រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក ទិញ​ប្រព័ន្ធ​បាញ់​រ៉ុក្កែ.ត​អាមេរិក ត្រៀម​ទប់ទល់​នឹងរុ​ស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
192
រដ្ឋធានី​គៀវ​៖ ក្រោយពេល​មើលឃើញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​ហ៊ី​ម៉ាស (HIMARS) ផលិត​នៅ​សហរដ្ឋអាមេរិក ដែល​ក្រុង​វ៉ាស៊ីនតោន បាន​ផ្គត់ផ្គង់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន មាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ការ​វាយបក​ទៅលើ​កម្លាំង​ទាហាន​ឈ្លានពាន​របស់​រុស្ស៊ី នោះមក បណ្ដា​ប្រទេស នៅ​តំបន់​បាល់​ទិ​ក កំពុងតែ​ជ្រួលជ្រើម នៅក្នុង​ការចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ ទិញ​យកមក​ត្រៀមខ្លួន​ទុកជាមុន សម្រាប់​ទប់ទល់​នឹង​ការឈ្លានពាន​ណាមួយ​របស់​ក្រុង​មូ​ស្គូ នាពេល​អនាគត​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ថា ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​នាំ​ផ្លូវ​ដ៏​ទំនើប ផលិត​ដោយ​សហរដ្ឋអាមេរិក ហ៊ី​ម៉ាស M142 ( M142 HIMARS) ផ្គត់ផ្គង់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ក៏​ជាស​ញ្ញា​ដ៏​បង្ក​គ្រោះថ្នាក់​បំផុត សម្រាប់​កម្លាំង​ទាហាន​រុស្ស៊ី ។​

​បច្ចុប្បន្ន សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នេះ កំពុងតែ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស នៅ​តំបន់​អឺរ៉ុប​ខាងកើត ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការវាយប្រហារ​របស់​រុស្ស៊ី នាពេល​អនាគត​។ ដោយសារតែ​ក្ដីកង្វល់ អំពី​បញ្ហា​សន្ដិសុខ​ជាតិ និង ឃើញ​អំពី​អានុភាព និង ប្រសិទ្ធភាព​ខ្ពស់​របស់​ហ៊ី​ម៉ាស​នេះ ធ្វើ​ឲ្យ​ត​ប្រទេស​ទាំងនោះ ចាប់អារម្មណ៍​ខ្លាំង ហើយ​ស្វះស្វែង​ចំណាយលុយ ទិញ​គ្រឿង​សឹក​ប្រភេទ​នេះ សម្រាប់​យកមក​ការពារ​ខ្លួន ទប់​ទល់នឹង​សង្គ្រាម​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ​។​


​ប្រទេស​ប៉ូឡូញ និង បណ្ដា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក បាន​ទាញ​មេរៀន នៅក្នុង​សង្គ្រាម​នេះ ដោយ​លើកឡើងថា គ្រឿង​សឹក​ទាំងនេះ ស្ថិតក្នុង​ចំណោម​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត នៅក្នុង​ការបញ្ឈប់​នូវ​ការវាយលុក​របស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន ហើយ​កំពុងតែ​បញ្ជា​ទិញ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ដ៏​ទំនើប រាប់រយ​គ្រឿង នៅក្នុង​តម្លៃ រាប់រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក ម៉ា​រុស ប្លា​សហ្សា​ក់ (Mariusz Blaszczak) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ប៉ូឡូញ បានប្រកាស កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ ថា គាត់​បានដាក់​សំណើសុំ​ទិញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ហ៊ី​ម៉ាស ចំនួន​៥០០​គ្រឿង រួមទាំង គ្រាប់រំសេវ ផងដែរ​។​

​ជាមួយគ្នានេះដែរ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ថា ប្រទេស​អេ​ស្ដូ​នី ក៏​នឹង​ទិញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ HIMARS ចំនួន​៦​គ្រឿង និង គ្រាប់រំសេវ មានតម្លៃ ៥០០​លាន​ដុល្លារ​។ មួយ​សប្ដាហ៍ ក្រោយមក ប្រទេស​ឡា​ត​វី (Latvia) ក៏បាន​ប្រកាស​ជា​សាធារណៈ សម្រាប់​សំណើ​ទិញ​គ្រឿង​សព្វាវុធ​ប្រភេទ​នេះ មានតម្លៃ​៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ស្របគ្នា​នេះដែរ ប្រទេស​លី​ទុយ​អា​នី ក៏​នឹងធ្វើ​ដូច្នោះ​ដែរ​។​


​លោក កូ​ស្ទី សាម (Kusti Salm) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អេ​ស្ដូ​នី បាន​ពន្យល់ អំពី​ការសម្របសម្រួល ទិញ​គ្រឿង​សឹក​ការពារ នៅក្នុង​តំបន់​នេះ​ថា «​បណ្ដា​ប្រទេស នៅក្នុង​តំបន់​បាល់​ទិ​ក នឹង​ក្លាយជា​ទីលាន​សមរភូមិ​សង្គ្រាម​តែមួយគត់​របស់​រុស្ស៊ី​»​។​

​ប្រទេស​ប៉ូឡូញ និង លី​ទុយ​អា​នី អាច​នឹងរង​ការវាយប្រហារ​ណាមួយ នៅលើ​ទឹកដី​របស់​ពួកគេ ចេញពី​ប្រទេស​បេឡា​រុស ដែលជា​សម្ពន្ធមិត្ត​តែមួយគត់​របស់​រុស្ស៊ី ហើយ​ទឹកដី​ទាំងនោះ ក៏​អាច​ប្រើប្រាស់ សម្រាប់​ការវាយប្រហារ ទៅលើ​ក្រុង​គៀវ ផងដែរ​។​


​សូមជម្រាបថា HIMARS នេះ អាច​បាញ់​គ្រាប់​រ៉ុក្កែត​នាំ​ផ្លូវ នៅក្នុង​ចម្ងាយ ចន្លោះ​ពី​៨០​ទៅ​១២០​គីឡូម៉ែត្រ​។ ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​នេះ មាន​បណ្ដោយ ៧​ម៉ែត្រ និង ទទឹង ២,៤​ម៉ែត្រ និង កម្ពស់ ៣,២​ម៉ែត្រ ហើយ​គ្រាប់​របស់​វា ជា​ប្រភេទ​មី​ស៊ី​ល​នាំ​ផ្លូវ​។ ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត HIMARS បាន​ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ទប់ទល់​មិន​ឲ្យ​កម្លាំង​ទាហាន​រុស្ស៊ី វាយ​រុលចូល​ទៅមុខ​បាន ហើយ​ថែមទាំង​មានលទ្ធភាព វាយប្រហារ​កម្ទេច ដល់ទី​តាំងរបស់​សត្រូវ យ៉ាង​មាន​ប្រសិទ្ធភាព​ថែមទៀត​ផង​៕​