បាត់​ខ្លួន​សេដ្ឋី​ចិន​ម្នាក់ កំពុងតែ​បង្ក​ការព្រួយបារម្ភ ពី​ការបង្ក្រាប​របស់​ក្រុង​ប៉េកាំង​

ព័ត៌មានអន្តរជាតិ
0
51


​រដ្ឋធានី​ប៉េកាំង​៖ ម្ចាស់​ធនាគារ​វិនិយោគ​ដ៏​ល្បីល្បាញ​ម្នាក់ នៅក្នុង​ប្រទេស​ចិន ត្រូវបាន​ក្រុមហ៊ុន China Renaissance Holdings Ltd របស់គាត់ រាយការណ៍ ថា ក្រុមហ៊ុន មិនអាច​ទាក់ទង​ទៅកាន់​លោក​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ខ្លួន អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ ហើយ​នេះ​ជាការ​បាត់​ខ្លួន​ចុងក្រោយ​របស់ នាយក​ប្រតិបត្តិ​អាជីវកម្ម​កំពូល​ម្នាក់ នៅក្នុង​ប្រទេស​ចិន​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ ទី​20 ខែកុម្ភៈ ឆ្នាំ​២០២៣ ថា ក្រុមហ៊ុន បានបញ្ជាក់ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ទីផ្សារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា លោក បាវ ហ្វា​ន់ (Bao Fan) ប្រធាន និង នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន China Renaissance Holdings (​ឆាយ​ណា រេ​ណាសសា​នស៍​) មិនអាច​ទាក់ទង បាន អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ​។​
​លោក Bao ជា​ឈ្មួញកណ្តាល​ចែកចាយ​ឈានមុខ​គេ នៅក្នុង​ប្រទេស​ចិន ដោយមាន​អតិថិជន​របស់គេ រួមមាន ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល Didi (​ឌី​ឌី​) និង Meituan (​មេ​ធួន​) ជាដើម​។ ការប្រកាស​របស់​ក្រុមហ៊ុន​របស់គាត់ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ជាថ្មី អំពី​ការបង្ក្រាប​ដ៏​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រឆាំងនឹង​ប្រធាន​ក្រុមហ៊ុន អាជីវកម្ម និង បច្ចេកវិទ្យា​។​

​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន ឆាយ​ណា រេ​ណាសសា​នស៍ (China Renaissance) បាន​ធ្លាក់ចុះ​នៅក្នុង​ការជួញដូរ នៅ​ហុងកុង កាលពី​ថ្ងៃ​សុក្រ ក្រោយ​ការជូនដំណឹង​របស់​ក្រុមហ៊ុន ទៅកាន់​ទីផ្សារ​ភាគហ៊ុន ដោយបាន​អះអាង ថា ក្រុមហ៊ុន មិនអាច​ទាក់ទង​លោក Bao Fan ប្រធាន​ក្រុមហ៊ុន អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ​។​
​សេចក្ដីប្រកាស​នោះ បាន​បន្ថែម ថា ក្រុមហ៊ុន​មិនបាន​បញ្ជាក់ ថា តើ​លោក Bao បាន​បាត់​ខ្លួន ចាប់តាំងពី​ពេល ណា​មក​នោះដែរ​។ ប៉ុន្ដែ​បើតាម​សារព័ត៌មាន​ពាណិជ្ជកម្ម​ចិន Caixin (​កៃ​ស៊ី​) បាន​ដកស្រង់​ប្រភព ដែល​អះអាង ថា បុគ្គលិក មិនអាច​ទាក់ទង​ទៅ​នាយក​ប្រតិ​ប​ត្ដិ លោក Bao Fan អស់​រយៈពេល​២​ថ្ងៃ​មកហើយ​។​

​លោក បាវ ហ្វា​ន់ ( Bao Fan) ជា​ប្រធាន និង ជា​នាយក​ប្រតិ​ប​ត្ដិ បាន​បង្កើន​ក្រុមហ៊ុន China Renaissance នៅក្នុង​ឆ្នាំ​២០០៥ ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​។ ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន​មួយ​នេះ បាន​រីកចម្រើន​យ៉ាង ខ្លាំង រហូត​ក្លាយទៅជា​ស្ថាប័នហិរញ្ញវត្ថុ​កំពូល​មួយ នៅក្នុង​ប្រទេស​ចិន ដោយបាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង ការរួមបញ្ចូល​គ្នា រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយចំនួន​របស់​ប្រទេស​ចិន​៕


Advertising