សហរដ្ឋអាមេរិក កំណត់​គោលដៅ​លើ​ក្រុមហ៊ុន​ទាហាន​វ៉ា​គ​ណឺ​រ ជុំវិញ​មាស​ប្រឡាក់​ឈាម​នៅ​អាហ្វ្រិក​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការ​ផ្ទុះឡើង​នូវ​សកម្មភាព​បះបោរ​ប្រដាប់អាវុធ បង្កឡើង​ដោយ​កម្លាំង​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ នៅលើ​ទឹកដី​របស់​រុស្ស៊ី កាលពី​ប៉ុន្មាន​ថ្ងៃ​មុ​នេះ ហើយ​មេដឹកនាំ​របស់​ក្រុម​នេះ ក៏បាន​សម្រេច​និរទេស​ទៅកាន់​ប្រទេស​ឡា​រុស នោះមក សហរដ្ឋអាមេរិក កំពុងតែ​កំណត់​គោលដៅ ទៅលើ​សកម្មភាព​រ៉ែ​មាស នៃ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់លោក ព្រី​ហ្គោ​ហ្ស៊ី​ន​។​

​សារព័ត៌មាន Channel News Asia មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​សិង្ហ​បុរី បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៨ ខែមិថុនា ថា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ (​ទី​២៧) បានដាក់​ទណ្ឌកម្ម​ជាច្រើន ដោយមាន​គោលបំណង បង្អាក់​សកម្មភាព​រុក​រក​រ៉ែ​មាស នៅ​ទ្វីបអាហ្វ្រិក សម្រាប់​ការផ្តល់​មូលនិធិ ជួយ​ដល់​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner Group ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្តេជ្ញា ថា នឹង​រក្សា​ពួក​ទាហាន​ស៊ីឈ្នួល​ទាំងនេះ ឱ្យទទួល​ខុសត្រូវ ចំពោះ​ការរំលោភបំពាន​ជាច្រើន ក្រោយពេល​ពួកគេ បាន​ងើប​បះបោរ​ឡើង ដោយ​ប្រដាប់អាវុធ​ធុន​ធ្ងន់ នៅក្នុង​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា​។​

​វិធានការ​នានា ប្រឆាំងនឹង​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner ត្រូវបាន​គ្រោងទុក តាំង​ពីមុន​មកហើយ ប៉ុន្តែ​សកម្ម​ភា​ពេះ បាន​ផ្អាក​ទៅវិញ​មួយរយៈ​ពេល​ខ្លី ស្របពេល​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក បាន​ព្យាយាម បញ្ចៀស​នូវ​ការ​លេចមុខ ជួយ​គាំទ្រ​ដល់​ភាគី​ណាមួយ នៅក្នុង​ការតស៊ូ​ប្រជែង​អំណាច រវាង​មេទាហាន​ស៊ីឈ្នួល លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) និង ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin)​។​

​ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក បានប្រកាស ដាក់ទណ្ឌកម្ម​ជាច្រើន ប្រឆាំងនឹង​ក្រុមហ៊ុន Midas Resources (​មី​ដាស រី​សស​) ដែល​កំពុងតែ​ប្រតិ​ប​ត្ដិ​ការរុករក​រ៉ែ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង ក្រុមហ៊ុន Diamville (​ឌី​យ៉ា​ម​វិល​ឡេ​) ដែលជា​ក្រុមហ៊ុន​ទិញ​មាស និង ពេជ្រ នៅក្នុង​ប្រទេស​អាហ្វ្រិក​មួ​យ​នេះ​។ ក្រុមហ៊ុន​ទាំង​២​នេះ ត្រូវបាន​គេ​រាយការណ៍ ថា កំពុងតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ព្រី​ហ្គោ​ហ្ស៊ី​ន​

​វិធានការ​ដាក់ទណ្ឌកម្ម​ទាំងនេះ នឹង​រារាំង​ដល់​ទ្រព្យសម្បត្តិ​ណាមួយ នៅលើ​ទឹកដី​របស់​សហ​រដ្ឋ​អាមេរិក និង ដាក់ទណ្ឌកម្ម លើ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​។ សហរដ្ឋអាមេរិក ក៏បាន​កំណត់​គោលដៅ លើ​ក្រុមហ៊ុន មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ ឈ្មោះ Industrial Resources General Trading (​អ៊ី​ន​ដាស​ស្ត្រៀ​ល រី​សស ជេ​ណឺ​រ៉​ល ត្រេ​ឌី​ង​) ក្រោម​ការចោទប្រកាន់​ពីបទ​គ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់​ការជួញដូរ​របស់ Prigozhin នៅក្នុង​ក្រុមហ៊ុន Diamville ។​

​លោក ប្រ៊ៀ​ន ណែ​ល​សុន (Brian Nelson) មន្ត្រី​ទទួលបន្ទុក​លើ​ការដាក់ទណ្ឌកម្ម នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner Group តែងតែ​ផ្តល់​មូលនិធិ ជួយ​ដល់​ប្រតិបត្តិការ​ដ៏​ឃោរឃៅ មួយផ្នែក​របស់ខ្លួន សម្រាប់​ការកេងប្រវ័ញ្ច​ធនធានធម្មជាតិ នៅក្នុង​ប្រទេស​ជាច្រើន មានដូចជា សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង ប្រទេស​ម៉ាលី​…​ជាដើម​។ សហរដ្ឋអាមេរិក នឹង​បន្ត​កំណត់​គោលដៅ​លើ​លំហូរ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Wagner Group សម្រាប់​ការកាត់បន្ថយ​នូវ​ការពង្រីក​អំពើហិង្សា​រប​ស់​ក្រុមហ៊ុន​ទា​ហា​ស៊ីឈ្នួល​មួយ​នេះ នៅក្នុង​ទ្វីបអាហ្វ្រិក អ៊ុយ​ក្រែ​ន និង កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​»​។​


​ក្រុម Wagner Group ក្លាយជា​ក្រុមហ៊ុន​ចុះកិច្ចសន្យា ដោយ​របប​យោធា នៅ​ទ្វីបអាហ្វ្រិក ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​អំពើហិង្សា និង ការ​លុកលុយ​របស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ដោយ​លោក ព្រី​ហ្គោ​ហ្ស៊ី​ន បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី ពូ​ទីន ប្រើ​កម្លាំង​កាន់តែខ្លាំង​ឡើង​៕​