អតីត​នាយករដ្ឋមន្ដ្រី​ថៃ ប្ដេជ្ញា​វិល ចូល​ស្រុក ធ្វើ បុណ្យ​ឲ្យ​ស​.​ពរ​បស់​អ្នកបើករថយន្ដ​ឲ្យ​គាត់​

ព័ត៌មានអន្តរជាតិ
0
12


​រាជធានី​បាងកក​៖ នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ ត្រូវបាន​ពួកយោធា ធ្វើ​រដ្ឋប្រហារ​បណ្ដេញ ចេញពី​អំណាច ដែល​កំពុងតែ​និរទេស​ខ្លួន ដោយ​ខ្លួនឯង ទៅ​រស់នៅ​ក្រៅប្រទេស តែងតែ​ព្យាយាម វិលត្រឡប់ មកកាន់​ប្រទេស​កំណើត​របស់គាត់​វិញ ជាច្រើនលើក​ច្រើនសា​មក ប៉ុន្ដែ​ឥឡូវនេះ គាត់​បាន​ប្ដេជ្ញា វិលត្រឡប់​ចូលមក​ប្រទេស​ថៃ ជាថ្មី ដើម្បី​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​របស់​អ្នកបើកបរ​រថយន្ដ​ផ្ទាល់ខ្លួន​របស់គាត់​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រលប់ ថ្ងៃ​អង្គារ ទី​២៥ ខែកក្កដា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ដ្រី​ថៃ បាន​ប្ដេជ្ញា នឹង​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​របស់​អ្នកបើកបរ​រថយន្ដ​ឲ្យ​គាត់​។​

​លោក វី​ឆៃ ឆាង​ឡេ​ក (Wichai Changlek) អតីត​អ្នកបើកបរ​រថយន្ដ​ផ្ទាល់ខ្លួន​របស់លោក ថាក់ស៊ីន បានទទួល​មរណភាព កាលពី​សប្ដាហ៍​មុន នៅក្នុង​វ័យ​៧៣​ឆ្នាំ​។ ពិធី​បុណ្យសព​របស់គាត់ បាន​ប្រារព្ធ​ធ្វើឡើង នៅ​ចន្លោះ​ពីថ្ងៃ​ទី​២០-២៤ ខែកក្កដា នៅក្នុង​វត្ដ​ខេ​ម៉ា​ភី​ថា​រ៉ា​ម រាជា​វ៉ូ​រ៉ាវី​ហាន ( Wat Khemaphitaram Rajaworaviharn) ស្ថិតក្នុង​ខេត្ត​នុ​ន​ថា​ប៊ូ​រី ប្រទេស​ថៃ​។​
ពាណិជ្ជកម្ម

​ក្រុមគ្រួសារ​របស់​ស៊ីណាវ៉ាត្រា រួមទាំង​លោកស្រី ផេ​ថុង​ថា​ន (Paetongtarn) និង លោកស្រី ភិន​ថុង​ថា (Pinthongta) ជា​កូនស្រី​របស់លោក ថាក់ស៊ីន ក៏បាន​ចូលរួម នៅក្នុង​ពិធី​បុណ្យសព​នោះ ផងដែរ​។ លោក ថាក់ស៊ីន បាន​ផ្ញើ​កម្រងផ្កា ហើយក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ជូន​ដល់​ក្រុមគ្រួសារ​របស់លោក វី​ឆៃ និង បាន​ជំរុញ​ឱ្យ​ពួកគេ រង់ចាំ​នូវ​ការ​ត្រឡប់​របស់គាត់ នៅមុន​ពេល​ពិធី​បូជាសព​នោះ​។ ដូច្នេះ​គាត់​អាច​នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​អ្នកបើករថយន្ដ​របស់​គាត់ ដោយផ្ទាល់​។​

​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នាយករដ្ឋមន្ដ្រី​ថៃ ត្រូវបាន​បណ្ដេញ​ចេញពី​អំណាច នៅក្នុង​រដ្ឋប្រហារ​យោធា នា​អំឡុង​ឆ្នាំ​២០០៦​។ ចាប់តាំងពី​ពេលនោះ រហូតមក គាត់​បានរស់នៅ​និរទេស​ខ្លួន ដោយ​ខ្លួនឯង នៅក្រៅ​ប្រទេស ដោយ​បានគេច​ចេញពី​ប្រទេស នៅមុន​ការកាត់ទោស​គាត់ ពីបទ​រំលោភបំពាន​អំណាច​។​


