ស្ដ្រី​ទី​១​អ៊ុយ​ក្រែ​ន ចោទប្រកាន់​ទាហាន​រុស្ស៊ី ប្រើប្រាស់​ហិង្សា​ផ្លូវភេទ​ជា​អាវុធ​នៅក្នុង​សង្គ្រាម​

ព័ត៌មានអន្តរជាតិ
0
129


​រដ្ឋធានី​កៀវ​៖ សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) នៅក្នុង​មាន​សេចក្ដីរាយការណ៍ អំពី​ហិង្សា​ផ្លូវភេទ រាប់រយ​ករណី ហើយ​លោកស្រី​ទី​១​អ៊ុយ​ក្រែ​ន បាន​ចោទប្រកាន់​ទៅលើ​ទាហាន​របស់​ក្រុង​មូ​ស្គូ ពី​ការប្រើប្រាស់​សកម្មភាព​ដូច​សត្វ​ធាតុ​បែបនេះ ជា​អាវុធ សម្រាប់​ការធ្វើ​សង្គ្រាម ប្រឆាំងនឹង​ជន​ស៊ីវិល​។​

​សារព័ត៌មាន​របស់​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៩ ខែវិច្ឆិកា ថា លោកស្រី អូ​ឡែ​ណា ហ្សេ​ឡែ​ន​ស្កា (Olena Zelenska) ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) កាលពី​ថ្ងៃ​ចន្ទ បាន​ជំរុញ​ឲ្យ​មានការ​រួបរួមគ្នា​ជា​សកល​ឆ្លើយតប ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​ផ្លូវ ជា​អាវុធ នៅក្នុង​សង្គ្រាម ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។

​ថ្លែង​នៅក្នុង​សន្និសីទ​«​ស្ដី​ការទប់ស្កាត់​អំពើហិង្សា​ផ្លូវភេទ នៅក្នុង​គំនិត​ផ្តួចផ្តើម​លើ​ជម្លោះ​» នៅ​ទីក្រុង​ឡុង​ដ៍ លោកស្រី Zelenska បានបញ្ជាក់ ថា ការស៊ើបអង្កេត គ្រាន់តែ​ជា​ផ្នែក​តូច​មួយ នៃ​ចំនួន​ឧក្រិដ្ឋកម្ម​ពិតប្រាកដ ត្រូវបាន​ប្រព្រឹត្តឡើង នៅក្នុង​ជម្លោះ នៅ​អ៊ុយ​ក្រែ​ន​។ ឥឡូវ ក្រុម​រដ្ឋអាជ្ញា​ក្រុង​កៀវ កំពុងតែ​ស៊ើបអង្កេត ទៅលើ​បទឧក្រិដ្ឋ​ជាង​១០០​ករណី បង្កឡើង ដោយ​ទាហាន​រុស្ស៊ី​។​

​លោកស្រី បាន​សង្កត់ធ្ងន់ ថា «​មានឱកាស​ជាច្រើន សម្រាប់​អ្នក​ឈ្លានពាន បាន​ពង្រីក​ការ​បន្ទាប​ប​ន្ធោ​ក ដល់​ជនជាតិ​អ៊ុយ​ក្រែ​ន ដោយ​ការប្រើប្រាស អំពើហិង្សា​ផ្លូវភេទ និង ឧក្រិដ្ឋកម្ម​ផ្លូវភេទ ដែលជា​អាវុធ​របស់​ពួកគេ​។ អ្នក​គ្រប់គ្នា ដឹង​រួចមកហើយ អំពី​ចំនួន នៃ​ករណី​ចាប់រំលោភ​ដ៏​ច្រើន​នេះ ព្រោះ​ទាហាន​រុស្ស៊ី បានធ្វើ​ឡើងជា​ចំហ ជុំវិញ​បញ្ហា​អសីលធម៌​នេះ​។ ប៉ុន្ដែ​ជនរងគ្រោះ​ទាំងអស់ មិន​ហ៊ាន​និយាយ អំពី​សកម្មភាព​របស់​ទាហាន​រុស្ស៊ី ដោយសារ​ភ័យខ្លាច​ពួកគេ​វិលត្រឡប់ មក​ធ្វើ​រឿង​បែបនេះ​បន្ដទៀត​»​។​

​លោកស្រី​ទី​១ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​បន្ថែម ថា «​នោះ​ជា​អ្វី​ដែលមាន​សារសំខាន់​បំផុត សម្រាប់​ការទទួលស្គាល់​បញ្ហា​ទាំងនេះ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ត្រូវតែ​នាំ​ជនល្មើស យកមក​ផ្ដន្ទាទោស​។ ដូច្នេះ​ពិភពលោក ត្រូវតែមាន​ការឆ្លើយតប ចំពោះ​បញ្ហា​នេះ​។ ប៉ុន្ដែ​ជា​អកុសល ឧក្រិដ្ឋកម្ម​សង្គ្រាម​បែបនេះ នឹង​បន្ត​កើតមាន នៅក្នុង​ពិភពលោក ខណៈ​ទាហាន​គិតថា ពួកគេ​អាច​ប្រព្រឹត្តទៅបាន ដោយ​មិនមាន​ការដាក់ទោសទណ្ឌ​ណាមួយ​»​។​

​លោកស្រី Zelenska បាន​បន្ដ ថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បាន​បង្កើត​កម្មវិធី​ទ្រទ្រង់ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ពី​សង្គ្រាម​នេះ​។ លោកស្រី សង្ឃឹម ថា អាច​នឹង​ជា​ជំហាន​ទី​១ ឆ្ពោះ​ទៅដល់​ការស៊ើបអង្កេត និង កាត់ទោស​ដល់​ជនល្មើស​។​

​លោក ជេ​ម​ស៍ ក្លេ​វ័រ​លី (James Cleverly) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស កាលពី​សប្ដាហ៍​មុន បានប្រកាស​ផ្ដល់ជំនួយ​ថ្មី ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​រដ្ឋធានី​កៀវ ដោយ​រួមបញ្ចូល​ទាំង កិច្ច​គាំពារ​ដល់​ជនរងគ្រោះ ពី​អំពើហិង្សា​ផ្លូវភេទ បង្កឡើង​ដោយ​ទាហាន​រុស្ស៊ី ផងដែរ​៕​