វិភាគ៖ តើចិនអាចនឹងវា.យលុកឈ្លា.នពា.នកោះតៃវ៉ាន់ ឬទេ?

ព័ត៌មានអន្តរជាតិ
0
173
ទីក្រុង​តៃប៉ិ​៖ រហូតមកដល់​ពេលនេះ ស្ថានការណ៍​កាន់តែ​ឡើងក​ម្ដៅ ក្រោយពេល​ចិន​បានធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត មិន​ធ្លាប់មាន​ពីមុនមក នៅ​ជុំវិញ​តៃវ៉ាន់ រហូត​ធ្វើ​ឲ្យ​ពិភពលោក កាន់តែ​ព្រួយបារម្ភ​ខ្លាំង​ឡើង ជុំវិញ​ផ្ទុះ​សង្គ្រាម​លុកលុយ ទៅលើ​ដែន​កោះ​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា ថា ចិន​បានធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ មិន​ធ្លាប់មាន​ពីមុនមក ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដោយមាន​ទាំង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក រាប់សិប​គ្រាប់ និង ដាក់ពង្រាយ​នូវ​យន្ដហោះ​ប្រយុទ្ធ និង នាវាចម្បាំង​រាប់សិប​គ្រឿង​បន្ថែមទៀត ដែលជា​ការឆ្លើយតប ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​ទីក្រុង​តៃប៉ិ​។​


​ក្រុង​ប៉េកាំង បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​ប្រ​ធានា​សភា​សហរដ្ឋអាមេរិក មកកាន់​តៃវ៉ាន់ ជា​«​ការបង្ក​ហេតុ​ដ៏​គ្រោះថ្នាក់​និង គ្មាន​ការទទួលខុសត្រូវ​» ពី​សហរដ្ឋអាមេរិក ប្រឆាំងនឹង​ប្រទេស​ចិន​។ ក្រុង​ប៉េកាំង បាន​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន បានចាប់ផ្តើម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយនឹង​បន្ដ រហូតដល់​ថ្ងៃអាទិត្យ ទី​៧ ខែសីហា​។ ចិន​មាន​គោលបំណង​បង្ហាញ អំពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន នៅក្នុង​ការថែរក្សា «​អធិបតេយ្យភាព និង បូរណភាព​ទឹកដី​» របស់ខ្លួន​។​

​សមយុទ្ធ​យោធា​របស់​ចិន បាន​បង្កើន​នូវ​ភាព​តានតឹង នៅក្នុង​តំបន់ ខណៈ​ប្រទេស​ជប៉ុន បាន​អះអាងថា កងទ័ព​ក្រុង​ប៉េកាំង បាន​បាញ់​មី​ស៊ី​ល ជាច្រើន​គ្រាប់ ធ្លាក់ចូល ទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន​។ ស្របគ្នា​នេះដែរ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់ «​អាស៊ាន​» ក៏បាន​ព្រមាន​ផងដែរ ថា ស្ថានភាព​តានតឹង​បែបនេះ អាច​នឹង​នាំ​ឲ្យ​មាន «​ការ​គណនា​ខុស ការប្រឈមមុខគ្នា​យ៉ាងធ្ងន់ធ្ងរ ហើយ​ជម្លោះ​ជា​ចំហ និង ផលវិបាក មិនអាច​ទស្សន៍ទាយ​ទុកជាមុន​បាន នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​មហាអំណាច​ធំៗ នៅលើ​ពិភពលោក​»​។​


​ដោយឡែក លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​អំពាវនាវ​ដល់​សហគម​ន៍​អន្ដរជាតិ ដើ​ម្ប​ជួយ​បញ្ចប់​នូវ​សកម្មភាព​យោធា «​ជា​ឯកតោភាគី និង មិន​សម​ហេតុផល​» របស់​ប្រទេស​ចិន​។ លោកស្រី ប្រធានាធិបតី ក៏បាន​សង្កត់ធ្ងន់ថា តៃវ៉ាន់​នឹងមិន​បង្កជម្លោះ​នោះឡើយ ប៉ុន្តែ​ក្រុង​តៃប៉ិ នឹង​ការពារ​នូវ​ដែន​អធិបតេយ្យភាព និង សន្តិសុខ​ជាតិ​របស់ខ្លួន​យ៉ាងរឹងមាំ​បំផុត​។​

