សភា​រុស្ស៊ី​បើកភ្លើង​ខៀវ​ដល់​រដ្ឋាភិបាល បង្ខំ​ឲ្យ​ក្រុមហ៊ុន​ឲ្យ​ផលិត​យុទ្ធោបករណ៍ សម្រាប់​ជួយ​កងទ័ព​នៅក្នុង​សង្គ្រាម​

ព័ត៌មានអន្តរជាតិ
0
99
រដ្ឋធានី​មូ​ស្គូ​៖ រហូតមកដល់​ពេលនេះ សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ ហើយ​កាន់​តែមាន​សភាព​ខ្លាំងក្លា​ឡើង ហើយ​ការចំណាយ និង​ការខាតបង់ នឹង​កើនឡើង មាន​ទំហំធំធេង ទើប​សភា​ជាន់​ទាប​របស់​រុស្ស៊ី បាន​យល់ព្រម​ជា​ឯកច្ឆន្ទ បើកភ្លើង​ខៀវ ឲ្យ​រដ្ឋាភិបាល បង្ខំ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ផ្តល់​ទំនិញ និង​សេវាកម្ម​ផ្គត់ផ្គង់ ជួយ​ដល់​យោធា​រុស្ស៊ី ដែល​កំពុងតែ​ធ្វើសង្គ្រាម នៅក្នុង​ប្រទេសជិតខាង​របស់ខ្លួន​។

​សារព័ត៌មាន Euro News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​រុស្ស៊ី នឹង​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម នៅក្នុង​ស្រុក ត្រូវតែ​ផ្គត់ផ្គង់​នូវ​ទំនិញ​ផ្សេងៗ ជួយ​ដល់​កងទ័ព​។ សកម្មភាព​ទាំងនេះ បានកើត​ឡើង ក្រោយ​សភា​ជាន់​ទាប​របស់​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ បានអនុម័ត​ជា​ឯកច្ឆន្ទ លើកដំបូង នៅក្នុង​ប្រទេស​មហាអំណាច​យោធា​កំពូល​លំដាប់​លេខ​២ នៅលើ​ពិភពលោក​នេះ​។

​បើតាម​ច្បាប់​នេះ ក្រុមហ៊ុន​អាចមាន​សិទ្ធិ​បង្ខំ​ឱ្យ​បុគ្គលិក​របស់​ពួកគេ ធ្វើការ​ថែម​ម៉ោង ក្រោម​ច្បាប់​ចំនួន​ពីរ ដើម្បី​គាំទ្រ​ដល់​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ បុគ្គលិក នឹងត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង ទាំងយប់ ទាំង​ថ្ងៃ​សម្រាក ថ្ងៃបុណ្យ​ជាតិ និង មិនចាំបាច់​ឈប់សម្រាក​វិស្សមកាល​ប្រចាំឆ្នាំ ដើម្បី​ផលិត​ទំនិញ​ផ្គត់ផ្គង់​យោធា​។ ការសម្រេច​របស់​សភា​រុស្ស៊ី នេះ បានកើត​ឡើង ក្រោយពេល​បណ្ដា​ប្រទេស​បស្ចិម​លោក សម្រុក​បញ្ជូន​គ្រឿងយុទ្ធោបករណ៍ និង​សម្ភារ​សឹក ទៅ​ជួយ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។​


​លោក យូ​រី បូរី​សូវ (Yuri Borisov) ឧបនាយករដ្ឋមន្ដ្រី​រុស្ស៊ី បាន​បញ្ជាក់ថា «​បន្ទុក​លើ​ឧស្សាហកម្ម​ការពារជាតិ បាន​កើនឡើង​យ៉ាងខ្លាំង​។ ប៉ុន្ដែ​ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ និង គ្រាប់រំសេវ ចាំបាច់​ត្រូវតែ​បង្កើន​ឲ្យ​ប្រសិទ្ធភាព​ការងារ នៅក្នុង​ឧស្សាហកម្ម​យោធា និង​ឧស្សាហកម្ម ជា​ខ្សែសង្វាក់ នៃ​សហប្រតិបត្តិការ​នេះ​»​។​


​រុស្ស៊ី បាន​លើក​កងទ័ព វាយលុក​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ ដោយ​គោលបំណង​ដំបូង ប៉ុនប៉ង​ដណ្តើម​កាន់កាប់​រដ្ឋធានី​គៀវ (Kyiv)​។ ប៉ុន្ដែ​សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ បាន​ខាតបង់​យ៉ាង​ធំធេង ទាំង​កម្លាំង​ទ័ព និង គ្រឿង​សឹក ហើយ​ចុងក្រោយ ទើប​រុស្ស៊ី បាន​បង្វែរ​ទៅ​ដៅ​ទៅ​ភាគ​ភាគ​ខាងកើត ប្រទេស ហើយ​ដណ្តើមបាន​តំបន់ Luhansk កាលពី​ថ្ងៃអាទិត្យ ទី​៣ ខែកក្កដា​៕​