
គណបក្សភឿថៃអាចបំបែកភាពទាល់ច្រកក្នុងការបង្កើតរដ្ឋាភិបាលថៃ បន្ទាប់ពីជាប់គាំងអស់ជិត ១០០ ថ្ងៃ ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា ដោយ លោក ស្រេតថា ថាវីស៊ីន ដែលជាបេក្ខជនមួយរួបក្នុងចំណោម ៣ រូប របស់បក្សភឿថៃ បានទទួលការគាំទ្រពីសមាជិករដ្ឋសភានិងព្រឹទ្ធសភាច្រើនលើសតម្រូវការដែលទាមទារត្រឹម ៣៧៤ ប៉ុណ្ណោះ។
ជ័យជម្នះរបស់ ស្រេតថា ថាវីស៊ីន ជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២ ក្នុងចំណោមសមាជិកសភា និងព្រឹទ្ធសភាចំនួន ៧២៧ រូប ដែលមានវត្តមានក្នុងពេលប្រជុំនៅថ្ងៃទី ២២ សីហា បានបញ្ចប់ការរាំងស្ទះក្នុងការបង្កើតរដ្ឋាភិបាលថ្មីអស់ពេលជាយូរដែលលាយឡំដោយជម្លោះផ្លូវច្បាប់ជាច្រើន លើគណបក្សឈ្នះ ឆ្នោត។ នេះបើយោងតាម AP។
ក្រោយពីត្រូវបានសភាគាំទ្រ លោក Srettha បានអរគុណដល់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា រួមទាំងបានសន្យាកែលម្អជីវភាពប្រជាជនថៃទាំងអស់។
ពាណិជ្ជកម្ម
«ខ្ញុំនឹងខិតខំឱ្យបានខ្លាំងបំផុត។ បំភ្លេចចោលការអស់កម្លាំង នៅក្នុងអតីតកាល និងកែលម្អលក្ខខណ្ឌ រស់នៅរបស់ប្រជាជនថៃទាំងអស់»។ លោក Srettha នាយករដ្ឋមន្ត្រីជាប់ឆ្នោត បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែសីហា។
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីជាប់ឆ្នោតថៃ បានឆ្លើយសំណួរនឹងអ្នកសារព័ត៌មានថា លោកត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាប្រមុខរដ្ឋាភិបាលថៃថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
កន្លងមក សេដី្ឋថៃរូបនេះ ក៏ធ្លាប់បានប្តេជ្ញាកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមថៃ រួមទាំងកែលម្អជីវប្រជាជនខ្លួនឱ្យកាន់តែល្អប្រសើរឡើង។