​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន បាន​អះអាងថា តំបន់​បាញ់​គ្រាប់​ពិត និង ការធ្វើ​សមយុទ្ធ តាមផ្លូវ​អាកាស កំពុងតែ​ប្រ​ព្រឹ​ត្ដ​ឡើង នៅក្នុង​តំបន់​ចំនួន​៦ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដែលមាន​ចម្ងាយ​ប្រហែល ១៨០​គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​ចិន​។ នៅក្នុង​ការធ្វើ​សមយុទ្ធ​នោះ កងទ័ព​ចិន បាន​ប្រើប្រាស់​យន្ដហោះ ជាង​១០០​គ្រឿង រួមមាន យន្ដហោះ​ប្រយុទ្ធ យន្ដហោះ​ទម្លាក់​គ្រាប់បែក និង នាវាចម្បាំង ចំនួន​១០​គ្រឿង​។​


​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់ថា មី​ស៊ី​ល ចំនួន​១១​គ្រាប់ ដែល​គេ​ស្គាល់ ជា​កាំជ្រួច​បាលី​ស្ទិ​កដុង​ហ្វែ​ង (Dongfeng) បាន​បាញ់ នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា​នោះ​។ នៅ​ថ្ងៃ​ដំបូង​នៃ​សមយុទ្ធ​នេះ កម្លាំង​បាញ់​រ៉ុក្កែត​របស់​ចិន បាន​បាញ់​មី​ស៊ី​ល​ផ្លោង ជាច្រើន​គ្រាប់ ចូលទៅក្នុង​ដែនទឹក នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ជា​លើក​ទី​១ ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​។​

​ជប៉ុន បាន​បញ្ជាក់ថា យ៉ាងតិច​មី​ស៊ី​ល ចំនួន​៥​គ្រាប់ បាន​ធ្លាក់​ចូលទៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស (EEZ) របស់ខ្លួន ដែលជា​លាតសន្ធឹង ចម្ងាយ​៣៧០​គីឡូម៉ែត្រ ពី​ដែន​កំណត់​ខាងក្រៅ នៃ​ដែនទឹក​សមុទ្រ​ជប៉ុន​។ ចំណែក​ក្រុង​តូ​ក្យូ ក៏បាន​តវ៉ា​ផ្នែក​ការទូត​យ៉ាងខ្លាំង​ក្លា ប្រឆាំងនឹង​សកម្មភាព​យោធា​របស់​ក្រុង​ប៉េកាំង​។​


​អាជ្ញាធរ​តៃវ៉ាន់ បាន​ជំរុញ​ឲ្យ​កប៉ាល់ និង យន្ដហោះ​ទាំងអស់ ដែល​កំពុងតែ​ធ្វើដំណើរ នៅក្នុង​តំបន់​ទាំ​នេះ ត្រូវ​ផ្លាស់ប្ដូរ​ទិសដៅ​របស់​ពួកគេ​។ ជាមួយគ្នានេះ ការហោះហើរ​រាប់សិប​ជើង ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​តាវ​យួន (Taoyuan) ស្ថិតក្នុង​ទីក្រុង​តៃប៉ិ ក៏បាន​លុបចោល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា​។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air និង Asiana Airlines របស់​កូរ៉េខាងត្បូង ក៏​ត្រូវបាន​ពន្យារពេល​ហោះហើរ ទៅកាន់​តៃវ៉ាន់ នៅក្នុង​រយៈពេល​១ ឬ​២​ថ្ងៃ ដោយសារតែ​ការធ្វើ​សមយុទ្ធ​នេះ​។​

