ផ្អើល​បណ្ដាញ​សង្គម រឿង​អ៊ុយ​ក្រែ​ន​វាយប្រហារ​លើ​ឃ្លាំង​អាវុធ នៅ​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
277
រដ្ឋធានី​កៀវ​៖ បន្ទាប់ពី​មានការ​បំផ្ទុះ​មាន​កម្លាំង​ដ៏​ខ្លាំងក្លា ឆេះ​ឃ្លាំង​អាវុធ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​រុស្ស៊ី នៅលើ​ទឹកដី​ឧបទ្វីប​គ្រី​មៀ នោះ​ភ្លាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅលើ​បណ្ដាញ​សង្គម អំពី​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​ចេញមុខ​ច្រានចោល ជុំវិញ​ការអះអាង​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា ថា មានការ​បំផ្ទុះ​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ រញ្ជួយ​ដល់​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី នៅ​គ្រី​មៀ ហើយ​ដុំ​ផ្សែង​បាន​ហុយ​ពាសពេញ​តំបន់​ទេសភាព កាលពី​ថ្ងៃ​អង្គារ ខណៈ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​គ្នា​។ អាជ្ញាធរ ប្រចាំ​តំបន់​របស់​រុស្ស៊ី បាន​អះអាងថា ការ​បំផ្ទុះ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saki) ស្ថិតនៅ​ឧបទ្វីប​គ្រី​មៀ គ្រប់គ្រង​ដោយ​រុស្ស៊ី បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និងជាច្រើន​នាក់​ផ្សេងទៀតរងរបួស​។​


​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បាន​បញ្ជាក់ថា «​មានការ​ផ្ទុះ​ឃ្លាំង​អាវុធ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saki) នៅ​ឆ្នេរសមុទ្រ​ខ្មៅ​។ ករណីនេះ មិនមែន​កើតឡើង ដោយសារ​ការបាញ់​ផ្លោង​នោះដែរ ប៉ុន្ដែ​វា​ជា​គ្រោះ​អគ្គិភ័យ​។
​ដោយឡែក​បណ្តាញ​សង្គម​នៅក្នុង​អ៊ុយ​ក្រែ​ន មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​សន្និដ្ឋានថា ការផ្ទុះ​ឃ្លាំង​អាវុធ​នេះ អាច​នឹងរង​នូវ​ការបាញ់ប្រហារ​ពី​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុយ​ក្រែ​ន​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី ពី​អ្នកឃើញ​ហេតុការណ៍ បាន​អះអាងថា ពួកគេ​បានឮ​សំឡេង​បំផ្ទុះ ចំនួន​១២​ដង នៅវេលា​ម៉ោង​៣ និង ២០​នាទី​រសៀល (​ម៉ោង នៅក្នុង​តំបន់ ចេញពី​មូលដ្ឋាន​កងទ័ពអាកាស នៅ​ជិត​ណូ​វ៉ូ​ហ្វែ​ដូ​រី​វ​កា (Novofedorivka) នា​ភាគ​ខាងលិច​ឆ្នេរ​ឧបទ្វីប​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី បានដាក់​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន នៅ​ឆ្នាំ​២០១៤ និង ប្រើប្រាស់ សម្រាប់​ជា​មូលដ្ឋាន​កងទ័ពអាកាស វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​ការឈ្លានពាន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។​



​នាយកដ្ឋាន​សុខាភិបាល​គ្រី​មៀ បាន​បញ្ជាក់ថា ការផ្ទុះ​ឃ្លាំង​អាវុធ​នេះ បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ម្នាក់ បាត់បង់​ជីវិត និង ៨​នាក់​ផ្សេងទៀត​រងរបួស​។​
​លោក ស៊ើ​រ​ជេ អាក​ស្យូ​ណូ​វ (Sergey Aksyonov) ប្រធាន​រដ្ឋបាល​តំបន់​គ្រី​មៀ (Crimea) បាន​បញ្ជាក់ថា រថយន្ត​សង្គ្រោះបន្ទាន់ និង ឧទ្ធម្ភាគចក្រ​ពេទ្យ បាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Saki ។ រីឯ​តំបន់​នេះ បាន​បិទ​ជិត នៅក្នុង​រង្វង់​៥​គីឡូម៉ែត្រ​។​



​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន មិនបាន​អត្ថាធិប្បាយ ដោយផ្ទាល់ អំពី​ការ​បំផ្ទុះ នៅក្នុង​សុន្ទរកថា តាម​វីដេអូ​ប្រចាំថ្ងៃ​របស់គាត់ កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា នោះឡើយ ប៉ុន្តែ​គាត់​បាន​និយាយថា ជាការ​ត្រឹមត្រូវ ដែល​មនុស្ស​កំពុងតែ​ផ្តោតទៅលើ​តំបន់​គ្រី​មៀ​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា «​យើង​នឹង​មិនដែល​បោះបង់ចោល​នូវ​ឧបទ្វីប​គ្រី​មៀ ហើយ​តំបន់​សមុទ្រ​ខ្មៅ​នេះ នឹងមិន​អាចមាន​សុវត្ថិភាព​នោះទេ ប្រសិនបើ​ឧបទ្វីប​មួយ​នេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​»​។ លោក​ប្រធានាធិបតី បាន​ថ្លែង​ជា​ដដែលៗ អំពី​គោលជំហរ​របស់​ក្រុង​កៀវ គឺថា ឧបទ្វីប​គ្រី​មៀ នឹងត្រូវ​វិលត្រឡប់​មក ក្រោម​ការគ្រប់គ្រង​រប​ស់អ៊ុយ​ក្រែ​នវិញ​៕​