​លោក ថាក់ស៊ីន បាន​ថ្លែង ជាច្រើនលើក​ច្រើនសា​រួចមកហើយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ថា គាត់​ចង់​វិលត្រឡប់ មកកាន់​ប្រទេស​កំណើត​របស់គាត់ ហើយ​គាត់​ក៏បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ គាត់​សង្ឃឹម ថា នឹង​មក​វិល​មកកាន់​ប្រទេស​ថៃ នៅ​សប្ដាហ៍​នេះ ប៉ុន្ដែ​ក្រោយមក គាត់​បាន​ផ្ដាស់​ប្ដូរ​ចិត្ត​វិញ ដោយសារតែ​គាត់​មិន​ចង់​រំខាន ដល់ពេល​វេលា​មិនមាន​ភាពប្រាកដប្រជា​ខាង​នយោបាយ នៅក្នុង​ប្រទេស​ថៃ​។​

​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ (NACC) របស់​ថៃ បាន​ចោទប្រកាន់​ថាក់ស៊ីន ខណៈនោះ គាត់​ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី និង ជា​មេដឹកនាំ​គណបក្ស ថៃ រ៉ា​ក់​ថៃ ដែល​កំពុង​កាន់កាប់​អំណាច ថា គាត់​មិនបាន​បង្ហាញ អំពី​ទ្រព្យសម្បត្តិ មានតម្លៃ​ប្រហែល ២,៣៧​ពាន់​លាន​បាត (​ប្រាក់​ថៃ​) ឬ ស្មើនឹង​ប្រហែល​ជាង ៦៨,៦៦​លាន​ដុល្លារ​អាមេរិក​។​

NACC បាន​រកឃើញថា គាត់​បាន​ប្រើប្រាស់​បុគ្គលិក​ក្នុងស្រុក​របស់គាត់ រួមទាំង លោក វី​ឆៃ ជា​អ្នកបើកបរ​រថយន្ដ​ផ្ទាល់ខ្លួន ជា​ម្ចាស់​ភាគហ៊ុន​ប្រុក​ស៊ី ហើយ​បាន​ផ្ទេរ​ភាគហ៊ុន ដែល​គាត់​បាន​កាន់កាប់​ទៅឱ្យ​ជំនួយការ នៅក្នុង​ស្រុក​របស់គាត់ ដើម្បី​លាក់បាំង​កម្មសិទ្ធិ​របស់​គាត់​។ ការស៊ើបអង្កេត​បានបង្ហាញ​ថា លោក វី​ឆៃ មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Shinawatra មួយចំនួន រួមមាន​ភាគហ៊ុន ៣៤៦ ៥០០ នៅក្នុង​ក្រុមហ៊ុន Shinawatra Computer និង គមនាគមន៍ ហើយ​មាន​ភាគហ៊ុន ចំនួន ២៤ ៩៨៨ ៩៨៦ ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន Alpine Golf និង Sports Club ។​

​នៅក្នុង​អំឡុង​ឆ្នាំ​២០០១ លោក វី​ឆៃ បាន​ពន្យល់​ប្រាប់​ទៅដល់​តុលាការ​ធម្មនុញ្ញ ថា ភរិយា​របស់លោក ថាក់ស៊ីន គឺ​លោកស្រី ឃុន​យី​ង ផូ​ត​ចា​ម៉ាន ណា ភូម​បេ​ច​រ៉ា (Khunying Potjaman na Pombejra) បាន​ប្រាប់​គាត់ ថា លោកស្រី ចង់​ប្រើ​ឈ្មោះ​របស់គាត់ នៅក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន ដោយ​មិន​ពន្យល់​ពី​មូលហេតុ​នោះឡើយ​។​

​បើទោះជា​យ៉ាងណា នៅ​ទីបំផុត តុលាការ​បានសម្រេច ថា លោក​មហាសេដ្ឋី ជា​នាយករដ្ឋមន្ដ្រី មិនមាន​ចេតនា​ណាមួយ លាក់​ទ្រព្យសម្បត្ដិ​របស់គាត់​នោះឡើយ ហើយ​ទទួលស្គាល់ ថា វា​ជា​កំហុស​ដ៏​ស្មោះត្រង់​។ លោក ថាក់ស៊ីន ក៏បាន​ក្លាយជា​នាយករ​ដ្ឋ​មន្ត្រី នៅ​ឆ្នាំ​ដដែល​នោះ រហូតដល់​មាន​ការធ្វើ​រដ្ឋប្រហារ នៅក្នុង​ឆ្នាំ​២០០៦៕​