ប៉ា​គី​ស្ថាន​កំពុងតែ​វណ្ឌ​ក​នឹង​បំណុល​ចិន ជួប​វិបត្ដិ​សេដ្ឋកិច្ច​ធំ តាម​លំ​អាន​ស្រីលង្កា​

ព័ត៌មានអន្តរជាតិ
0
230
​រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ រហូតមកដល់​ពេលនេះ ប្រទេស​ប៉ា​គី​ស្ថាន កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ជាមួយ​បំណុល​បរទេស មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយមាន​លំនាំ ដូច​ប្រទេស​ស្រីលង្កា ដែល​កំពុងតែ​តស៊ូ​យ៉ាង​លំបាក ពី​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​។​


​សារព័ត៌មាន The NewsXpress បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៨ ខែមិថុនា ថា បើតាម​កាសែត​អ៊ីតាលី អូស​ស៊ើ​រ​វ៉ា​តូ​រី​យ៉ូ ហ្គោ​បាលី​ស​ហ្ស៊ី​យ៉ុ​ន (Osservatorio Globalizzazione) បាន​រាយការណ៍​ថា សេដ្ឋកិច្ច​ដ៏​ផុយស្រួយ​របស់​ប្រទេស​ប៉ា​គី​ស្ថាន បានទទួល​រង​នូវ​ការធ្លាក់ចុះ​បន្ថែម​ផ្សេងទៀត កាលពីពេល​ថ្មីៗ​នេះ ខណៈ​ប្រទេស​ចិន បានទាមទារ​សំណង ចំនួន​៥៥,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គម្រោង​ខ្សែទឹក​ក្រូច (Lahore Orange Line) នៅក្នុង​ទីក្រុង​ឡា​ហ័​រ ខេត្ត​ផុន​ចាប (Punjab)​។​

​ជាមួយគ្នានេះដែរ នៅ​ចុងខែ​មីនា ទុនបម្រុង​ប្តូរប្រាក់​បរទេស កាន់កាប់​ដោយ​ធនាគារ​រដ្ឋ នៃ​ប្រទេស​ប៉ា​គី​ស្ថាន បាន​ធ្លាក់ចុះ ចំនួន ២,៩១៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​ការសង​បំណុល​ខាងក្រៅ​ប្រទេស​។ ដូច្នេះ ប៉ា​គី​ស្ថាន ប្រឈមមុខ​នឹង​អនាគត​សេដ្ឋកិច្ច​ដ៏​អាក្រក់ ដោយសារ​ទំនាក់ទំនង​វែងឆ្ងាយ​ជាមួយ​ចិន គួរ​ឲ្យ​ព្រួយបារម្ភ​។​


​កាសែត​អ៊ីតាលី Osservatorio Globalizzazione បាន​រាយការណ៍​ទៀត ថា ក្រុមហ៊ុន​ចិន សាជីវកម្ម​ឧ​ស្សហកម្ម​ផ្លូវដែក​ចិន​ខាងជើង ហៅ​កាត់ (CR-NORINCO) ដែល​បាន​សាងសង់​គម្រោង​ខ្សែទឹក​ក្រូច​ទីក្រុង​ឡា​ហ័​រ (Lahore Orange Line Project) រួចរាល់​ជា​ស្ថាពរ នៅក្នុង​ឆ្នាំ​២០២០ បានទាមទារ​ប្រាក់ ពី​អាជ្ញាធរ​ទីក្រុង Punjab សរុប ៤៥,៣​លាន​ដុល្លារ​អាមេរិក នៅ​ចុងខែ​មីនា ឆ្នាំ​២០២៣ ហើយ​លុយ​នៅសល់​១០,៥ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​សង នៅ​ចុងឆ្នាំ​នោះ​។

​ចិន បាន​ចរចា​យ៉ាង​លំបាក​ជាមួយ​ប៉ា​គី​ស្ថាន ខណៈ​និយាយ អំពី​ការសង​ប្រាក់កម្ចី​របស់ខ្លួន និង ការវិនិយោគ​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ នៅក្នុង​ឆ្នាំសារពើពន្ធ ២០២១-២០២២ ប៉ា​គី​ស្ថាន បាន​ចំណាយ​ប្រាក់ ប្រហែល​១៥០​លាន​ដុល្លារ បង់​ការប្រាក់​ទៅ​ឲ្យ​ប្រទេស​ចិន សម្រាប់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​របស់​ចិន ទំហំ​ទឹកប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នៅក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៩-២០២០ ប៉ា​គី​ស្ថាន បាន​បង់ប្រាក់ ចំនួន​១២០​លាន​ដុល្លារ សម្រាប់​ការប្រាក់ លើ​ប្រាក់កម្ចី ចំនួន​៣​ពាន់​លាន​ដុល្លារ​។​


