​សារព័ត៌មាន​អារ៉ាប់ Khaleej Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា ថា ក្រោយ​កិច្ចប្រជុំ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (CEPA) នៅក្នុង​រដ្ឋធានី​ញូ​វ​ដេលី លោក សេក អាប់​ឌូ​ល​ឡា​ហ៍ ប៊ី​ន ហ្សា​យេ​ដ (Sheikh Abdullah bin Zayed) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អារ៉ាប់​អេ​មី​រ៉េត (UAE) និង សម​ភាគី​ឥណ្ឌា លោក ស៊ូ​ប្រា​ម៉ាន់​យ៉ា​ម ចៃ​សាន​ការ (Subrahmanyam Jaishankar) បាន​ពិភាក្សាគ្នា លើ​បញ្ហា​ថាមពល សន្ដិសុខ​ស្បៀងអាហារ និង ការបង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ប្រទេស​មហា​យក្ស​អាស៊ី​ខាងត្បូង និង អារ៉ាប់​រួម បាន​ចុះហត្ថលេខា លើ CEPA កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​។ ប្រទេស​ទាំង​២ រំពឹង ថា នឹង​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​មិនមែន​ប្រេង​ទ្វេភាគី​ប្រចាំឆ្នាំ កើនឡើង ចន្លោះ​ពី​៦០​ពាន់​លាន​ដុល្លារ រហូតដល់​១០០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​រយៈពេល​ចាប់ពី​៣​ទៅ​៥​ឆ្នាំ ខាងមុខនេះ​។​

​ក្រសួងការបរទេស​ឥណ្ឌា បានបញ្ជាក់ ថា ការនាំចេញ​របស់​ឥណ្ឌា ទៅកាន់​ប្រទេស​អារ៉ាប់​អេ​មី​រ៉េត ឬ អារ៉ាប់​រួម (UAE) ចន្លោះ​ពី​ខែមេសា ដល់​ខែកញ្ញា មាន​ទំហំ​ទឹកប្រាក់ ប្រហែល​១៦​ពាន់​លាន​ដុល្លារ ដោយ​កើតឡើង រហូតដល់​២៤​ភាគរយ​។ ចំណែក​ការនាំ​ចូល​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​វិញ ក៏បាន​កើតឡើង​ដល់​៣៨​ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់ ២៨,៤​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​ដូចគ្នានេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​អារ៉ា់ប់​អេ​មី​រ៉េត WAM បាន​ដកស្រង់​សម្ដី​របស់​ប្រមុខ​ការទូត​អារ៉ាប់​រួម យកមក​ចុះផ្សាយ ថា «​យើង​កំពុងតែ​ស្វះស្វែង បង្កើន​នូវ​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​របស់​យើង ដើម្បី​សម្រេចបាន​តាម​មហិច្ឆតា​របស់​យើង លើ​ការធ្វើ​ពាណិជ្ជកម្ម មិនមែនជា​ប្រេង ឲ្យ​កើនឡើង រហូតដល់​១០០​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​៥​ឆ្នាំ ខាងមុខនេះ​»៕​