រុស្ស៊ី​ព្រមាន​ពី​សង្គ្រាមលោកលើកទី​៣ ណា​តូ​ដាក់ពង្រាយ​ទ័ព​រាប់សែន​នាក់​

ព័ត៌មានអន្តរជាតិ
0
162
ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels) ៖ ក្រោយពេល​មន្ដ្រី​កំពូល​រុស្ស៊ី បាន​គំ.រាមកំ.ហែង អំពី​ការផ្ទុះ​ស.ង្គ្រាមលោកលើកទី​៣​នោះ​ភ្លាម ប្រធាន​អង្គការ​ណា​តូ បានចេញ​មុខមក​ប្រកាស នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អំពី​ផែនការ​បង្កើន​កម្លាំង​ទ័ព​របស់ខ្លួន​រាប់សែន​នាក់ ដាក់​ឲ្យ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​។​

​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា បាន​ព្រ.មាន​ថា ការ​ជ្រៀតចូល​ណាមួយ​របស់​ណា​តូ ទៅលើ​ដែនដី​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បានដាក់​ជា​ឧបសម្ព័ន្ធ ដោយ​រុស្ស៊ី នឹងមាន​ផលវិបាក ប្រកបដោយ​គ្រោះមហន្ដ.រាយ​ដ៏​ខ្លាំងក្លា​បំផុត​។​

​លោក Dmitry Medvedev អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី និង ជា​ប្រធាន​បក្ស​រួបរួម​រុស្ស៊ី បាន​ប្រាប់​ដល់​សារព័ត៌មាន Moscow កាលពី​ថ្ងៃ​ចន្ទ ថា ឧបទ្វីប​គ្រី​មៀ នឹង​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី ជា​រៀងរហូត​។ ប្រសិនបើ​មានការ​ប៉ុនប៉ង​ណាមួយ ដោយ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​ណា​តូ ចូល​ទៅលើ​ឧបទ្វីប​នេះ នឹង​នាំទៅដល់​ការផ្ទុះ​ស.ង្គ្រាមលោក លើក​ទី​៣​។​


​សារព័ត៌មាន France 24 បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ថា លោក​អគ្គលេខាធិការ អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​បំផុត​របស់​ពិភពលោក បាន​អះអាង កាលពី​ថ្ងៃ​ចន្ទ ថា អង្គការ​ណា​តូ នឹង​បង្កើន​កម្លាំង សម្រាប់​កម្លាំង​ប្រតិកម្ម​រហ័ស​របស់ខ្លួន រហូតដល់​ជាង ៣០០ ០០០​នាក់​។ កម្លាំង​ទ័ព​នេះ បាន​កើនឡើង​ជិត​៨​ដង ហើយ​វា​ក៏​ជា​ផ្នែក​មួយ សម្រាប់​ការឆ្លើយតប​យ៉ាង​លឿន ចំពោះ «​យុគសម័យ នៃ​ការប្រកួតប្រជែង ជា​យុទ្ធសាស្ត្រ​នេះ​។ បច្ចុប្បន្ន កម្លាំង​ប្រតិកម្ម​របស់​អង្គការ​ណា មាន​ប្រហែល ៤០ ០០​នាក់ អាចដាក់​ពង្រាយ​យ៉ាង​រហ័ស ខណៈ​មាន​តម្រូវការ​ចាំបាច់​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jans Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បាន​បញ្ជាក់ថា វិធានការ​នេះ ជា​ផ្នែក​មួយ នៃ​«​ការរុះរើ​ផ្នែក​ការពារ និង ការទប់ស្កាត់​ដ៏​ធំ​បំផុត ចាប់តាំងពី​ស.ង្គ្រាមត្រជាក់​បាន​ផុតរលត់​មក​»​។ គួបផ្សំ​នឹង​វិធានការ​ផ្សេងៗ​ទៀត រួមទាំង​ការដាក់​ពង្រាយ​កងកម្លាំង ដើម្បី​ការពារ​សម្ពន្ធមិត្ត​ឲ្យ​ជាក់លាក់​ថែម​ទៀតផង​។​