​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន មិន​ធ្លាប់មាន​ពីមុនមក ធ្វើឱ្យមាន​សំណួរ​ជាច្រើន លើកឡើង អំពី​ថា​តើ​ក្រុង​ប៉េកាំង មាន​គោលបំណង បើក​ការវាយលុក ចូលលុកលុយ​ទៅលើ​កោះ​តៃវ៉ាន់ ដែរ​ឬ​យ៉ាងណា​? កាសែត Global Times គ្រប់គ្រង​ដោយ​រដ្ឋ ដែល​កំពុង​ផ្សាយ​នូ​ការអត្ថាធិប្បាយ ពី​អ្នកជំនាញ បាន​ពណ៌នា អំពី​សមយុទ្ធ​នេះ​ថា ជាការ​ហាត់​សម សម្រាប់​«​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ​»​។​


​សារព័ត៌មាន Global Times បាន​ដកស្រង់​សម្ដី ពី​អ្នកវិភាគ​យោធា​ចិនដីគោក លោក សុង ហ្ស៊ុ​ន​ពីង (Song Zhongping) យកមក​ផ្សាយ​ថា «​នៅក្នុង​ព្រឹត្តិការណ៍ នៃ​ជម្លោះ​យោធា នាពេល​អនាគត វា​ទំនងជា​ថា ផែនការ​ប្រតិបត្តិការ ដែល​កំពុងតែ​ធ្វើ​សមយុទ្ធ នាពេលនេះ នឹងត្រូវ​បកប្រែ ដោយផ្ទាល់​ទៅជា​ប្រតិបត្តិ​ការប្រយុទ្ធ​»​។​

​ថ្វីបើ​មាន​វោហារសាស្ត្រ​បែបនេះ​ក្ដី ប៉ុន្ដែ​ក្រុម​អ្នកជំនាញ ភាគច្រើន បាន​អះអាងថា ទាំង​ចិន និង សហរដ្ឋអាមេរិក ពិតជា​មិន​ចង់​ឲ្យ​មាន​សង្គ្រាម នៅ​តៃវ៉ាន់ ផ្ទុះឡើង នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះឡើយ​។​

​លោកស្រី បូ​ន​នី ហ្គា​ស័​រ (Bonnie Glaser) នាយក​កម្មវិធី​អាស៊ី នៅ​មូលនិធិ German Marshall Fund របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា «​ប្រទេស​ចិន​កំពុងតែ​ស្វែងរក​ការព្រមាន​ដល់​សហរដ្ឋអាមេរិក និង តៃវ៉ាន់ ប្រឆាំងនឹង​ការចាត់វិធានការ​បន្ថែម រំលោភ​មកលើ​បន្ទាត់​ក្រហម​របស់​ចិន​»​។​


​លោកស្រី បាន​បន្ថែមថា ចិន កំពុងតែ​បង្ហាញ ពី​សមត្ថភាព​យោធា​របស់ខ្លួន ដើម្បី​រារាំង​ដល់​តៃវ៉ាន់​។ ដោយឡែក ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក៏​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​កើតឡើង ជាមួយនឹង​សហរដ្ឋអាមេរិក នោះដែរ​។ ប៉ុន្តែ​បើទោះជា​ប្រទេស​ចិន មាន​កម្លាំង​ប្រយុទ្ធ​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង បានធ្វើ​យោ​ធូប​នីយកម្ម​យោធា​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​យ៉ាងណាក្ដី ប៉​ន្ដែ​ការចង់​ដណ្តើម កាន់កាប់​តៃវ៉ាន់ ដោយ​ការប្រើប្រាស់​កម្លាំង​ទ័ព នឹង​នាំមក​នូវ​ហានិភ័យ​ខ្លាំង​បំផុត​។​