​ការទាមទារ​របស់​ចិន សម្រាប់​ការទូទាត់​សង​ថ្លៃ គម្រោង​ខ្សែទឹក​ក្រូច Lahore ត្រូវបាន​ធ្វើឡើង នៅក្នុង​សប្តាហ៍​ទី​១ នៃ​ខែមេសា ឆ្នាំ​២០២២ ខណៈ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បែរ​របត់​នយោបាយ​ថ្មី ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី លោក សែ​ប៉ាស សារី​ហ្វ (Shehbaz Sharif) ទើបនឹង​ឡើងកាន់តំណែង​ថ្មី​។ ប៉ុន្ដែ​កាលពីដើម​ខែមីនា ឆ្នាំ​២០២២ ចិន​បាន​យល់ព្រម​តាម​សំណើ​របស់​ប៉ា​គី​ស្ថាន ដើម្បី​បង្វិល​សងបំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់ មាន​ទំហំ​ទឹក​ប្រកា់ ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់នូវ​ការសង្គ្រោះ​ដ៏​សំខាន់ សម្រាប់​សម្ពន្ធមិត្ត​រប​ស់​ខ្លួន​មួយ​នេះ​។​

​គម្រោង​មួយចំនួន​របស់​ចិន នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន កំពុង​ប្រឈម​នឹង​បញ្ហា នៅក្នុង​ការធានា​នូវ​ការធានារ៉ាប់រង សម្រាប់​ប្រាក់កម្ចី​របស់​ពួកគេ នៅក្នុង​ប្រទេស​ចិន ដោយសារតែ​បំណុល លើ​វិស័យ​ថាមពល​ដ៏​ធំ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ដែលមាន​ទឹកប្រាក់ ប្រហែល​១៤ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម​រិ​ក​។​


​ប៉ា​គី​ស្ថាន ត្រូវការ​ចំណាយ​ប្រាក់ ប្រហែល ១,៣​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​ថាមពល​ចិន ហើយ​រហូតមក​ដល់ពេលនេះ ក្រុង​អ៊ិ​ស្លាម​បាដ ទើបតែ​បង់​បាន​ចំនួន​២៨០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ជា​ឧទាហរណ៍​មួយទៀត ការចរចារ​ដ៏​លំបាក​របស់​ប្រទេស​ចិន ជុំវិញ​ការដោះស្រាយ​រូបិយវត្ថុ តាមរយៈ​ប្រទេស​ប៉ា​គី​ស្ថាន បាន​កត់ត្រា​យ៉ាង​ល្អ នៅក្នុង​ករណី នៃ​គម្រោង​ទំនប់​ដា​ស៊ូ (Dasu) ។ កាលពី​ឆ្នាំមុន ប្រទេស​ចិន បានទាមទារ​ប្រាក់​ចំនួន​៣៨​លាន​ដុល្លារ​អាមេរិក សម្រាប់​សំណង ជួយ​ដល់​គ្រួសារ​វិស្វករ ចំនួន​៣៦​នាក់ ដែល​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​ភេរវកម្ម ទៅលើ​ទំ​បន់ដា​ស៊ូ (Dasu) ។​

​ប្រាក់កម្ចី​យ៉ាងច្រើន យក​ពី​ប្រទេស​ចិន អា​រ៉ា​ប៊ី​សា​អូឌីត និង កាតារ ក៏ដូចជា ប្រាក់កម្ចី ចំនួន ១៣​កម្ចី ពី​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ហៅ​កាត់ IMF ក្នុង​រយៈពេល 30 ឆ្នាំ (​ជាមួយនឹង​កម្មវិធី​កម្ចី ភាគច្រើន ត្រូវបាន​ហៅថា ការបញ្ចប់​ពាក់​កណ្តាលផ្លូវ សម្រាប់​ការមិន​បំពេញ​លក្ខខណ្ឌ​កម្ចី​) គឺជា​មូលហេតុ​ចម្បង សម្រាប់​ការធ្លាក់ចុះ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។​

​ប្រាក់កម្ចី​៦​ពាន់​លាន​ដុល្លារ​របស់ IMF ឆ្នាំ ២០១៩ ក៏ត្រូវ​បាន​ផ្អាក ហើយ​ប្រទេស​ចិន បាន​ដោះស្រាយ​ជាមួយនឹង​ការស្នើសុំ​ជា​ញឹកញាប់​របស់​ប៉ា​គី​ស្ថាន ដើម្បី​ជួយ​ដល់​ប្រទេស​នេះ​។ បច្ចុប្បន្ននេះ ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ កំពុងតែ​ដើរ​តាមផ្លូវ​របស់​ប្រទេស​ស្រីលង្កា កំពុងតែ​រួមរឹត ដោយ​ប្រាក់​បំណុល​របស់​ប្រទេស រហូត​ធ្វើ​ឲ្យ​ប្រទេស​នៅលើ​ដែន​កោះ​មួយ​នេះ ប្រឈម​នឹង​វិបត្ដិ​សេដ្ឋកិច្ច ស្បៀងអាហារ និង ប្រេងឥន្ធនៈ​យ៉ាងធ្ងន់ធ្ងរ​បំផុត​៕​