ចិន តែងតាំង​វ៉ាំ​ង​យី មកកាន់​តំណែង​រដ្ឋមន្ដ្រី​ការបរទេស​ជាថ្មី​វិញ ក្រោយ​បាត់​មុខ​ប្រមុខ​ការទូត​ថ្មី​

ព័ត៌មានអន្តរជាតិ
0
0


​រដ្ឋធានី​ប៉េកាំង​៖ ក្រោយពេល​បាត់​មុខ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស ទើបនឹង​តែងតាំង​ថ្មី ពី​ក្រសែភ្នែក​របស់​សាធារណជន អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លងមក ប្រទេស​ចិន ក៏បាន​តែងតាំង​អតីត​ប្រមុខ​ការទូត លោក វ៉ាង យី ឲ្យ​ចូលមក​កាន់តំណែង​រប​ស់គា​ត់ ជាថ្មី​វិញ​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែកក្កដា ថា រហូតមកដល់​ថ្ងៃ​ពុធ នេះ នៅតែមាន​គេ​គិតពិចារណា ទៅលើ​លោក ឈិន ហ្កា​ង (Qin Gang) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន ក្រោយពេល​គាត់​ត្រូវបាន​ដកហូត ចេញពី​តំណែង កាលពី​ថ្ងៃ​អង្គារ​។ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិនបាន​ផ្ដល់​ហេតុផល​ណាមួយ ជុំវិញ​ការដកតំណែង​របស់លោក ឈិន ដែល​ត្រូវ​បានប្រកាស បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​ថ្ងៃ​អង្គារ​។ ចំណែក​អ្នក​ស្នង​តំណែង​របស់លោក ឈិន គឺ​លោក វ៉ាង យី (Wang Yi) អតីត​រដ្ឋមន្ដ្រីក្រសួង​ការបរទេស ត្រូវបានតែងតាំង​ឲ្យ​វិល​មកកាន់​តំណែង​នេះ​ជាថ្មី​វិញ​។​

​ភាព​ស្ងៀមស្ងាត់​ជា​ផ្លូវការ ជុំវិញ​ការបាត់​ខ្លួន​ដ៏​អាថ៌កំបាំង​របស់លោក ឈិន រហូតមកដល់​បច្ចុប្បន្ន កំពុងតែ​បង្កឱ្យមាន​ការរំពឹងទុក ទាំង​នៅក្នុង​ប្រទេស​ចិន និង ក្រៅប្រទេស​។ ទន្ទឹមគ្នា​នេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កាលពី​ថ្ងៃ​ពុធ បាន​ស្វែងរក និង រំពឹងទុក​ជុំវិញ​ការបណ្តេញ​លោក ឈិន ហ្កា​ង ចេញពី​តំណែង​ភ្លាមៗ​។​

​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ ចិន បានប្រកាស​យ៉ាងខ្លី​មួយ កាលពី​ថ្ងៃ​អង្គារ ថា សភា​ប្រជាជន​ចិន បាន​បោះ​ឆ្នោ​តែងតាំង​លោក វ៉ាង យី (Wang Yi) ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន​។​
ពាណិជ្ជកម្ម

​អ្នកសង្កេតការណ៍ បាន​អះអាង ថា វា​ជា​រឿង​មិនធម្មតា​ទេ ដែលមាន​ពាក្យ​ចចាមអារ៉ាម អំពី​មន្ត្រីជាន់ខ្ពស់​បែបនេះ ត្រូវបាន​ពិភាក្សា នៅលើ​បណ្ដាញ​អ៊ិន​ធើ​ណេ​តរបស់​ចិន ដោយ​គ្មាន​ការត្រួតពិនិត្យ​ពេញលេញ​។​

​លោក អ៊ា​ន ចុង (Ian Chong) ជា​អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​ប្រាប់ BBC កាលពី​សប្តាហ៍​មុន ថា «​អវត្តមាន​របស់​ប្រមុខ​ការទូត​ចិន ធ្វើឱ្យ​មនុស្ស​ឆ្ងល់ ថា​តើ​វា​ជា​ការពិត​ដែរឬទេ ចំពោះ​ពាក្យ​ចចាមអារ៉ាម អំពី​ការតស៊ូ​អំណាច អំពើពុករលួយ ការរំលោភបំពាន​អំណាច និង មុខតំណែង ហើយ​ទំនាក់ទំនង​ស្នេហា​»​។​

​លោក ឈិន ហ្កា​ង វ័យ​៥៧​ឆ្នាំ ត្រូវបាន​គេ​មើលឃើញ ថា ជាស​ហការី​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) និង ជា​មនុស្ស​ម្នាក់ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបានតែងតាំង ឱ្យ​កាន់តំណែង​កំពូល​វ័យក្មេង​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​។ កាលពី​ជាង​មួយខែ​មុន គាត់​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក លោក អេ​ន​តូ​នី ប្ល៊ី​ន​ខេន (Antony Blinken) នៅក្នុង​រដ្ឋធានី​ប៉េកាំង ខណៈ​ភាគី​ទាំងពីរ បាន​ស្វែងរក​នូវ​ការស្តារ​ទំនាក់ទំនង​ការទូត​កម្រិត​ខ្ពស់បំផុត ឡើងវិញ​។​

​លោក ដា​នី​យ៉ែ​ល រុស​សែ​ល (Daniel Russel) មកពី​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី​បាន​អះអាង ថា ការធ្លាក់​ពី​តំណែង​របស់លោក ឈិន ហ្កា​ង គឺ​មិន​នឹកស្មាន​ដល់ ហើយ​វា​ឆាប់រហ័ស​ពេក​។ ចាប់តាំងពី​សកម្មភាព​ទាំង​២ ត្រូវបាន​សន្មត​ថា ជា​មេដឹកនាំ​របស់​ប្រទេស​ចិន វគ្គ​នេះ នឹងត្រូវ​បាន​គេ​មើលឃើញ ថា វា​ជាការ​អាម៉ាស់​មួយ នៅក្នុង​ការវិនិច្ឆ័យ មកលើ​មន្ដ្រី​កំពូល​»​។​

​លោក ឈិន ហ្កា​ង បាន​បាត់​មុខ​ពី​ការងារ​ធម្មតា​របស់គាត់ អស់​រយៈពេល​១​ខែ ហើយក៏​បាន​ខក​ខា​តទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ ប៉ុន្ដែ​នៅក្នុង​កា​រប​ន្យ​ល់​យ៉ាងខ្លី មិនបាន​បញ្ជាក់ អំពី​បញ្ហា​សុខភាព​នោះឡើយ ខណៈ​ជំនួប​ជាមួយនឹង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោក ចូសេប ប័​រ​រ៉ែ​ល (Josep Borrell) នៅ​ថ្ងៃទី​៤ ខែកក្កដា ត្រូវបាន​លុបចោល​គ្មាន​ការ​ប្រាប់​ពី​មូលហេតុ ទើប​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម កើត​ឡើងជា​ហូរហែ​៕​