[wai id="5"]
[wai id="7"]
…ពីមុនៗមកបញ្ហាក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសមួយចំនួនបានប្រឹងប្រែងរិះរកនូវការធ្វើពិសោធន៍ផ្សេងៗសំដៅរកវិធីព្យាបាលឲ្យបានជោគជ័យនូវជម្ងឺ ទឹកនោមផ្អែម។ ប៉ុន្តែរាល់ការប្រឹងប្រែងទាំងអស់នោះពុំទាន់ចេញជាលទ្ធផលគួរឲ្យរំភើបអ្វីនោះឡើយ។ ប៉ុន្តែថ្មីៗនេះអ្នកកើតជម្ងឺទឹកនោមផ្អែមបានទទួលនូវដំណឹង យ៉ាងរីករាយក្រៃលែងជុំវិញការស្រាវជ្រាវពិសោធន៍ទាំងអស់នោះ។Daily Mail បានចេញផ្សាយថា អ្នកវិទ្យាសាស្ត្រក្នុងក្រុង St Louis នៃរដ្ឋ Missouri សហរដ្ឋអាមេរិក បានព្យាបាលជំងឺទឹកនោមផ្អែមលើសត្វកណ្តុរជាលើកដំបូងបំផុតដោយជោគជ័យ ដោយប្រើកោសិកាបំប្លែងរបស់មនុស្សដើម្បីសម្លាប់ជំងឺទឹកនោមផ្អែម។ របកគំហើញនេះអាចផ្ដល់ក្ដីសង្ឃឹមថ្មីដល់មនុស្សជាង ៤២០លាននាក់ នៅជុំវិញពិភពលោក ដែលកំពុងតែកើតមានជំងឺទឹកនោមផ្អែម។ បច្ចេកទេសកោសិកានេះ ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ នៅឯសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន ដោយពួកគេបានទទួលជោគជ័យក្នុងការព្យាបាលជំងឺនៅក្នុងសត្វកណ្តុរបានយ៉ាងតិច ៩ខែ ហើយក្នុងករណីខ្លះរហូតដល់មួយឆ្នាំ។
ពាណិជ្ជកម្ម
កោសិកាដើមរបស់មនុស្សដែលត្រូវបានគេបំប្លែង បានអនុញ្ញាតឱ្យសត្វផលិតអាំងស៊ុយលីនដែលបំបែកជាតិស្ករក្នុងឈាមខ្ពស់។ ការពិសោធន៍បានមើលឃើញថា កម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេវិលត្រឡប់មករកកម្រិតធម្មតាវិញក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ ខណៈពេលដែលជំងឺទឹកនោមផ្អែមអាចត្រូវបានគ្រប់គ្រងតាមរយៈរបបអាហារ ការប្រើថ្នាំ និងរបៀបរស់នៅ ដោយមិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺនេះទេ។ ដូច្នេះអ្នកវិទ្យាសាស្ត្របានផ្លាស់ប្តូរកោសិកាដើមរបស់មនុស្សទៅជាកោសិកាផលិតអាំងស៊ុយលីន ដែលបន្ទាប់មកកោសិកានោះអាចជួយឱ្យសត្វកណ្តុរប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមនេះបាន។ វេជ្ជបណ្ឌិត Jeffrey R. Millman ជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ និងវិស្វកម្មជីវវិទ្យា បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖“សត្វកណ្តុរទាំងនេះមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជាមួយនឹងការវាស់ជាតិស្ករក្នុងឈាមលើសពី ៥០០មីលីក្រាម/ដេស៊ីលីត្រ នៃឈាម។ កម្រិតដែលអាចបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ហើយនៅពេលយើងឱ្យកោសិកាបំប្លែងនេះទៅក្នុងខ្លួនកណ្ដុរនៅក្នុងរយៈពេល ២សប្តាហ៍ កម្រិតជាតិគ្លុយកូសក្នុងឈាមរបស់ពួកគេបានវិលមករកភាពធម្មតាវិញ ហើយនៅដដែលអស់រយៈពេលជាច្រើនខែ។ បន្ទាប់ពីពួកគេបានរកឃើញវិធីផ្លាស់ប្តូរកោសិកាកាលពីប៉ុន្មានឆ្នាំមុន ពួកគេបានចំណាយពេលតាំងពីពេលនោះមកដើម្បីធានាថា កោសិកាដែលបានបំប្លែងគឺជាកោសិកាដែលពិតជាមានប្រយោជន៍សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។វេជ្ជបណ្ឌិត Jeffrey R. Millman បានពន្យល់ទៀតថា៖“បញ្ហាទូទៅមួយនៅពេលអ្នកព្យាយាមបំប្លែងកោសិកាដើមរបស់មនុស្សទៅជាកោសិកាបេតាផលិតអាំងស៊ុយលីន ឬណឺរ៉ូន ឬកោសិកាបេះដូង គឺអ្នកបានផលិតកោសិកាផ្សេងទៀតដែលអ្នកមិនចាំបាច់”។ក្នុងករណីកោសិកាបែតា យើងអាចទទួលបានកោសិកាលំពែង ឬកោសិកាថ្លើមប្រភេទផ្សេងទៀត។ កោសិកាឥតប្រយោជន៍កើនឡើងច្រើនប៉ុណ្ណា អ្នកនឹងទទួលបានកោសិកាចាំបាច់កាន់តែតិចទៅតាមហ្នឹង។ ហើយអ្នកត្រូវការកោសិកាបេតាចំនួនមួយពាន់លាន ដើម្បីព្យាបាលអ្នកជំងឺទឹកនោមផ្អែម។
ប៉ុន្តែប្រសិនបើកោសិកាមួយភាគបួននៃកោសិកាដែលអ្នកបានបង្កើត គឺកោសិកាថ្លើម ឬកោសិកាលំពែងដទៃទៀត ជំនួសឱ្យតម្រូវការកោសិកាជាក់លាក់ចំនួនមួយពាន់លាន់ អ្នកនឹងត្រូវការ ១.២៥ ពាន់លានកោសិកា។ ដូច្នេះវាធ្វើឱ្យការព្យាបាលជំងឺមានការលំបាកជាងមុន ២៥%។យ៉ាងណាក៏ដោយខណៈពេលដែលរបកគំហើញនេះពិតជាដំណឹងល្អ ប៉ុន្តែយើងនៅត្រូវការពេលវេលាដើម្បីអាចប្រើប្រាស់វិធីព្យាបាលបែបនេះលើមនុស្ស។ មានការសាកល្បងជាច្រើនដែលត្រូវធ្វើ ដើម្បីធានាថាការព្យាបាលមានប្រសិទ្ធភាព និងមានសុវត្ថិភាពសម្រាប់មនុស្ស។ ការព្យាបាលក៏ត្រូវធ្វើស្វ័យប្រវត្តិកម្ម ដើម្បីបញ្ចប់ការចាក់អាំងស៊ុយលីនទៀងទាត់ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវការ។ ជំហានបន្ទាប់សម្រាប់អ្នកវិទ្យាសាស្ត្រគឺសាកល្បងវាលើសត្វធំៗ និងជោគជ័យរយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយនេះនៅតែជាលើកទីមួយហើយ ដែលសត្វកណ្ដុរត្រូវបានព្យាបាលជាសះស្បើយពីជំងឺទឹកនោមផ្អែម ដែលពីមុនមកជំងឺនេះត្រូវបានគេចាត់ទុកថាមិនអាចព្យាបាលបាននោះទេ៕
[wai id="6"]