​បើតាម​ក្រុម​អ្នកសង្កេតការណ៍ បានឱ្យដឹងថា កម្លាំងយោធា​របស់​ចិន នឹងត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជាមួយនឹង​ទាហាន​ជាង ១០០ ០០០​នាក់ នៅក្នុង​អំឡុងពេល​ពួកគេ​ប្រឈមមុខ​នឹង​ការទម្លាក់​គ្រាប់បែក ពីលើ​អាកាស និង កងទ័ពជើងទឹក​។ ប្រសិនបើ​ទាហាន​អាចធ្វើ​ដំណើរ ទៅដល់​ច្រាំង​របស់​កោះ​តៃវ៉ាន់ ពួកគេ​នឹង​ជួប​ការពិបាក នៅក្នុង​ការចុះ​ចត ដោយសារ​ឆ្នេរសមុទ្រ​ដ៏​គ្រោះថ្នាក់ សម្រាប់​កងទ័ព​រថពាសដែក នាវា​ផ្ទុក​រថក្រោះ និង កាំភ្លើង​ធំ​។ ការ​លុកលុយ​នេះ នឹងមាន​ហានិភ័យ​ខ្ពស់ អាច​បង្កឱ្យមាន​ជម្លោះ កាន់តែ​រីកធំឡើង រវាង ចិន និង សហរដ្ឋអាមេរិក បន្ថែម​ទៀតផង​។​


​បើទោះជា​សហរដ្ឋអាមេរិក មិនបាន​ទទួលស្គាល់​តៃវ៉ាន់ ជា​ផ្លូវការ ក្លាយជា​រដ្ឋ​ឯករាជ្យ​យ៉ាងណាក្ដី ប៉ុន្ដែ​ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ ឆ្នាំ​១៩៧៩ ក្រុង​វ៉ាស៊ីនតោន មាន​កាតព្វកិច្ច​ជួយ​ដល់​ដែន​កោះ​មួយ​នេះ សម្រាប់​ការពារ​ខ្លួន​។ ចំណែក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) កាលពី​ខែឧសភា ឆ្នាំ​២០២២ បានស្នើ ដល់​ក្រុង​វ៉ាស៊ីនតោន ត្រូវតែ​ការពារ​តៃវ៉ាន់ ដោយ​ការប្រើប្រាស់​កម្លាំង នៅក្នុង​ករណី​មានការ​លុកលុយ​ពី​ចិន​។​

​លោកស្រី ជុន ទើ​ហ្វែ​ល ដ្រែ​យើរ (June Teufel Dreyer) សាស្ត្រាចារ្យ វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកលវិទ្យាល័យ​មី​យ៉ា​មី (Miami) សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា «​នេះ​ក៏​ដោយសារតែ​តៃវ៉ាន់ ជា​ផ្នែក​មួយ នៃ​ខ្សែសង្វាក់​កោះ​ទី​១ សម្រាប់​ការពារ​ប្រឆាំងនឹង​ការ​លុកលុយ ពី​កងទ័ព​រំដោះប្រជាជន​»​។​


​លោកស្រី បាន​បន្ថែមថា «​ក្រុម​អ្នក​យុទ្ធសាស្ត្រ​យោធា​ចិន បាន​សំដៅ ទៅលើ​តៃវ៉ាន់ ដោយ​ថា វា​ជា​ខែល​មួយ ស្ថិតក្នុង​ខ្សែសង្វាក់​រក្សា​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន នៅ​ពីក្រោយ​ខ្សែសង្វាក់​កោះ​ទី​១ ហើយ​ការកាន់កាប់​តៃវ៉ាន់ នឹង​មានន័យថា ការចូល​ទៅកាន់​កំពង់ផែ​ដ៏​សំខាន់បំផុត គឺ Kaohsiung ស្ថិតនៅ​ភាគខាងត្បូង តៃវ៉ាន់ និង ជា​ផ្លូវ​ចូលទៅ​កាន់​សមុទ្រ​ខៀវ​ប៉ាស៊ីហ្វិក ហើយ​កោះ Guam ជា​មូលដ្ឋាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក និង ពាក់​កណ្តាលផ្លូវ ទៅកាន់​កោះ​ហា​វ៉ៃ ថែម​ទៀតផង​»៕​