​លោក​អគ្គលេខាធិការ អង្គការ​ណា​តូ បាន​អត្ថាធិប្បាយ គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ នៅ​ចុង​សប្តាហ៍​នេះ ស្ថិតក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ខណៈ​ប្រទេស ជា​សម្ពន្ធមិត្ត​ទាំង​៣០ ត្រូវ​រំពឹងថា​ចូលរួម ដោយ​នឹង​យល់ព្រម លើ​ការគាំទ្រ​បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម ប្រឆាំងនឹង​រុស្ស៊ី​។​

​លោក​អគ្គលេខាធិការ អង្គការ​ណា​តូ បាន​សង្កត់ធ្ងន់ ថា គាត់​រំពឹងថា ប្រទេស​ជា​សម្ពន្ធមិត្ត នឹង​ប្រាកដថា «​ពួកគេ​នឹង​ពិចារណា​យ៉ាងច្បាស់ លើ​រុស្ស៊ី ជាការ​គំរាមកំហែង​ដ៏​ខ្លាំងក្លា​បំផុត និង ដោយផ្ទាល់ ដល់​សន្ដិសុខ​របស់​យើង​»​។​


​លោក Stoltenberg បាន​បន្ថែមថា នៅក្នុង​គំនិត​យុទ្ធសាស្ត្រ​ថ្មី​របស់​អង្គការ​ណា​តូ សម្ពន្ធមិត្ត ក៏ត្រូវ​រំពឹងថា នឹង​ដោះស្រាយ ជា​លើកដំបូង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ បង្កឡើង​ដោយ​ប្រទេស​ចិន​។ គាត់​បានលើកឡើង​ទៀតថា នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ សម្ពន្ធមិត្ត​នឹង​ពិភាក្សា អំពី​របៀប​ឆ្លើយតប ទៅនឹង​ឥទ្ធិពល ដែល​កំពុង​កើនឡើង​របស់​រុស្ស៊ី និង ចិន នៅ​ប្រទេសជិតខាង ភាគខាងត្បូង​» របស់​ពួកគេ​។​

​ជាមួយគ្នានេះ លោក Stoltenberg ក៏បាន​សង្កត់ធ្ងន់ថា សម្ពន្ធមិត្ត​នឹង​យល់ព្រម​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​យោធា​បន្ថែមទៀត ជួយ​ដល់​អ៊ុយ​ក្រែ​ន ខណៈ​ពួកគេ​កោះប្រជុំ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​សមាជិក​ណា​តូ បានកំណត់ ដើម្បី​អនុម័ត «​កញ្ចប់​ជំនួយ​យ៉ាង​ធំ​» រួមទាំង​ការចែករំលែក​ប្រព័ន្ធ​ទំនាក់ទំនង​សុវត្ថិភាព និង ប្រព័ន្ធ​ប្រឆាំងនឹង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​។ ទន្ទឹមគ្នានេះ សម្ពន្ធមិត្ត ក៏​អាច​ផ្ទេរ​គ្រឿង​ចម្បាំង សល់​ពី​សម័យ​សហភាព​សូ​វៀត ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើ​ឲ្យ​អង្គការ​ណា​តូ មាន​គ្រឿង​សឹក សុទ្ធតែ​ទំនើបៗ​។​

​ប្រធាន​អង្គការ​ណា​តូ បានបញ្ជាក់​ពី​ការដាក់​កម្លាំង​ទ័ព​របស់ខ្លួន​រាប់សែន​នាក់ ឲ្យ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​នោះ គឺ​កើតឡើង ស្របពេល​លោក ឌី​មី​ទ្រី មេ​វេ​ដេ​វ អ​តី​ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ថា ស.ង្គ្រាមលោកលើកទី​៣ នឹង​ផ្ទុះឡើង ប្រសិនបើ​ប្រទេស​ណាមួយ​ជា​សមាជិក​របស់​អង្គការ​ណា​តូ លូកដៃ​ចូល​ពាក់ព័ន្ធ​នឹង​ដែនដី​ជ.ម្លោះ នៅ​តំបន់​គ្រី​មៀ​( Crimea)​។​
​សូមជម្រាបថា តំបន់​ឧបទ្វីប​គ្រី​មៀ ត្រូវបាន​រុស្ស៊ី រឹបអូស​យក មក​ដាក់​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន កាលពី​អំឡុង​ឆ្នាំ​២០១៤៕​