កូរ៉េខាងជើង ចិញ្ចឹមចិត្ត​កសាង​ទ័ព​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​បំផុត នៅលើ​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
113


​រដ្ឋធានី​ព្យុងយ៉ាង​៖ រហូតមកដល់​ពេលនេះ បើទោះជា​កូរ៉េខាងជើង នៅតែ​មិនទាន់​ឆ្លង​ផុត ពី​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប​យ៉ាងណាក្ដី ប៉ុន្ដែ​ក្រុង​ព្យុងយ៉ាង នៅតែមាន​មហិច្ឆតា​ខ្លាំង​បំផុត កសាង​កម្លាំង​ទ័ព​នុយក្លេអ៊ែរ ឲ្យ​បាន​ខ្លាំងក្លា​បំផុត នៅលើ​ពិភពលោក​។​

​សារព័ត៌មាន DW បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៧ ខែវិច្ឆិកា ថា បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ បាន​រាយការណ៍ ថា លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង កំពុងតែ​កសាង​កម្លាំង​ទ័ព​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​បំផុត នៅលើ​ពិភពលោក ខណៈ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជាមួយនឹង​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង​។ ជាមួយគ្នានេះ លោក គីម ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុម​អ្នកវិទ្យាសាស្ដ្រ និង ទាហាន ពាក់ព័ន្ធ នៅ​ក្នុងការ​ការសាកល្បង​កាំជ្រួច Hwasong-17 ជា​មី​ស៊ី​ល​ដ៏​ធំ​បំផុត​របស់​ក្រុង​ព្យុងយ៉ាង​។​

​ទីភ្នាក់ងារ​មជ្ឈមណ្ឌល​សារព័ត៌មាន​កូរ៉េ (KCNA) បាន​រាយការណ៍ ថា ខណៈ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​យោធា​រាប់សិប​នាក់ ពាក់ព័ន្ធ​នឹង​ការបាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងជើង Hwasong-17 កាលពីពេល​ថ្មីៗ​នោះ លោក គីម​កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន បានប្រកាស​ពីបទ​បញ្ជា ថា កូរ៉េខាងជើង កំពុងតែ​កសាង​កងទ័ព​នុយក្លេអ៊ែរ ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព​របស់​រដ្ឋ និង ប្រជាជន​របស់ខ្លួន​។ ចំណែក​មហិច្ឆតា​ដ៏​ចម្បង​បំផុត​របស់គាត់ ត្រូវតែ​បង្កើត​កម្លាំង​ទាហាន​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក ហើយ​នេះ​ជា​កម្លាំង​ដាច់ខាត មិន​ធ្លាប់មាន​ពីមុន នៅក្នុង​សតវត្ស​នេះ​»​។​

​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បានបញ្ជាក់ ថា កាំជ្រួច Hwason-17 ជា​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប (ICBM) មាន​សមត្ថភាព អាច​វាយប្រហារ​ដល់​ទឹកដី​សហរដ្ឋអាមេរិក ហើយ​វា​ជា​អាវុធ​យុទ្ធសាស្ដ្រ​ដ៏​ខ្លាំងក្លា​បំផុត​របស់​ពិភពលោក​។ ជាមួយគ្នានេះ ក្រុង​ព្យុងយ៉ាង បានបង្ហាញ អំពី​ការតាំង​ចិត្ត និង សមត្ថភាព​របស់​កូរ៉េខាងជើង នៅក្នុង​ការកសាង​កង​ទ័ព​ដ៏​ខ្លាំង​បំផុត​នេះ​។​

​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា នាំ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង ពី​សមាជិក ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ដោយ​ចាត់ទុក ជាការ​បង្កហេតុ និង ការគំរាមកំហែង​ដល់​សន្ដិភាព និង សន្ដិសុខ​អន្ដរជាតិ​។​

​លោក គីម ជុង​អ៊ុន បាន​សង្កត់ធ្ងន់ ថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​កូរ៉េខាងជើង ក៏បាន​ធ្វើ​«​ការ​លោត​ផ្លោះ​ដ៏​អស្ចារ្យ​មួយ ឆ្ពោះទៅមុខ នៅក្នុង​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅលើ​មី​ស៊ី​ល​ផ្លោង​។ នេះ​ជា​ចំណុច​សំខាន់ ប្រសិនបើ​កូរ៉េខាងជើង ចង់​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន នៅក្នុង​ការកាន់កាប់​អាវុធ​នុយក្លេអ៊ែរ អាច​វាយប្រហារ ទៅដល់​ទឹកដី​សត្រូវ​ចម្បង​របស់​ខ្លួន គឺ​សហរដ្ឋអាមេរិក​៕​